ការពាក់គ្រឿងអលង្ការលើរាងកាយ គឺជារឿងធម្មតារបស់មនុស្សម្នាក់ៗជាពិសេសគឺស្ត្រី ដូចជាការពាក់ចិញ្ចៀន ក្រវិល ខ្សែ.ក ខ្សែដៃ និងកងដៃជាដើម។ ក្រៅជួយលើកសម្រស់របស់អ្នកពាក់ឱ្យកាន់តែស្អាត លេចធ្លោនោះ ការពាក់គ្រឿងអងលង្ការឱ្យបានត្រឹមត្រូវ និងត្រូវក្បួនខ្នាតអាចជួយលើករាសី ធ្វើឱ្យអ្នកកាន់តែមានសំណាងល្អ ព្រមទាំងមានប្រយោជន៍ចំពោះការបង្កើនសុខភាព និងលទ្ធភាពផ្លូវចិត្តជាច្រើនផងដែរ។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកក្បួនពាក់ចិញ្ចៀន មកជម្រាបមិត្តអ្នកអានឱ្យបានយល់ដឹងបន្ថែមទៀត ដែលពាក់លើម្រាមខ្លះថែមទាំងជួយធ្វើឱ្យអ្នកគ្មានស្នេហា ឆាប់មានគូផងដែរ ដូចជា៖

ការពាក់ចិញ្ចៀនសុទ្ធតែមានអត្ថន័យ

# ម្រាមមេដៃ

ម្រាមមេដៃ គឺតំណាងឱ្យកម្លាំង និងថាមពលនៃឆន្ទៈ និងការប្រាថ្នាចង់បានរបស់មនុស្សម្នាក់ៗ ជាពិសេសម្រាមដៃនេះក៏ជាម្រាមដៃដែលឯករាជ្យ និងនៅដាច់ដោយឡែកពីគេខុសពីម្រាមដៃដទៃទៀតផងដែរ។ ម្រាមមេដៃនេះ គឺមានទំនាក់ទំនងផ្សារភ្ជាប់ទៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗ និងជួយធ្វើឱ្យអ្នកមានថាមពល ឬមានការផ្លាស់ប្តូរផ្សេងៗក្នុងជីវិតឱ្យកាន់តែប្រសើរជាងមុន។

ដូច្នេះពេលដែលអ្នកពាក់ចិញ្ចៀននៅលើម្រាមមេដៃ វាអាចជួយបង្កើនថាមពលផ្លូវចិត្តឱ្យអ្នកកាន់តែមានកម្លាំងក្នុងការធ្វើអ្វីមួយដែលអ្នកប្រាថ្នាចង់ឱ្យធ្វើបានសម្រេចផងដែរ។

ចំណាំ៖ កាន់តែប្រសើរប្រសិនជាពាក់ចិញ្ចៀនត្បូងពណ៌ឈាមជ្រូក ឬក៏ត្បូងទទឹម។

ពាក់ចិញញចៀនលើមេដៃ

# ម្រាមចង្អុលដៃ

ម្រាមចង្អុលដៃ គឺតំណាងឱ្យអំណាច ភាពជាអ្នកដឹកនាំ និងមហិច្ឆតា។ ចង្អុលដៃ ក៏ជាកន្លែងដែលប្រមូលផ្តុំនូវអំណាច និងកម្លាំងថាមពលដ៏អស្ចារ្យដែរ ដែលសូម្បីតែសម័យកាលបុរាណ រាល់ស្តេចផែនដី ឬព្រះចៅអធិរាជ ក៏សុទ្ធតែមានពាក់ចិញ្ចៀននៅចង្អុលដៃដើម្បីបង្ហាញថា ទ្រង់ជាមនុស្សដែលមានសិទ្ធអំណាចលើគេ ដែលគ្រប់គ្នាត្រូវតែគោរព។

ដូច្នេះនៅពេលដែលអ្នកពាក់ចិញ្ចៀននៅលើម្រាមចង្អុលដៃ អាចជួយបង្កើនថាមពលអំណាច និងភាពជាអ្នកដឹកនាំរបស់អ្នកឱ្យកាន់តែខ្លាំងក្លាតែម្តង។

ចំណាំ៖ អំណាច និងភាពជាអ្នកដឹកនាំកាន់តែខ្លាំងក្លា គួរតែជ្រើសរើសចិញ្ចៀនពណ៌ខៀវទឹកសមុទ្រ និងត្បូងកណ្តៀងពណ៌ស្វាយ។

ពាក់ចិញ្ចៀនលើម្រាមចង្អូលដៃ

# ម្រាមដៃកណ្តាល ឬចង្អុលខ្មោច

ម្រាមដៃកណ្តាល តំណាងឱ្យភាពជាបុគ្គល ហើយវាក៏ទាក់ទងទៅនឹងគោលបំណងនៅក្នុងជីវិតរបស់មនុស្សដែរ ជាពិសេសគឺជួយឱ្យជីវិតរបស់យើងមានលំនឹង និងស្មើគ្នាល្អ។

ដូច្នេះការពាក់ចិញ្ចៀននៅលើម្រាមដៃកណ្តាលធ្វើឱ្យជីវិតរបស់អ្នកមានតុល្យភាព និងអាចស្គាល់ច្បាស់ពីអ្វីដែលខុស ឬត្រូវបានច្បាស់លាស់ល្អ។

ចំណាំ៖ យកល្អអ្នកអាចជ្រើសរើសចិញ្ចៀនដែលធ្វើអំពីត្បូង Quartz (ពណ៌ស.ភ្លឺថ្លា) និងត្បូង Coral (ភាគច្រើនមានពណ៌ក្រហម)។

ពាក់ចិញ្ចៀនម្រាមដៃកណ្តាល ឬចង្អុលខ្មោច​

# ម្រាមនាងដៃ

ម្រាមនាងដៃ គឺជាម្រាមដែលភ្ជាប់ទំនាក់ទំនងទៅកាន់បេះដូងរបស់មនុស្សម្នាក់ៗ ដែលជាហេតុធ្វើឱ្យម្រាមដៃនេះគឺតំណាងឱ្យស្នេហា និងក្តីស្រលាញ់ ហើយជាពិសេសមនុស្សគ្រប់គ្នាបានយកម្រាមដៃនេះជាកន្លែងសម្រាប់ពាក់ចិញ្ចៀនភ្ជាប់ពាក្យ និងចិញ្ចៀនរៀបការតែម្តង។ តែអ្វីដែលពិសេសទៀតនោះ ម្រាមដៃនាងមួយនេះ ក៏តំណាងឱ្យអារម្មណ៍រីករាយ រំជួលចិត្ត ការស្រលាញ់ និងមួយទៀតគឺភាពច្នៃប្រឌិតនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗផងដែរ។

ដូច្នេះក្រៅពីទុកសម្រាប់ពាក់ចិញ្ចៀនភ្ជាប់ពាក្យ និងរៀបការ មនុស្សធម្មតាអាចយកចិញ្ចៀនមកពាក្យលើម្រាមដៃនាងខាងស្តាំ ដើម្បីបង្កើនជំនឿចិត្តខ្លួនឯង និងមានក្តីសង្ឃឹមកាន់តែច្រើនឡើងនៅក្នុងជីវិតបាន។

ចំណាំ៖ អ្នកគួរតែជ្រើសរើសចិញ្ចៀនដែលធ្វើពីថ្លើមថ្ម(ពណ៌បៃតង) និងត្បូងហ្វែលស្បាថ (Moonstone ពណ៌សចែងចាំងពន្លឺឥន្ទនូ)។

ពាក់ចិញ្ចៀននាងដៃ

# ម្រាមកូនដៃ

ម្រាមកូនដៃ តំណាងឱ្យរាល់ទំនាក់ទំនងទាំងឡាយរបស់មនុស្សគ្រប់រូប ជាពិសេសគឺសម្រាប់ពិភពលោកខាងក្រៅផង និងតំណាងឱ្យអាកប្បកិរិយារបស់មនុស្សម្នាក់ៗចំពោះមនុស្សជុំវិញខ្លួនផងដែរ។

ដូច្នេះហើយការពាក់ចិញ្ចៀននៅលើម្រាមកូនដៃ អាចជួយធ្វើឱ្យទំនាក់ទំនងនៅក្នុងស្នេហា ការងារ និងការរកស៊ីរបស់អ្នកកាន់តែល្អជាងមុន រួមទាំងធ្វើឱ្យកប្បកិរិយាកាន់តែល្អប្រសើរ ផងដែរ។ ហើយអ្វីដែលកាន់តែពិសេសបំផុតនោះ អ្នកដែលគ្មានគូ ឬមិនមានស្នេហា ការពាក់ចិញ្ចៀនលើកូនដៃនេះ អាចជួយផ្តល់ឱកាសឱ្យអ្នករកគូបានឆាប់ៗ ឬអាចឆាប់រៀបការទៀតផង។

ចំណាំ៖ ដើម្បីឱ្យកាន់តែប្រសើរ អ្នកគួរតែជ្រើសរើសយកចិញ្ចៀនដែលធ្វើពីត្បូង Amber (មានពណ៌លឿង) និងត្បូងស៊ីទ្រីន (Citrine មានពណ៌លឿង ឬលឿងទុំ)៕ 

ពាក់ចិញ្ចៀនលើកូនដៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]