ក្រូអាត៖ បន្ទាប់ពីអវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងពិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតប្រចាំទ្វីបអឺរ៉ុបដែលបានរៀបចំឡើងដោយ UEFA កាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុនដែលមានខ្សែបម្រើ Luka Modric ជាអ្នកឈ្នះនោះបានធ្វើឱ្យគ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាតលោក Zlatko Dalic ក៏បានចូលរួមបញ្ចេញមតិដែរថា លោកមិនចង់បានកីឡាករឆ្នើមដូចជាខ្សែប្រយុទ្ធរូបនេះមកធ្វើជាកូនក្រុមនោះទេ ព្រោះលោកខ្លាចកីឡាករនេះល្មោភស៊ុតតែខ្លួនម្នាក់ឯងមិនខ្វល់ពីក្រុម។

Zlatko Dalic
Cristiano Ronaldo

គ្រូបង្វឹកដែលទើបនឹងជ្រើសរើសជាបេក្ខភាព៣នាក់ចុងក្រោយដោយសហព័ន្ធ UEFA ក្នុងនាមជាគ្រូបង្វឹកល្អប្រចាំឆ្នាំ ២០១៨នេះបានជួយឲ្យក្រុមជម្រើសជាតិក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ដោយលោកបានពណ៌នាថាអតីតខ្សែប្រយុទ្ធរបស់ក្លិប Real Madrid នេះគឺជាកីឡាករដែលអាត្មានិយមជ្រុល ហើយលោកក៏មិនចង់រូបគេមកចូលរួមជាមួយក្រុមក្រូអាតឡើយ។

គ្រូបង្វឹកវ័យ ៥១ឆ្នាំនេះបាននិយាយទៅកាន់ទូរទស្សន៍ Sportske Novosti បែបនេះថា៖ «Ronaldo គឺជាកីឡាករម្នាក់ដែលអាត្មានិយម ហើយខ្ញុំគ្មានថ្ងៃចង់បានរូបគេមកចូលរួមជាមួយក្រុមរបស់ខ្ញុំឡើយ។ គេជាប្រភេទកីឡាករដែលខ្ញុំគិតថា បើទោះបីជាក្រុមរបស់គេចាញ់ក៏ដោយ រឿងតែមួយគត់ដែលសំខាន់គឺថាគេព្យាយាមស៊ុតបញ្ចូលទីតែម្នាក់ឯងដោយមិនខ្វល់ពីកីឡាករណាម្នាក់នោះទេ»។ 

Cristiano Ronaldo

គួរឲ្យដឹងថា ពាក់ព័ន្ធទៅនឹងខ្សែបម្រើ Luka Modric ដែលជាអតីតមិត្តរួមក្រុមរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងក្លិប Real Madrid វិញលោក Dalic បានអបអរសាទរ និងនិយាយថាលោកមានមោទនខ្លាំងចំពោះការរក្សាចរិតឫកពារឲ្យនៅដដែលមិនផ្លាស់ប្ដូរទៅណា ទោះបីខ្សែបម្រើរូបនេះល្បីល្បាញនិងជោគជ័យយ៉ាងណាក៏ដោយ៕

Cristiano Ronaldo
Luka Modric

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]