ពិភពលោក៖ អំពើឃាតកម្មមានការកើនឡើងទូទាំងពិភពលោក។ ប្រទេសកំពុងអភិវឌ្ឍនៅអាមេរិកឡាទីន និងអាហ្វ្រិក មានបញ្ហានេះច្រើនជាងគេ ដោយពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ សូម្បីនៅប្រទេសជឿនលឿនមួយចំនួន ឧក្រិដ្ឋកម្មផ្តាច់ជីវិតមនុស្សនេះ ក៏កំពុងកើនឡើងនៅតាមទីក្រុង និងសង្កាត់នានា ដោយសារវិសមភាពសេដ្ឋកិច្ចសង្គមដ៏ធ្ងន់ធ្ងរ។

ទោះយ៉ាងណា គោលនយោបាយដើម្បីទប់ស្កាត់ដ៏ជោគជ័យ ត្រូវបានផ្តោតលើតំបន់ដែលមានបញ្ហាធំបំផុត និងសហគមន៍ដែលមានហានិភ័យខ្ពស់ជាងគេ ហើយការធានានូវប្រព័ន្ធយុត្តិធម៌ដ៏មានប្រសិទ្ធភាព ដោយបំពេញភារកិច្ចជាមួយការស៊ើបអង្កេត និងបើកសវនាការដោយយុត្តិធម៌ គឺជាដំណោះស្រាយមួយផ្សេងទៀត ប៉ុន្តែចាំបាច់ត្រូវមានការប្តេជ្ញាចិត្តទាំងថ្នាក់ជាតិ និងអន្តរជាតិ។

រូបតំណាងករណីឃាតកម្ម

ខាងក្រោមនេះជាប្រទេសទាំង១០ ដែលមានឃាតកម្មច្រើនបំផុត៖

១០. ទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago)

សព្វថ្ងៃមានករណីឃាតកម្ម ៣០.៨៨ ក្នុងចំណោមមនុស្ស ១០០,០០០ នាក់ ដែលភាគច្រើនពាក់ព័ន្ធនឹងការប្រើអាវុធ។  

ទ្រីនីដាដ និងតូបាហ្គោ

៩. ក្វាតេម៉ាឡា (Guatemala)

ក្នុងចំនួនមនុស្ស ១ សែននាក់ មានអ្នកស្លាប់ដោយឃាតកម្ម ៣១.២១ នាក់ ដោយអំពើហិង្សារបស់ពួកបងធំជាបញ្ហាចម្បង ខណៈការជួញដូរថ្នាំញៀន និងការផ្ទុះអាវុធសុទ្ធតែរួមចំណែកក្នុងអត្រានេះ។  

ក្វាតេម៉ាឡា

៨. សាំងឃីត និង ណេវីស (Saint Kitts and Nevis)

ករណីឃាតកម្មក្នុងប្រទេសតូចនៅតំបន់ការីបៀនមួយនេះ ច្រើនតែពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជាប្រព័ន្ធដែលរៀបចំទុកជាមុន ដោយមនុស្ស ១ សែននាក់ មាន ៣៣.៥៥ នាក់ ស្លាប់ដោយអំពើព្រៃផ្សៃនេះ។  

សាំងឃីត និង ណេវីស

៧. អាហ្វ្រិកខាងត្បូង (South Africa)

ក្នុងចំណោមមនុស្ស ១០ ម៉ឺននាក់ មានជនរងគ្រោះដល់អាយុជីវិត ៣៤.២៧ នាក់។ កត្តារួមចំណែកមានដូចជា វិសមភាពនៃអ្នកមាននិងអ្នកក្រ អំពើពុករលួយទូទាំងប្រទេស ភាពក្រីក្រ អត្រាអត់ការងារធ្វើ និងកង្វះហេដ្ឋារចនាសម្ព័ន្ធ។  

អាហ្វ្រិកខាងត្បូង

៦. បេលី (Belize)

ថ្វីបើប្រទេសនេះជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ក៏វាមានករណីឃាតកម្មខ្ពស់ដែរ គឺ ៣៤.៤ នាក់ ស្លាប់ក្នុងចំណោម ១ សែននាក់។  

បេលី

៥. ឡេសូតូ (Lesotho)

កូនប្រទេសនៅប៉ែកខាងត្បូងទ្វីបអាហ្វ្រិកនេះ មានជនរងគ្រោះស្លាប់បាត់បង់ជីវិត ៣៨ នាក់ លើប្រជាជន ១ សែននាក់ ដែលភាគច្រើនកើតឡើងនៅក្នុងក្រុង ដែលគ្រោះថ្នាក់សម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរ។ 

ឡេសូតូ

៤. ចាម៉ៃកា (Jamaica)

ប្រទេសនេះស្ថិតក្នុងលេខរៀងទី ៤ ច្រើនឆ្នាំមកហើយ ប៉ុន្តែចំនួនអ្នកស្លាប់បានធ្លាក់ចុះពី ៥៨ នាក់ដែលជាអត្រាខ្ពស់បំផុតនៅឆ្នាំ ២០០៥ មកត្រឹម ៤៣.២១ នាក់ ក្នុងចំណោម ១០០ ពាន់នាក់ ដែលភាគច្រើនជាលទ្ធផលនៃសកម្មភាពឧក្រិដ្ឋកម្មជាប្រព័ន្ធ។  

ចាម៉ៃកា

៣. វ៉េណេស៊ុយអេឡា (Venezuela)

ក្នុងចំណោមមនុស្ស ១ សែននាក់ មានអ្នកស្លាប់ចោលគ្រួសារ ៥៧.១៥ នាក់ក្នុងមួយឆ្នាំៗ ដោយក្រុងការ៉ាកាស ជារដ្ឋធានីដ៏គ្រោះថ្នាក់បំផុតមួយក្នុងពិភពលោក។ តាមពិត វាអាចចូលក្នុងចំណាត់ថ្នាក់លេខ ២ ឬ លេខ ១ ដោយចលាចលនយោបាយថ្មីៗនេះ ដែលធ្វើឱ្យខ្លួនជួបវិបត្តិដ៏ធ្ងន់ធ្ងរទូទាំងប្រទេស។  

វ៉េណេស៊ុយអេឡា

២. ហុងឌូរ៉ាស (Honduras)

ក្នុងចំណោមមនុស្ស ១ សែននាក់ មានអ្នកស្លាប់ដោយអំពើឃាតកម្ម ៦៣.៧៥ ។ ជាអកុសល ប្រទេសនេះក៏មានករណីស្លាប់ដោយប្រើអាវុធ ច្រើនបំផុតក្នុងពិភពលោកផងដែរ។  

ហុងឌូរ៉ាស

១. អែលសាល់វ៉ាឌ័រ (El Salvador)

ជាមួយអត្រាឃាតកម្មខ្ពស់ដាច់គេតែម្តងគឺ ១០៨.៦៤ នាក់ ក្នុងចំណោម ១ សែននាក់ ឧក្រិដ្ឋកម្មក្នុងប្រទេសនេះប្រមាណ ៦០% ពាក់ពន័្ធនឹងសកម្មភាពរបស់ពួកបងធំ។ បន្ថែមពីនេះ អស្ថេរភាពនយោបាយនៅតែកើតមាន ដែលភាគច្រើនបន្សល់ដោយសង្គ្រាមស៊ីវិលពីឆ្នាំ ១៩៧៩ ដល់ ១៩៩២។ 

អែលសាល់វ៉ាឌ័រ

រីឯកម្ពុជាយើងនៅចំណាត់ថ្នាក់លេខ ១៣៥ ដែលមានករណីឃាតកម្ម ១.៨៤ ខណៈម៉ាឡេស៊ីលេខរៀង ១៣៤ មាន ១.៩២។ មីយ៉ាន់ម៉ាលេខរៀងទី ១២៥ មាន ២.៤២ ករណី។ ថៃលេខរៀងទី ១០០ មាន ៣.៥១។ ឡាវលេខរៀងទី ៦៧ មាន ៦.៨៧។ ហ្វ៊ីលីពីនលេខរៀងទី ៤០ មាន ៩.៨៤។ វៀតណាមលេខរៀងទី ១៤៥ មាន ១.៥២។ ឥណ្ឌូនេស៊ីលេខរៀងទី ១៩១ មាន ០.៥។ ប៊្រុយណេលេខរៀងទី ១៩២ មាន ០.៤៩ និង សិង្ហបុរីលេខរៀងទី ១៩៤ លើ ១៩៨ ប្រទេសដែលមានអត្រាត្រឹម ០.២៥។ 

បញ្ជាក់៖ លេខរៀងកាន់តែធំ ករណីឃាតកម្មកាន់តែតិច៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]