ជប៉ុន៖ ក្រុមការងារជប៉ុនមួយដែលកំពុងអភិវឌ្ឍ “ជណ្តើរយន្តឡើងលំហ” នឹងធ្វើការសាកល្បងក្នុងខែនេះ ដោយបាញ់បង្ហោះជណ្តើរយន្តប្រភេទតូច ឡើងទៅផ្កាយរណបដើម្បីធ្វើតេស្តបច្ចេកវិទ្យានេះដោយឧបករណ៍សម្រាប់ធ្វើតេស្តផលិតដោយក្រុមស្រាវជ្រាវនៅ សាកលវិទ្យាល័យ ស្ស៊ីហ្ស៊ូអ៊ឹកាក់ នឹងត្រូវដឹកដោយរ៉ុកកែត H-2B ដែលបាញ់បង្ហោះដោយទីភ្នាក់ងារអវកាសជប៉ុន ពីភាគខាងត្បូងកោះតាណិហ្គាស្ស៊ិម៉ា នៅសប្តាហ៍ក្រោយ។ 

ឧបករណ៍ធ្វើតេស្តដែលត្រូវបាញ់បង្ហោះតាមរ៉ុកកែត

ការធ្វើតេស្តនេះត្រូវប្រើជណ្តើរយន្តបញ្ឈរធុនតូច ដែលមានបណ្តោយ ៦ សង់ទីម៉ែត្រ ទទឹង ៣ សង់ទីម៉ែត្រ និងកម្ពស់ ៣ សង់ទីម៉ែត្រដូចគ្នា។ បើអ្វីៗដំណើរការល្អ វានឹងក្លាយជាភស្តុតាងបង្ហាញពីគំនិតនៃការធ្វើដំណើរតាមខ្សែកាបទំហំ ១០ ម៉ែត្រ ដែលព្យួរក្នុងលំហចន្លោះផ្កាយរណបពីរ ដែលជាអ្នកធ្វើឱ្យខ្សែកាបនៅតឹងល្អ ហើយកូនជណ្តើរយន្តនេះនឹងធ្វើដំណើរតាមខ្សែកាបពីថតខាងក្នុងផ្កាយរណបមួយក្នុងចំណោមផ្កាយរណបទាំងពីរ។ 

ជណ្តើរយន្តឡើងលំហដែលជប៉ុនគ្រោងសង់

“វានឹងក្លាយជាការពិសោធន៍ដំបូងបង្អស់ក្នុងលោក ដែលធ្វើតេស្តចលនាជណ្តើរយន្តក្នុងលំហ” អ្នកនាំពាក្យរបស់សាកលវិទ្យាល័យបានបញ្ជាក់ដូច្នេះកាលពីថ្ងៃអង្គារ ហើយចលនារបស់ជណ្តើរយន្តដើរដោយម៉ូទ័រនេះនឹងត្រូវត្រួតពិនិត្យដោយកាមេរ៉ាមួយចំនួនក្នុងផ្កាយរណប។ 

ជណ្តើរយន្តឡើងលំហដែលជប៉ុនគ្រោងសង់

ទោះយ៉ាងណា គេនៅត្រូវការពេលវែងឆ្ងាយទៀតដើម្បីសម្រេចគោលដៅបញ្ជូនមនុស្សឡើង “ស្ទុះវឹង-ដល់លំហភ្លែត” តាមជណ្តើរយន្ត ដែលជាក្តីស្រមៃក្នុងប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ ប៉ុន្តែឧបសគ្គផ្នែកបច្ចេកទេសនៅតែរារាំងផែនការនេះ មិនឱ្យឈានទៅមុខដល់ដំណាក់កាលអនុវត្តនៅឡើយ។ 

ជណ្តើរយន្តឡើងលំហដែលជប៉ុនគ្រោងសង់

យ៉ាងណាមិញ ក្រុមហ៊ុនសំណង់ជប៉ុន អូបាយ៉ាស្ស៊ិ ដែលសហការជាមួយសាកលវិទ្យាល័យខាងលើ កំពុងស្វែងរកវិធីថ្មីៗដើម្បីសង់ជណ្តើរយន្តឡើងលំហដែលអាចដាក់ភ្ញៀវទេសចរ និងសម្ភារជាច្រើនក្នុងឆ្នាំ ២០៥០។ ក្រុមហ៊ុនបានបញ្ជាក់ថា គេនឹងប្រើបច្ចេកវិទ្យាបំពង់កាបោនណាណូ ដែលរឹងមាំជាងដែកថែប ២០ ដង ដើម្បីសង់គ្រោងយោងកម្ពស់ជិត ១ សែនគីឡូម៉ែត្រផុតពីផែនដី។ បន្ថែមពីនេះ វាក៏ដើរតួជាផែសម្រាប់ដឹកជញ្ជូនអវកាសយានិកទៅភពអង្គារ និងឆ្ងាយហួសពីហ្នឹងផងដែរ។

រូបតំណាងពីដំណើរការជណ្តើរយន្តឡើងលំហ

តាមការគណនា គេត្រូវប្រើពេលប្រមាណ ២០ ឆ្នាំដើម្បីធ្វើខ្សែកាបដែលភ្ជាប់ចុងម្ខាងជាប់នឹងផែនដី ហើយដាក់ឱ្យតឹងជានិច្ច។ បើតាមផែនការ ខ្សែកាបទម្ងន់ ២០ តោនត្រូវដាក់ពង្រាយជាដំបូង រួចពង្រឹងឱ្យមាំជាងមុន ៥១០ ដងដោយជាងដែលឡើងទៅសង់រហូតដល់ ៧,០០០ តោន ហើយបន្តឡើងឥតឈប់ក្នុងរយៈពេលខ្ទង់ ១៨ ឆ្នាំ។ បន្ទាប់មកគ្រឿងបរិក្ខារផ្សេងៗអាចដឹកជញ្ជូនឡើងលំហ និងសង់រួចត្រឹមរយៈពេល ១ឆ្នាំ។

ជណ្តើរយន្តឡើងលំហដែលជប៉ុនគ្រោងសង់

ក្រុមហ៊ុនក៏បានឱ្យដឹងផងដែរថា ជណ្តើរយន្តនេះអាចដឹកអ្នកដំណើរម្តង ៣០ នាក់ និងធ្វើដំណើរក្នុងមួយសប្តាហ៍ជាមួយល្បឿន ២០០ គីឡូម៉ែត្រ/ម៉ោង ហើយឈប់នៅស្ថានីយមួយក្នុងកម្ពស់ ៣៦,០០០ គីឡូម៉ែត្រ។ អ្នកទេសចរអាចឡើងបានតែត្រឹមនេះទេ ខណៈអ្នកស្រាវជ្រាវ និងអ្នកឯកទេសអាចឡើងទៅដល់កំពូលតែម្តង។

ជណ្តើរយន្តឡើងលំហដែលជប៉ុនគ្រោងសង់

គួរបញ្ជាក់ថា គំនិតនេះត្រូវបានលើកឡើងជាលើកដំបូងក្នុងឆ្នាំ ១៨៩៥ ដោយអ្នកវិទ្យាសាស្ត្ររុស្ស៊ី Konstantin Tsiolkovsky ក្រោយពីគាត់ឃើញប៉ម Eiffel Tower ក្នុងក្រុងប៉ារីស៕ 

ជណ្តើរយន្តឡើងលំហដែលជប៉ុនគ្រោងសង់

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]