(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការកំណែមុខវិជ្ជាទាំង១០ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ ត្រូវបានបញ្ចប់ទាំងស្រុង នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ។
តាមរយៈទំព័រ Facebook ផ្លូវការក្រសួងអប់រំ បានបញ្ជាក់ថា ការបញ្ចប់ទាំងស្រុងនេះ ក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ដោយឡែកសន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
សូមជម្រាបថា លទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន១១៥,២៦៨នាក់ ស្រី៥៨,១៥៨ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៦មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៩៩មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៩៧មណ្ឌល ត្រូវជា៤,៦៥៥បន្ទប់ ទូទាំងប្រទេស៕
ប្រភព៖ freshnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]