បច្ចុប្បន្នការប្រព្រឹត្តរបស់ក្មេងជំទង់ និងយុវវ័យមួយចំនួនបានធ្វើឱ្យឪពុកម្តាយ និងអាណាព្យាបាលមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការទទួលឥទ្ធិពលទាំងល្អ និងអាក្រក់នៅក្នុងសង្គម។ 

អ្វីដែលធ្វើឱ្យអាណាព្យាបាលកាន់តែព្រួយបារម្ភជាងនេះទៅទៀតនោះ គឺភាពងាយនឹងឆាប់ប្រឡូកសុរា និងថ្នាំជក់ទាំងវ័យក្មេង។ ដូច្នេះក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាលគួរយល់ដឹងកត្តាណាខ្លះដែលអាចធ្វើឱ្យក្មេងៗឆាប់ប្រឡូករឿងអស់ទាំងនេះទាំងមិនទាន់ពេញវ័យ។ តាមដានចំណុចខាងក្រោមទាំងអស់គ្នា៖

រូបតំណាង

១. តាមគ្នា

ក្មេងៗជំទង់ប្រៀបបីដូចជាក្រដាស ស យ៉ាងអីចឹង កាលណាសេពគប់ចំមិត្តល្អគឺបានផលល្អ  តែបើសេពគប់មិត្តប៉ះចំមិត្តអាក្រក់វិញ នឹងនាំឱ្យដើរទៅកាន់ផ្លូវមិនត្រឹមត្រូវទៅតាមនោះដែរ។ 

២. ដើម្បីជាការសប្បាយ

បើពួកគេស្ថិតក្នុងក្រុមដែលសំបូរអ្នកផឹក និងជក់ហើយ  បើមិនផឹក និងជក់តាមគេ ម៉េចនឹងអាចចូលរួមសប្បាយនឹងគេ?  នេះជាការយល់ខុសដ៏ធ្ងន់មួយនៃការសប្បាយក្នុងវ័យកំពុងលូតលាស់ និងកំពុងស្រូបចំណេះដឹង។

៣. ដើម្បីគេចពីអ្វីមួយ

សូម្បីក្មេងៗក៏សុទ្ធតែជួបប្រទះនឹងបញ្ហាដែរ។ ពេលខ្លះពួកគេជ្រើសរើសជម្រើសអបាយមុខដែលមិនត្រឹមត្រូវ ដើម្បីគេចពីរឿងដ៏ឈឺក្បាលរបស់សង្គម និងបំបាត់ស្ត្រេស។

រូបតំណាង

៤. មិនមានការយល់ដឹង

កង្វះការយល់ដឹងជាមូលហេតុចំបងមួយធ្វើឱ្យយុវវ័យជំទង់ ប្រឡូកនឹងការសេពគ្រឿងស្រវឹង និងការជក់បារី   ដែលមិនមែនមកពីភាពល្ងង់ខ្លៅ ឬអវិជ្ជានោះទេ តែកត្តាដ៏ធំបំផុតគឺកង្វះការអប់រំពីឪពុកម្តាយ  អាណាព្យាបាល  និងការជះឥទ្ធិពលមិនល្អពីសង្គមជាដើម។

៥. ស្ថានភាពគ្រួសារ

បើឪពុកម្តាយធ្វើជាគំរូមិនល្អដល់កូន (មនុស្សប្រមឹក និងជក់បារី) ក្មេងៗអាចនឹងអាចយកតម្រាប់តាម និងរៀនតាមអំពើទាំងអស់នោះជាមិនខាន។

៦. ចង់ដឹងចង់ឮ

វ័យជំទង់ ជាវ័យចង់ចង់សាកល្បងអ្វីដែលថ្មី ប្លែក និងគួរឱ្យចាប់អារម្មណ៍។  មូលហេតុទាំងនេះ ធ្វើឱ្យពួកគេងាយឆាប់ធ្លាក់ចូលសភាពចង់ប្រឡូកផឹក និងជក់ជាដើម។

រូបតំណាង

៧. ព្យាបាលបញ្ហាផ្លូវចិត្តដោយខ្លួនឯង

សម័យបច្ចុប្បន្នក្មេងៗងាយនឹងកើតជំងឺស្ត្រេស ធុញថប់ក្នុងអារម្មណ៍ កើតជំងឺបាក់ទឹកចិត្តច្រើន ដែលជាហេតុធ្វើឱ្យពួកគេរកវិធីដោះស្រាយដោយខ្លួនឯងមិនហ៊ានប្រាប់អ្នកណា។ ពួកគេមួយចំនួនឈានដល់ការជ្រើសរើសផឹកស្រា និងជក់បារី ជាការបន្លប់អារម្មណ៍ខ្លួនឯង។ តែការធ្វើបែបនេះបានធ្វើឱ្យពួកគេញៀន ឬចូលក្រុមមនុស្សប្រមឹក និងជក់បារីជាដើម។

៨. ប្រឆាំងនឹងឪពុកម្តាយ ឬអាណាព្យាបាល

ក្មេងវ័យជំទង់តែងគិតថាពួកគេធំហើយ និងអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន។ បើពេលណាពួកគេត្រូវបានទម្រើសខ្លាំងពេក  បារម្ភហួងហែងពេក  បិទសិទ្ធិពេក  និងមានភាពតឹងរ៉ឹងខ្លាំងពេក បែរជានឹងធ្វើឱ្យក្មេងៗមានអារម្មណ៍មិនពេញចិត្ត ជំទាស់ និងចង់រើបម្រះវិញ។ ឯការផឹក និងជក់ជាទង្វើដែលពួកគេចង់ផ្គើនអាណាព្យាបាល និងចង់បញ្ជាក់ថាពួកគេជាមនុស្សឯករាជ្យមានសិទ្ធិធ្វើអ្វីដែលពួកគេចង់ធ្វើ។

៩. ធុញទ្រាន់

គ្មានអ្នកណាដែលសុទ្ធតែមានមិត្តភក្តិល្អគ្រប់ៗគ្នាទេ ជួនកាលភាពអផ្សុក គ្មានអ្វីធ្វើ និងមិនសូវមានអ្នកណាមករវីរវល់ជាមួយពួកគេ អាចធ្វើឱ្យពួកគេបែកគំនិតស្វែងរកអ្វីមកបំបាត់ភាពអផ្សុក ទាំងនេះហើយដែលធ្វើឱ្យពួកក្មេងជំទង់ងាយនឹងធ្លាក់ខ្លួនប្រព្រឹត្តអំពើមិនត្រឹមត្រូវ។

១០. មានអាការញៀនរួចទៅហើយ

គ្មានអ្នកដែលផឹកស្រា និងជក់បារីណាទទួលស្គាល់ថាខ្លួនឯងញៀនទេ ពួកគេតែងគិតថាពួកគេអាចគ្រប់គ្រងខ្លួនឯងបាន និងអាចបញ្ឈប់ពេលណាក៏បាន។ តែការពិតទៅ ការសាកល្បងប្រព្រឹត្តរឿងទាំងនេះជាច្រើនដង អាចធ្វើឱ្យពួកគេមានសភាពញៀនទាំងមិនដឹងខ្លួន។ ដូច្នេះបើទោះបីជាទើបតែសាកល្បងដោយចេតនាក្តី អាណាព្យាបាលគួរតែព្យាយាមហាមប្រាម បញ្ឈប់ឱ្យទាន់ពេលវេលាកុំឱ្យហួសពេលទាន់៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]