ភ្នំពេញ៖ ប្រិយមិត្តដែលនិយមចូលចិត្តតាមដានអានសៀវភៅប្រលោមលោកខ្មែរមួយចំនួនធំ ប្រាកដជាធ្លាប់បានឮនិងបានស្គាល់ពីទឹកដៃនិពន្ធ របស់អ្នកនិពន្ធប្រលោមលោកខ្មែរជើងចាស់ល្បីឈ្មោះ អ្នកគ្រូ ម៉ៅ សំណាង ឬមានរហ័ស្សនាមថាអ្នកនិពន្ធ «ទន្សាយ»។

យ៉ាងណាមិញ ក្រោយពីបានជួបសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងអ្នកគ្រូ ថ្ងៃនេះផងដែរ ខ្មែរឡូត ក៏បានលើកយកមកនូវ រឿងផ្ទាល់ខ្លួនក៏គួរឲ្យចាប់អារម្មណ៍ទាំង៥ ដែលគ្រប់គ្នាមិនធ្លាប់បានដឹង ពីអ្នកគ្រូម៉ៅ សំណាង រហ័ស្សនាមថាអ្នកនិពន្ធ «ទន្សាយ» រូបនេះ ថាតើមូលហេតុអ្វីបានជាគាត់ដាក់រហ័ស្សនាមមួយនេះ? ហើយតើគាត់មានប្រវត្តិយ៉ាងណាខ្លះ?

កុំឲ្យខាតពេលយូរ តាមដានទាំងអស់គ្នា៖

១. ប្រវត្តិគ្រួសារ

អ្នកគ្រូ ម៉ៅ សំណាង រហ័ស្សនាម «ទន្សាយ» កើតនៅក្នុងឆ្នាំ១៩៥៩ ដោយមានស្រុកកំណើតនៅឯក្រុងព្រះសីហនុ។ អ្នកគ្រូមានបងប្អូនចំនួន៥នាក់ ដោយអ្នកគ្រូគឺជាកូនច្បងនៅក្នុងគ្រួសារ។ អ្នកគ្រូទទួលបានការសិក្សាកម្រិត ថ្នាក់ទី១ទំនើបជាតិ ក្នុងរបបសាធារណៈរដ្ឋ លុន នល់។ យ៉ាងណាមិញ ហេតុតែស្រលាញ់នូវវិស័យតែងនិពន្ធខ្លាំងមកដល់ឆ្នាំ១៩៨១ អ្នកគ្រូ ម៉ៅ សំណាង ក៏បានចាប់ផ្តើមនូវអាជីពជា អ្នកតែងនិពន្ធប្រលោមប្រលោក ហើយអ្នកគ្រូក៏បានព្យាយាមវិវត្តន៍ខ្លួនជារឿយៗ ជាមួយនឹងទឹកតែងនិពន្ធសាច់រឿងថ្មីៗ គួរឲ្យចាប់អារម្មណ៍ជក់ចិត្តរាប់សិបរឿង រហូតមានកេរ្តិ៍ឈ្មោះកាន់តែល្បីសុះសាយ ថែមទាំងធ្លាប់ទទួលបានមេដាយពីព្រះមហាក្សត្រ ព្រមទាំងពាន់រង្វាន់ទាំងក្នុងនិងក្រៅស្រុក ជាច្រើនទៀតផងដែរ។ មិនតែប៉ុណ្ណោះក្រៅពីសរសេររឿងប្រលោមលោក អ្នកគ្រូក៏ជាអ្នកតែងនិពន្ធរឿងភាគល្បីៗជាច្រើនសម្រាប់ ចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នានានៅក្នុងកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះផងដែរ។

គួរឲ្យដឹងផងដែរថា សព្វថ្ងៃនេះអ្នកគ្រូម៉ៅ សំណាង មានកូនស្រីតែម្នាក់គត់ដែលមានឈ្មោះថា ម៉ៅ ចាន់រស្មី ហើយអ្វីដែលធ្វើឲ្យអ្នកគ្រូកាន់តែមានមោទកភាពនោះ គឺកូនស្រីតែម្នាក់គត់របស់អ្នកស្រី ក៏បានឆ្លងឈាមជាអ្នកនិពន្ធដូចជាអ្នកស្រីផងដែរ។ ហើយបច្ចុប្បន្ននេះកូនស្រីរបស់អ្នកគ្រូ កំពុងព្យាយាមហ្វឹកហាត់ខ្លួន ដើរតាមគន្លងម្តាយដោយសន្សឹមៗ និងបានបង្កើតស្នាដៃនិពន្ធដែលជារបស់ខ្លួន បានមួយចំនួនហើយ។

អ្នកគ្រូ ម៉ៅ សំណាង និងកូនស្រី

២.មូលហេតុដែលផ្អាកបាត់មុខពីវិស័យនិពន្ធប្រលោមប្រលោក

ប្រឡូកក្នុងវិស័យតែងនិពន្ធជាង៣៨ឆ្នាំមកហើយ ប្រាកដណាស់មិនថាអ្នកណានោះទេ ប្រាកដជាធ្លាប់ជួបនូវផលវិបាក ឬឧបសគ្គណាមួយជាក់ជាមិនខាន។ ចំពោះប្រិយមិត្តមួយចំនួនធំ ដែលនិយមចូលចិត្តតាមដានអាវនូវស្នាដៃរបស់អ្នកគ្រូ ម៉ៅ សំណាង ប្រាកដជាបានជ្រាប ពីការខកខានបាត់មុខអ្នកគ្រូមួយរយៈធំប្រមាណជា១០ឆ្នាំ ពីក្នុងវិស័យនិពន្ធនេះ។

នេះបើយោងតាមការផ្តល់កិច្ចសម្ភាស៍ អ្នកគ្រូម៉ៅ សំណាងបានប្រាប់មកកាន់ខ្មែរឡូតថា មូលហេតុដែលអ្នកគ្រូសម្រេចចិត្តផ្អាកខ្លួន ពីវិស័យនិពន្ធប្រលោមលោក ប្រមាណជា១០ឆ្នាំមុននេះ គឺបណ្តាលមកការបាក់ទឹកចិត្តយ៉ាងខ្លាំង ដោយសារតែមូលហេតុមួយ។ ជាការពិតណាស់ អ្នកគ្រូម៉ៅ សំណាងធ្លាប់មានការបាក់ទឹកចិត្តជាខ្លាំង ចំពោះបុគ្គលមួយចំនួនដែលមិនផ្តល់តម្លៃទៅលើស្នាដៃនិពន្ធរបស់អ្នកគ្រូ ពោលគឺពួកគេបានកូពីចម្លងសៀវភៅ ដែលជាញើសឈាមរបស់អ្នកគ្រូខំនិពន្ធ យកទៅចែកចាយលក់ជាប្រយោជន៍ផ្ទាល់ខ្លួន ទាំងមិនបានទិញសិទ្ធិឬសុំការអនុញ្ញាតិពីអ្នកគ្រូ ដែលវាធ្វើឲ្យអ្នកគ្រូអស់កម្លាំងចិត្តជាខ្លាំង នៅក្នុងការតែងនិពន្ធសៀវភៅបន្តទៀត។ មិនតែប៉ុណ្ណោះ ក៏បណ្តាលមកពីបញ្ហាសុខភាពរបស់អ្នកគ្រូផងដែរ ដោយកាលពីមួយរយៈមុន អ្នកគ្រូបានឈឺធ្ងន់ រហូតត្រូវទម្លាក់បន្ទុកការងារចោលខ្លះ ដើម្បីសម្រាកមើលថែសុខភាពផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាអ្នកគ្រូក៏នៅតែបន្ត ការងារតែងនិពន្ធរឿងភាគ សម្រាប់ចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ជានិច្ច មិនដែលខានឡើយ។

អ្នកគ្រូ ម៉ៅ សំណាង រហ័ស្សនាមអ្នកនិពន្ធ «ទន្សាយ»

២. មូលហេតុដែលដាក់ឈ្មោះទន្សាយ

ពិតណាស់ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាធ្លាប់មានចម្ងល់ ពាក់ព័ន្ធទៅនឹងរហ័ស្សនាម «ទន្សាយ» ដែលអ្នកគ្រូ ម៉ៅ សំណាង តែងតែយកមកប្រើប្រាស់ជានាមនៅក្នុងវិស័យនិពន្ធ។ គួរឲ្យដឹងថា មូលហេតុដែលអ្នកគ្រូ ម៉ៅ សំណាង សម្រេចយកឈ្មោះ«ទន្សាយ» យកមកប្រើប្រាស់ គឺមានមូលហេតុចំនួនពីរ។ ដោយទី១ គឺដោយសារតែកាលពីជំនាន់មុន អ្នកនិពន្ធភាគច្រើន គេតែងលាក់នូវសមាសភាពពិតរបស់ខ្លួនឯង ដោយគេមិនសូវជាហ៊ានប្រើប្រាស់ ឬបញ្ចេញឈ្មោះពិតរបស់ប៉ុន្មាននោះទេ ពោលគឺគេតែងប្រើប្រាស់ជារហ័ស្សនាមមួយសម្រាប់ខ្លួនឯង។ ទី២ គឺមូលហេតុដែលអ្នកគ្រូសម្រេចដាក់ឈ្មោះថា «ទន្សាយ» គឺដោយសារតែសត្វទន្សាយ គឺជាសត្វមួយដែលមានប្រាជ្ញាឆ្លាតវៃជាងគេផងដែរ។

៤. មូលហេតុដែលនាំឲ្យជោគជ័យក្នុងវិស័យនិពន្ធ

អ្នកគាំទ្រតែងកោតសរសើរមិនដាច់ពីមាត់ ពីទឹកដៃនិពន្ធរបស់អ្នកគ្រូ ទន្សាយ ដោយរឿងដែលអ្នកគ្រូតែងនិពន្ធនីមួយៗ សុទ្ធសឹងតែរៀបចំសាច់រឿងបានល្អ មានភាពប្រទាក់ក្រឡាគ្នាយ៉ាងជក់ចិត្ត និងមិនធ្លាប់ធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។ ដូចនេះ តើមានតិកនិចអ្វីខ្លះ ដែលជម្រុញឲ្យអ្នកគ្រូមានភាពជោគជ័យក្នុងវិស័យនិពន្ធ និងអាចរក្សាកេរ្តិ៍ឈ្មោះបានល្អរយៈពេលជិត៤០ឆ្នាំមកនេះ?

ក្នុងនោះ អ្នកគ្រូ ទន្សាយ ក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ដែលអ្នកគ្រូធ្លាប់បានឆ្លងកាត់កន្លងមក ដោយបានលើកឡើងថា កត្តាធ្វើឲ្យមានភាពជោគជ័យ និងអាចរក្សាកេរ្តិ៍ឈ្មោះជាអ្នកនិពន្ធឲ្យបានគងវង្ស នោះគឺភាពមានទំនួលខុសត្រូវក្នុងការងារ។ ជាការពិតណាស់ បំណាច់ដែលយើងសម្រេចចិត្តទទួលការងារគេមកធ្វើហើយ គឺយើងត្រូវធ្វើឲ្យបានល្អ និងបានទាន់ពេលវេលា ដែលបានកំណត់ទៅតាមកិច្ចសន្យា។ យើងគួរតែចេះកំណត់ពេលវេលារបស់ខ្លួនឲ្យបានច្បាស់លាស់ ថាតើក្នុងមួយភាគយើងត្រូវសរសេរឲ្យចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃ? ហើយក្នុងមួយថ្ងៃយើងត្រូវកំណត់ពេលប៉ុន្មានម៉ោង នៅក្នុងការងារសរសេរនេះ? ។ល។

ទម្រាំដើរតែដើរមកដល់ចំណុចនេះ អ្នកគ្រូបានចំណាយពេលវេលាស្ទើរតែមួយជីវិតរបស់ខ្លួន ជាមួយនឹងការងារដែលអ្នកគ្រូស្រលាញ់បំផុត រហូតសូម្បីតែពេលអ្នកគ្រូឈឺធ្ងន់ គេងសម្រាកនៅលើគ្រែមិនអាចក្រោកដើររួច ក៏អ្នកគ្រូនៅតែព្យាមយាមតែងនិពន្ធរឿង ឲ្យខាងទូរទស្សន៍ ទាំងមិនបានសម្រាក ដោយសារតែពាក្យមួយម៉ាត់គឺ «ទំនួលខុសត្រូវ»។

អ្នកគ្រូ ម៉ៅ សំណាង រហ័ស្សនាមអ្នកនិពន្ធ «ទន្សាយ»

៥. ការងារសិល្បៈបច្ចុប្បន្ន

មិនថាយ៉ាងណា ក្រោយពីបញ្ហាសុខភាពមានលក្ខណៈធូរស្រាលច្រើន បច្ចុប្បន្ននេះអ្នកគ្រូ ម៉ៅ សំណាង ក៏បានវិលត្រឡប់មកកាន់ចុងប៊ិចជាថ្មី ជាមួយនឹងការឲ្យកម្លាំងយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកគាំទ្រ និងអតីតកូនសិស្សដែលអ្នកគ្រូធ្លាប់បានបង្រៀនជាច្រើនផងដែរ។

ហើយមកទល់ពេលនេះ អ្នកគ្រូកំពុងតែមមាញឹកខ្លាំង នៅក្នុងការតែងនិពន្ធខ្សែភាពយន្តភាគ ឲ្យស្ថានីយ៍ទូរទស្សន៍ល្បីៗជាច្រើន លើសពីនេះ អ្នកគ្រូក៏កំពុងតែមានគម្រោង សរសេររឿងស្នាដៃថ្មីមួយទៀត ដែលវាមានលក្ខណៈពិសេសត្រង់ លើកនេះមិនមែនអ្នកគ្រូនិពន្ធតែម្នាក់ឯងដូចរាល់ដងនោះទេ ប៉ុន្តែគឺជាការរួមដៃ គ្នាជាមួយអ្នកនិពន្ធជាច្រើននាក់ ច្របាច់សាច់រឿងបញ្ចូលគ្នាចេញជាសាច់រឿងតែមួយតែម្តង។

លើសពីនេះ អ្នកគ្រូក៏មានស្នាដៃជាច្រើនបន្តទៀត សម្រាប់អ្នកដែលតែងតែគាំទ្រអ្នកគ្រូ កន្លងមកផងដែរ៕

អ្នកគ្រូ ម៉ៅ សំណាង រហ័ស្សនាមអ្នកនិពន្ធ «ទន្សាយ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]