បើទោះបីជាប្រទេសកម្ពុជា គឺជាប្រទេសដ៏តូច និងកំពុងតែអភិវឌ្ឍន៍យ៉ាងណាក៏ដោយ តែពោរពេញដោយធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ដ៏ល្បីល្បាញរុងរឿងមិនតិចនោះទេ។ សម្បត្តិវប្បធម៌មួយចំនួនថែមទាំងបានចុះជាបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលរួមមានទាំងសម្បត្តិរូបិយ និងសម្បត្តិអរូបីយ៍។

ចង់ដឹងថាកម្ពុជាមានសម្បត្តិបេតិកភណ្ឌខាងផ្នែកអ្វីខ្លះមកតាមដានទាំងអស់គ្នា៖

១. ប្រាសាទអង្គរវត្ត

អង្គរវត្ត ជាប្រាសាទសាសនាដ៏ធំមួយក្នុងចំណោមសំណង់សាសនាដទៃៗទៀតលើពិភពលោក  ត្រូវបានសាងសង់ឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅសតវត្សរ៍ទី១២ ដែលជាសម័យចក្រភពរុងរឿងដ៏កំពូលមួយនៃកម្ពុជា ។ ប្រាសាទនេះមានក្បូរក្បាច់រចនាល្អពិចិត្រ និងមានឈ្មោះខ្ទរខ្ទារល្បីល្បាញសុះសាយគ្រប់ទិសទីលើពិភពលោក។

ប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកខាងផ្នែកវប្បធម៌រូបីយ៍ តាំងពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២។

ប្រាសាទអង្គរវត្ត

២.របាំព្រះរាជទ្រព្យ ឬរបាំអប្សរា

របាំព្រះរាជ្យទ្រព្យ ពីសម័យដើមឡើយគឺសម្រាប់សម្តែងដល់សែរាជវង្សខ្មែរតែប៉ុណ្ណោះ និងមានតួអង្គសម្តែងសុទ្ធតែជាមនុស្សស្រី។ របាំខ្មែរបុរាណមួយនេះមានក្បាច់ និងកាយវិការល្បីល្បាញខាងមានភាពទន់ភ្លន់ ល្វត់ល្វន់គួរឱ្យចង់គយគន់ ជាមួយនឹងសំលៀកបំពាក់ទ្រង់គ្រឿងដ៏ភ្លឺផ្លេកចែងចាំង។

របាំព្រះរាជទ្រព្យ បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយ៍ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០០៣។

របាំព្រះរាជទ្រព្យ ឬរបាំអប្សរា

៣.ល្ខោនស្រមោលស្បែកធំ

ស្បែកធំគឺជាទម្រង់សិល្បៈល្ខោនស្រមោលស្បែកដែលមានអាយុកាលជាយូរលង់ណាស់មកហើយហើយ ពោលគឺមុនសម័យចក្រភពអង្គរទៅទៀត។ សិល្បៈស្បែកធំដ៏អស្ចារ្យមួយនេះធ្វើការសម្តែងនៅក្នុងឱកាសធំៗ ៣ទៅ៤ដងក្នុងមួយឆ្នាំ ដូចជាកម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ឬជនល្បីៗ និងកម្មវិធីពិសេសៗជាច្រើនទៀត។

ល្ខោនស្រមោលស្បែកធំបានចូលឈ្មោះនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផ្នែកអរូបីយ៍ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥។

ល្ខោនស្រមោលស្បែកធំ

៤.ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏អស្ចារ្យគួរឲ្យស្ញប់ស្ញែង សាងសង់ឡើងប្រកបដោយក្បូរក្បាច់រចនាល្អប្រណីតលើកំពូលភ្នំដងរែក ដើម្បីឧទ្ទិសថ្វាយដល់ព្រះតេជបារមីរបស់ព្រះស្រីសិខារេស្វរៈ ឬអាទិទេពនៃកំពូលភ្នំ ព្រះឥសូរក្នុងសាសនាព្រាហ្មណ៍។ ប្រាសាទនេះធ្លាប់ត្រូវបានបារាំងដាក់អាណានិគម និងប្រគល់ឱ្យប្រទេសថៃកាន់កាប់ តែត្រូវទាមទារបានមកវិញពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាវីរក្សត្រខ្មែរព្រះបាទនរោត្តមសីហនុ។

ប្រាសាទព្រះវិហារ បានចូលជាសម្បត្តិវប្បធម៌ពិភពលោកផ្នែករូបីយ៍ នៅក្នុងថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨ (០៧/០៧/២០០៨)។

ប្រាសាទព្រះវិហារ

៥. ល្បែងទាញព្រ័ត្រ

ល្បែងប្រជាប្រិយខ្មែរមួយនេះ មានដើមកំណើតមកពីរឿង កូរសមុទ្រទឹកដោះ របស់ប្រទេសឥណ្ឌា នៅក្នុងគ្រាដែលកម្ពុជាបានទទួលឥទ្ធិពលពីសាសនាព្រាហ្មណ៍។ទោះជាយ៉ាងនេះក្តីល្បែងទាញព្រ័ត្រមួយនេះបានក្លាយទៅជាល្បែងដែលពេញនិយម និងចាក់ស្រេះនៅក្នុងសង្គមខ្មែរយ៉ាងជ្រៅតាំងពីសម័យកាលចក្រភពអង្គរមកម្ល៉េះ ថែមទាំងត្រូវបានរក្សាទុកជាល្បែងប្រជាប្រិយជាតិរហូតដល់បច្ចុប្បន្ន។

ល្បែងទាញព្រ័ត្រមួយនេះ បានចុះនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងថ្ងៃទី០២ ខែ ធ្នូ ឆ្នាំ ២០១៥។

ល្បែងទាញព្រ័ត្រ

៦. ឧបករណ៍ភ្លេងចាប៉ីដងវែង

ចាប៉ីដងវែង ឬចាប៉ី គឺជាឧបករណ៍តន្ត្រីដែលមានដងវែងហើយមានខ្សែ ២ ឬ ៤ ធ្វើពីខ្សែនីឡុង តែមានសំនៀងត្រឹមតែ ២ប៉ុណ្ណោះ។ តន្ត្រីមួយនេះប្រគំក្នុងវង់ភ្លេងប្រពៃណីបុរាណ វង្សភ្លេងអារក្ស វង់ភ្លេងមហោរី ជាពិសេសគឺសម្រាប់លេងកំដរក្នុងការសូត្រកំណាព្យ ដែលប្រែក្លាយទៅជាសិល្បៈចាប៉ីដងវែងដ៏ពេញនិយមមួយ។

ចាប៉ីដងវែង បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកផ្នែកអរូបីនៅថ្ងៃទី ៣០ ខែវិច្ឆិកា​ ឆ្នាំ២០១៦។

ឧបករណ៍ភ្លេងចាប៉ីដងវែង

៧. ក្រុមប្រាសាទសម្បូរព្រៃគុក

ក្រុមប្រាសាទសម្បូរព្រៃគុក ត្រូវបានគេស្គាល់ថាជាទីក្រុងឥសានបុរៈ ដែលជារាជធានីដំបូងដ៏រុងរឿងនៃអាណាចក្រចេនឡានៅចុងសតវត្សរ៍ទី ៦ និងដើមសតវត្សរ៍ទី៧ ពោលគឺមុនសម័យអង្គរ។ ប្រាសាទនេះបានសាងសង់ដោយព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ ៣ព្រះអង្គគឺ ព្រះបាទ ភវរ្ម័នទី១ ព្រះបាទ ស្រីមហេន្ទ្រវរ្ម័នចិត្រសេនា និងព្រះបាទឥសានវរ្ម័ន។

ប្រាសាទសម្បូរព្រៃគុក បានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកផ្នែកវប្បធម៌រូបីយ៍ នៅថ្ងៃទៅ ០៨ ខែកក្កដា ឆ្នាំ ២០១៧។

ក្រុមប្រាសាទសម្បូរព្រៃគុក

គួរឱ្យដឹងផងដែរថា ប្រទេសកម្ពុជាបានរៀបចំឯកសារដើម្បីធ្វើការស្នើសុំទៅអង្គការយូណេស្តូដើម្បីចាត់ចូលជាបញ្ជីសម្បត្តិវប្បធម៌បន្ថែមជាច្រើនទៀត ​ជាពិសេស គឺល្ខោនខោលដែលយុវជនខ្មែរកំពុងតែពុះកញ្ជ្រោលក្នុងសង្គមបច្ចុប្បន្ន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]