នារីៗយើងចាំបាច់ណាស់ ត្រូវតែមានគ្រឿងអលង្ការដើម្បីលម្អខ្លួនប្រាណ ដោយមិនអាចខ្វះបាននោះឡើយ។ ជាក់ស្តែងនៅលើដៃរបស់ស្រីៗ ប្រសិនបើមានខ្សែដៃតូចមួយលម្អនោះ គឺពិតកាន់តែលើកសម្រស់ពួកនាង ឱ្យកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀតជាក់ជាមិនខាន។

រូបតំណាង

ប៉ុន្តែមាននារីមួយចំនួន មិនទាន់បានដឹងច្បាស់ទេថា តើគួរជ្រើសរើសខ្សែដៃ ឬកងដៃដែលមានម៉ូតបែបណាខ្លះ ដើម្បីឱ្យមានភាពសាកសមទៅនឹងទំហំ ក ដៃរបស់ខ្លួន។

ដូច្នេះថ្ងៃនេះ សូមពាំនាំនូវតិចនិកមួយងាយៗចំនួន ៣ ចំណុចជូនសុភាពនារីទាំងអស់ ដើម្បីជាជំនួយដល់ការជ្រើសរើសឱ្យសាកសមជាមួយនឹង ក ដៃខ្លួន៖

១) សម្រាប់ ក ដៃធំ ដែលសម្បូរសាច់៖ នារីៗដែលមាន ក ដៃធាត់ៗ មូលៗ ដោយសារតែមានសាច់ច្រើន ឬឆ្អឹងធំ គួរជ្រើសរើសខ្សែដៃ ឬកងដៃដែលមានទំហំតូចល្មម ឬតូចឆ្មារ ដែលមានម៉ូត Cute Cute ពាក់នៅលើ ក ដៃរបស់អ្នក ព្រោះវាអាចជួយឱ្យដៃរបស់អ្នកមើលទៅតូចតាមខ្សែដៃ ឬកងដៃនោះដែរ។

ប្រការគួរចៀសវាង៖ មិនគួរពាក់ខ្សែដៃ ឬកងដៃ ដែលមានទំហំធំៗ ឬក្រាស់ៗខ្លាំងពេកទេ ព្រោះវានឹងកាន់តែបង្ហាញថា ដៃរបស់អ្នកកាន់តែធំ ព្រមទាំងចៀសវាងពាក់វាតឹងណែន ឬរឹតដៃខ្លាំងពេក យកល្អគួរបន្ថយគន្លឹះឱ្យមកនៅរលុងបន្តិចៗ ទើបអាចបន្ថែមភាពស្រស់ស្អាតខ្លាំង។  

រូបតំណាង

២) សម្រាប់ ក ដៃតូច ឬស្គម៖ ដៃប្រភេទនេះ យើងនឹងសម្គាល់ឃើញឆ្អឹងនៃកដៃបានច្បាស់លាស់ ដូច្នេះគួរពាក់ខ្សែដៃ ឬកងដៃ ដែលមានម៉ូតរាបស្មើ ឬខ្សែដៃណាដែលជាប្រភេទក្រាស់ៗដើម្បីលាក់ឆ្អឹង ក ដៃ របស់អ្នក។ 

មួយទៀតបើចង់ពាក់ខ្សែដៃ ឬកងដៃ ដែលមានទំហំតូចៗ គួរជ្រើសយកការលេងម៉ូតពាក់ឱ្យបានពីរខ្សែ ឬបីខ្សែឡើងទៅ ហើយរលុងៗបន្តិចផង។ ចុងក្រោយអ្នកក៏អាចជ្រើសរើសខ្សែដៃ ដែលមានរាងសំប៉ែតដូចជាខ្សែដៃធំៗ ឬខ្សែដៃគុជខ្យងឬអង្កាំក៏បានដែរ ប៉ុន្តែគួរតែសមនឹងកដៃផង ដូច្នេះដៃរបស់អ្នកនឹងមើលទៅមានភាពស្រស់ស្អាតខ្លាំងជាងមុន។ 

រូបតំណាង
រូបតំណាង

៣) សម្រាប់ដៃដែលស្រឡូនស្អាតស្រាប់៖ មនុស្សស្រីដែលមានដៃស្រស់ស្អាតបែបនេះហើយ មិនចាំបាច់បារម្ភពីការតុបតែងអ្វីច្រើនពេកនោះទេ ដោយងាយៗគ្រាន់តែយកចិត្តទុកដាក់ទៅលើម៉ូតរបស់វាបន្តិចតែប៉ុណ្ណោះ គឺត្រូវជ្រើសពាក់ឱ្យសមនឹងសម្លៀកបំពាក់ ព្រោះបើសម្លៀកបំពាក់ម៉ូតនេះ តែអ្នកបែរជាទៅពាក់ខ្សែដៃ ឬកងដៃម៉ូតនោះ ពិតជាមិនសាកសមឡើយ និងអាចទាញភាពស្រស់ស្អាតឱ្យអ្នកឱ្យធ្លាក់ចុះផងក៏អាចថាបាន។ 

រូបតំណាង

ពណ៌ស្បែក៖

ក្រៅពីយកចិត្តទុកដាក់ជាមួយនឹងទំហំដៃរបស់អ្នកហើយ ពណ៌សម្បុរស្បែកក៏មានសារៈសំខាន់ណាស់ដែរចំពោះនារីៗ ព្រោះនារីៗមានសម្បុរស្បែកមិនដូចគ្នាទេ អ្នកខ្លះខ្មៅ អ្នកខ្លះស ទៅតាមទីកន្លែងដែលពួកគេរស់នៅ។

រូបតំណាង

ដូច្នេះគួរតែ៖

- អ្នកស្បែកដៃខ្មៅ៖ គួរជ្រើសរើសកងដៃចម្រុះពណ៌ដូចជា ស ខ្មៅ លឿង ក្រហមជាដើមពាក់ចម្រុះគ្នាទើបមើលទៅមានភាពស្រស់ស្អាត។

រូបតំណាង

- អ្នកស្បែកដៃ ស៖ ថ្វីត្បិតតែពាក់អ្វីក៏ស្អាត តែគួរជ្រើសរើសប្រភេទកងដៃធំៗបន្តិច និងមានលាយពណ៌សខ្មៅផង ទើបបង្កើនសម្រស់កាន់តែស្អាត។

ឬម្យ៉ាងទៀត បើចង់លេងម៉ូតខ្លាំង គួរជ្រើសយកការលេងម៉ូតជាខ្សែដៃ ឬកងដៃពាក់នៅលាយឡំគ្នាផងដែរ ទើបមើលទៅមិនស៊ាំភ្នែក៕  

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]