មេរោគត្រូវបានគេរកឃើញថាមានតាំងពី ១២ ០០០ ឆ្នាំមុន ក្នុងអំឡុងពេលយុគថ្មរំលីងឯណោះ តែវាមិនសូវជាមានច្រើន ឬរាតត្បាតដូចពេលបច្ចុប្បន្ននេះទេ។ សព្វថ្ងៃដោយសារមនុស្សតែងតែផ្លាស់ប្តូរទីលំនៅ កន្លែងស្នាក់អាស្រ័យ និងភាពជឿនលឿនជាដើម បានធ្វើឱ្យមេរោគចាប់ផ្តើមសាយភាយ និងវិវឌ្ឍកាន់តែធំឡើងៗ ឯមេរោគក៏កាន់តែកាចសាហាវជាងមុន។

នៅក្នុងចំណោមមេរោគរាប់សិបលានប្រភេទ មានមួយចំនួនសាហាវខ្លាំងដល់អាចសម្លាប់ជីវិតមនុស្សអស់រាប់លាននាក់ និងធ្លាប់រាតត្បាតពាសពេញពិភពលោក។

ចង់ដឹងថាមេរោគអ្វីខ្លះ ដែលធ្វើឱ្យមនុស្សស្លាប់ច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត សូមមកតាមដានទាំងអស់គ្នា៖

រូបតំណាងការបង្ការមេរោគ

១០. មេរោគផ្តាសាយបក្សី H5N1

មេរោគ H5N1 ឬហៅកាត់ថាផ្តាសាយបក្សី  ជាមេរោគម្យ៉ាងដែលឆ្លងពីពពួកបក្សី។ វាបានឆ្លងមកមនុស្សដំបូងបំផុតនៅក្នុងឆ្នាំ ១៩៩៧។ អត្រាមរណៈរាល់ពេលឆ្លងជំងឺនេះ មានរហូតដល់ ៦០ភាគរយ។  មេរោគនេះមានរោគសញ្ញាដូចជា ជំងឺផ្តាសាយដទៃទៀតដែរ ដូចជាគ្រុនក្តៅ ក្អួត រាគ និងបញ្ហាផ្លូវដង្ហើមដូចជារលាកសួតជាដើម។

រូបតំណាងការផ្ទុះរាលដាលនៃជំងឺផ្តាសាយបក្សី

៩. មេរោគ Lujo

មេរោគ Lujo ត្រូវបានគេដាក់ឈ្មោះតាមពីរតួអក្សរខាងដើមរបស់ទីក្រុង Lusaka នៃប្រទេស Zambia និងទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង ដែលមេរោគនេះរីករាលដាលដំបូងគេបង្អស់នៅក្នុងឆ្នាំ ២០០៨។ មេរោគនេះបណ្តាលឱ្យមានអត្រាមរណៈដល់ទៅ ៨០ភាគរយ។ មេរោគនេះត្រូវបានគេដឹងដាមានរោគសញ្ញាស្រដៀងនឹងជំងឺអ៊ីបូឡា (Ebola) ដែរ ដែលមានដូចជាឈាមអញ្ចាញធ្មេញ និងឈាមច្រមុះ។

រូបតំណាងមេរោគ Lujo

៨. មេរោគ Herpes B Virus

មេរោគ Herpes B Virus ត្រូវបានគេដឹងថាជាមេរោគម្យ៉ាងដែលឆ្លងមកពីពពួកសត្វស្វា Macaque មកកាន់មនុស្សដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិតដល់ទៅ ៨០ភាគរយ។ មេរោគនេះត្រូវបានរកឃើញដំបូងនៅក្នុងឆ្នាំ ១៩៣២ ជាមេរោគដែលធ្វើឱ្យមានបញ្ហាប្រព័ន្ធសរសៃប្រសាទ និងអាចបណ្តាលឱ្យស្លាប់បានប្រសិនជាមិនបានព្យាបាលទាន់ពេលវេលា។

រូបតំណាងស្វាដែលចម្លេងមេរោគHerpes B Virus

៧. មេរោគគ្រុនឈាម

ជំងឺគ្រុនឈាម មានមេរោគដែលចម្លងពីសត្វមូសខ្លាមកកាន់មនុស្ស និងបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតប្រមាណជា ២០ ទៅ៣០ភាគរយ ប្រសិនជាមិនបានធ្វើការព្យាបាលឱ្យបានត្រឹមត្រូវទាន់ពេលវេលាទេនោះ។ រោគសញ្ញានេះដំបូងឡើយគឺ ធ្វើឱ្យអ្នកជំងឺឈឺក្បាល វិលមុខ ក្អួតចង្អោរ ក្តៅខ្លួន និងវិវឌ្ឍទៅជាឈាមតាមអញ្ចាញធ្មេញ និងច្រមុះជាដើម។ ក្នុងមួយឆ្នាំៗមានមនុស្សប្រមាណជា ១ម៉ឺន ទៅ ២ម៉ឺននាក់បានស្លាប់ និងមនុស្សប្រមាណជា ៥០លាន ទៅ ៥០០លាននាក់បានឆ្លងជំងឺគ្រុនឈាមមួយនេះ។ នៅក្នុងនោះ មេរោគគ្រុនឈាមនេះមានជាប់ទំនាក់ទំនងជាមួយនឹងមេរោគ ​Zika ផងដែរ ​ដែលជាជំងឺធ្វើឱ្យប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះ  និងការវិវឌ្ឍន៍របស់ទារកក្នុងផ្ទៃ។

រូបតំណាងមេរោគគ្រុនឈាម

៦. មេរោគ Rabies (ជំងឺឆ្កែឆ្កួត)

ជំងឺឆ្កែឆ្កួតដែលបណ្តាលមកពីមេរោគ Rabies នេះឆ្លងមកកាន់មនុស្សតាមរយៈទឹកមាត់របស់សត្វដែលខាំមកលើរាងកាយមនុស្ស ហើយធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទ វង្វេងវង្វាន់ និងបាត់បង់សតិស្មារតី។ ភាគច្រើនជំងឺនេះឆ្លងមកពីសត្វមួយចំនួនដូចជា ឆ្កែ (ភាគរយច្រើនបំផុត) ឆ្មា ប្រជៀវ ស្វា និងស្កាជាដើម ដែលផ្ទុកនូវមេរោគមួយនេះ ហើយអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ១០០ភាគរយ ប្រសិនជាមិនបានចាក់វាក់សាំងការពារ ភ្លាមៗពេលត្រូវសត្វទាំងនោះខាំអំឡុងពេលមួយសប្តាហ៍។

សត្វដែលចម្លងមេរោគ Rabies

៥. មេរោគ H1N1

មេរោគ H1N1 ឬ ហៅថាផ្តាសាយអេស្ប៉ាញ ( Spanish Flu) បានកើតឡើងដំបូងឡើយតាំងពីឆ្នាំ ១៩១៨ និងបានរាតត្បាតសម្លាប់អាយុជីវិតមនុស្សដល់ទៅ ៥០លាននាក់ គឺច្រើនជាងសម័យសង្គ្រាមលោកលើកទី១ទៅទៀត។ ជំងឺនេះបានរីករាលដាលដល់សហរដ្ឋអាមេរិក និងខ្លាំងបំផុតនៅក្នុងប្រទេសអេស្ប៉ាញ រហូតដល់គេដាក់ឈ្មោះវាថាជា គ្រុនផ្តាសាយអេស្ប៉ាញតែម្តង។ មេរោគ H1N1 ក៏ជាមេរោគដែលទាក់ទងនឹងជំងឺរាតត្បាតមួយចំនួនដូចជា គ្រុនផ្តាសាយអេស្ប៉ាញ (Spanish Flu) ផ្តាសាយរុស្ស៊ី (Russian Flu) ផ្តាសាយអាស៊ី (Asian flu) និងផ្តាសាយជ្រូកជាដើម (Swine Flu) ។

រូបតំណាងមេរោគ H1N1

៤. មេរោគអ៊ីបូឡា (Ebola)

មេរោគអ៊ីបូឡា (Ebola) ត្រូវបានគេរកឃើញដំបូងនៅក្បែរទន្លេ Ebola ប្រទេសហ្សេរីនៅក្នុងឆ្នាំ ១៩៧៦ ដែលជាមេរោគធ្វើឱ្យមានអត្រាគ្រោះថ្នាក់ដល់ជីវិតដល់ទៅ ៩០ភាគរយផងដែរ ប្រសិនជាមិនបានព្យាបាលឱ្យទាន់ពេលវេលា។ មេរោគនេះអាចធ្វើឱ្យអ្នកជំងឺអស់កម្លាំងខ្លាំង ក្តៅខ្លួន ឈឺក្បាល ឈឺសន្លាក់ សាច់ដុំ និងពោះ ថែមទាំង អាចបណ្តាលឱ្យក្អួត រាគ និងបន្ទោរបង់ចេញឈាមផងដែរ។

រូបតំណាងមេរោគអ៊ីបូឡា (Ebola)

៣. មេរោគ Smallpox

Smallpox គឺជាមេរោគ ដែលបានសម្លាប់អាយុជីវិតមនុស្សច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្ត គឺដល់ទៅ ២០០លាន ទៅ ៥០០លាននាក់ទូទាំងពិភពលោក។ មេរោគនេះត្រូវបានគេស្រាវជ្រាវរកឃើញថា វាមានកំណើតជាង ១០ ០០០ឆ្នាំមកហើយមុនគ្រិស្តសករាជ។ គួរឱ្យដឹងផងដែរថា មេរោគនេះអាចបណ្តាលឱ្យអ្នកជំងឺគ្រុនក្តៅ ឈឺចាប់ពេញរាងកាយ និងពងបែកពេញខ្លួន ថែមទាំងអាចបណ្តាលឱ្យអ្នកជំងឺមានអត្រាគ្រោះថ្នាក់ដល់ជីវិតខ្ពស់បំផុតដល់ទៅ ៩៥ភាគរយឯណោះ។ ប៉ុន្តែបច្ចុប្បន្នមេរោគមួយនេះត្រូវបានគេលុបបំបាត់ទាំងស្រុងហើយ។

រូបតំណាងមេរោគ Smallpox

២. មេរោគ Marburg

មេរោគ Marburg បណ្តាលឱ្យមានអត្រាគ្រោះថ្នាក់ដល់ជីវិតពី ២៣ភាគរយ ដល់ ៩០ភាគរយប្រសិនជាមិនបានធ្វើការព្យាបាលទាន់ពេលវេលា។ អ្នកដែលឆ្លងជំងឺនេះស្លាប់បាត់បង់ជីវិតដោយសារតែការហូរឈាម ឬបាត់បង់ឈាមអស់ពីខ្លួន។ គួរឱ្យដឹងផងដែរថា ជំងឺមួយនេះត្រូវបានគេរកឃើញលើកដំបូងនៅក្នុងឆ្នាំ ១៩៦៧ ក្នុងមន្ទីរពិសោធន៍ទីក្រុង Frankfurt និងទីក្រុង Marburg ប្រទេសអាល្លឺម៉ង់។

រូបតំណាងមេរោគ Marburg

១. មេរោគហ៊ីវ (HIV)

មេរោគហ៊ីវ គឺជាមេរោគដ៏កាចសាហាវមួយដែលបានសម្លាប់អាយុជីវិតមនុស្សអស់រាប់លាននាក់ក្នុងមួយឆ្នាំៗ។  អ្នកដែលផ្ទុកមេរោគនេះមានអត្រាមរណៈដល់ទៅ ៨០ភាគរយ ទៅ ៩០ភាគរយ។ មេរោគមួយនេះបានវាយប្រហារមនុស្ស ដោយធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយចុះខ្សោយ និងបង្កឱ្យងាយឆ្លងនឹងជំងឺផ្សេងៗ ជាពិសេសជំងឺទាក់ទងនឹងផ្លូវដង្ហើមដូចជា ជំងឺរបេង និងរលាកសួតជាដើម។ ចំពោះអ្នកដែលមានសុខភាពល្អ អាចនឹងរស់នៅបានយូរ តែអ្នកដែលមានសុខភាពចុះខ្សោយនឹងស្លាប់កាន់តែឆាប់៕  

រូបតំណាងមេរោគហ៊ីវ (HIV)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]