ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា រដ្ឋាភិបាល​មានគំរោងសាងសង់ស្ពានមួយទៀត ភ្ជាប់ពីតំបន់កំពង់ផែភ្នំពេញនៃស្រុកកៀនស្វាយ ទៅ​កាន់ស្រុកល្វាឯម ក្នុងខេត្តកណ្តាលនាពេលខាងមុខ។

អគ្គនាយកនៃអគ្គនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក នូ វឌ្ឍនៈ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ក្រៅពីគំរោងសាងសង់ស្ពានក្តី​តាកុយ ទៅតំបន់អរិយក្សត្រក្នុងស្រុកល្វាឯម រដ្ឋាភិបាលនឹងសាងសង់ស្ពានមួយទៀតដែលតភ្ជាប់នៅមូលដ្ឋានខាងលើនេះ ដែលវាជាការតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣។ ប៉ុន្តែយ៉ាង​ណាក៏ដោយលោកមិនទាន់ បញ្ជាក់ឲ្យដឹងពីពេលវេលាសាងសង់ស្ពាននោះនៅឡើយទេ​។

លោកបន្តថា គំរោងសាងសង់ស្ពានក្តីតាកុយ ឆ្ពោះទៅតំបន់អរិយក្សត្រជាគំរោងស្ថិតក្នុងផ្លូវក្រវ៉ាត់ក្រុងទី២ ប៉ុន្តែគំរោងសាងសង់ស្ពានពីតំបន់កំពង់ផែស្វយ័តភ្នំពេញ ស្ថិតក្នុងស្រុកកៀនស្វាយ ទៅកាន់ស្រុកល្វាឯម ទើបជាគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលស្ថិតក្នុងផែនការសាងសង់នាពេលឆាប់ៗនេះ ព្រោះរដ្ឋាភិបាលបានចុះហត្ថលេខាទទួល​ឥណទា​ន​សម្បទានពីរដ្ឋាភិបាលចិន ក្នុងទឹកប្រាក់២៥៨លានដុល្លាររួចហើយ។

ផ្លូវក្រវ៉ាត់ក្រុងទី៣ដែលចេញមកពីតំបន់ទំនប់កប់ស្រូវ កាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ ផ្លូវលេខ១១០ និងឆ្ពោះមកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយដោយឆ្ពោះមក​កាន់តំបន់កំពង់ផែស្វយ័ត្នភ្នំពេញ។

បន្ទាប់ពីគេហទំព័រចុះផ្សាយពីគំរោងផ្លូវក្រវ៉ាត់ក្រុង និងការតភ្ជាប់ស្ពានពីជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ និងស្ពានពីក្តីតាកុយ ឆ្ពោះទៅតំបន់អរិយក្សត្រកាលពីចុងខែសីហាកន្លងមកនេះ បានធ្វើឲ្យតម្លៃដីនៅតំបន់នោះឡើងថ្លៃចន្លោះពី២០ ទៅ៤០ភាគរយ។​ នេះបើតាមអ្នករកស៊ីគួកជេដីនៅតំបន់នោះបញ្ជាក់ឲ្យដឹង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង​ បានមានប្រសាសន៍ឲ្យដឹងថា ហេតុផលដែលដីឡើងថ្លៃដោយសារកត្តាសំខាន់ៗជាច្រើ​នរួមមាន គំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល កំនើនប្រជាសាស្រ្តនៅតំបន់នោះ លំហូរវិនិយោគបរទេស និងកត្តាមិនអាចខ្វះបានគឺសន្តិភាព ស្ថេរភាពនយោ​បាយ និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា តម្លៃដីធ្លី​នៅក្រុងភ្នំពេញបានកើន៦,៦ភាគរយគិតជាមធ្យមក្នុងមួយឆ្នាំ៕

ប្រភព៖ Property area

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]