អាមេរិក៖ បើតាមការចុះផ្សាយរបស់សារព័ត៌មាន DailyMail របស់ចក្រភពអង់គ្លេសកាលពីម្សិលមិញ អ្នកវិទ្យាសាស្ត្របានបោះជំហានដ៏មានសារៈសំខាន់ ឆ្ពោះទៅរកការបង្កើតភ្នែកសិប្បនិម្មិតដំបូងបំផុតក្នុងលោក ដែលអាចជួយជនពិការភ្នែកទាំងស្រុង ឬពិការដោយផ្នែករាប់លាននាក់ ឱ្យមានឱកាសមើលឃើញពិភពលោកជាថ្មីម្តងទៀត ដោយគ្រាប់ចក្ខុសម្រាប់ជំនួសភ្នែកធម្មជាតិនេះ មានបីស្រទាប់ដែលអាចមើលឃើញបម្រែបម្រួលនៃកម្រិតពន្លឺបាន។

ភ្នែកសិប្បនិម្មិតគម្រូដំបូងបំផុតក្នុងលោក

គួរឱ្យដឹងថា កែវភ្នែកដែលធ្វើត្រាប់តាមមុខងារនៃរ៉េទីនដើម្បីស្តារចក្ខុវិញ្ញាណនេះ ដំណើរការបន្តកន្ទុយគ្នាជាមួយការបន្សាំមួយ ដើម្បីបម្លែងរូបភាពដែលវាឃើញ ឬចាប់បាន ឱ្យទៅជាសន្ទុះអេឡិចត្រូនិកសម្រាប់កោសិការ៉េទីន ដែលធ្វើឱ្យមានការបញ្ជូនសញ្ញានៃរូបភាពត្រឡប់ទៅខួរក្បាលវិញ។

ដោយប្រើការចាក់ពុម្ព 3-D អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Minnesota អាចផលិតភ្នែកគំរូដំបូងនេះ លឿនជាងការខិតខំប្រឹងប្រែងមុនៗ ដែលបណ្តុះក្តីសង្ឃឹមថាវាអាចជាដំណោះស្រាយផ្នែកពាណិជ្ជកម្មដ៏សំខាន់នៅថ្ងៃអនាគត។ ទោះយ៉ាងណា កាលបរិច្ឆេទនៃផលិតផលសម្រេចចុងក្រោយដែលត្រៀមរួចរាល់សម្រាប់អ្នកជំងឺ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

ការចាក់ពុម្ព 3-D ភ្នែកសិប្បនិម្មិតគម្រូដំបូងបំផុតក្នុងលោក

អ្នកស្រាវជ្រាវបានបញ្ជាក់ថា ជំហានបន្ទាប់គឺបង្កើតគ្រាប់ភ្នែកដែលមានផ្នែកទទួលពន្លឺច្រើនជាងមុន ដើម្បីឱ្យមើលឃើញកាន់តែច្បាស់។ ហើយពួកគេក៏កំពុងរកវិធីចាក់ពុម្ពដោយប្រើបច្ចេកវិទ្យាតែមួយ លើវត្ថុធាតុដើមទន់ជាងនេះ ដែលអាចដាក់បញ្ចូលទៅក្នុងប្រឡោះភ្នែកពិតៗបាន។

“ជារឿយៗគេគិតថា ភ្នែកសិប្បនិម្មិតគ្រាន់តែជារឿងប្រឌិតបែបវិទ្យាសាស្ត្រមួយប៉ុណ្ណោះ ប៉ុន្តែពេលនេះយើងខិតកាន់តែជិតជាងពេលណាៗទាំងអស់ ដោយប្រើម៉ាស៊ីនចាក់ពុម្ព 3-D។” លោក Michael McAlpine សហអ្នកដឹកនាំការស្រាវជ្រាវ បានលើកឡើងដូច្នេះ៕  

រូបតំណាងជនពិការដើរតាមផ្លូវ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]