(ភ្នំពេញ)៖ តារាចម្រៀងសំឡេងស្រទន់ ស្ដាប់មិនចេះជិនណាយ លោក ខាន់ ជេមស៍ ត្រូវបានគេដឹងថា លោកកំពុងតែទទួលបានផ្កែផ្កា គួរជាទីគាប់ចិត្ត ខណៈដែលលោកកំពុងតែបង្ហាញ វត្តមានច្រៀង និង សម្ដែងនៅលើទឹកដីមហាអំណាចសេដ្ឋកិច្ច សម្បូរដុល្លារ គឺសហរដ្ឋអាមេរិក ដោយទើបតែចេញទៅតែរយៈពេលប៉ុន្មានថ្ងៃសោះ គេសម្គាល់ឃើញថា ទទួលបានជោគជ័យ ស្ទើរមិនគួរឲ្យជឿ។ នេះអាចចាត់ទុកថា ជាជោគជ័យថ្មីមួយទៀត ក្នុងអាជីពជាអ្នកសិល្បៈ នៅឯក្រៅប្រទេស បន្ទាប់ពីកេរ្តិ៍ឈ្មោះនៅក្នុងប្រទេស ត្រូវបានល្បីសុះសាយ រួចមកហើយនោះ។

តារាចម្រៀងលោក ខាន់ ជេមស៍ បានកំពុងតែច្រៀងបម្រើអារម្មណ៍បងប្អូនខ្មែរនៅសហរដ្ឋអាមេរិក ដោយលោកបានចេញទៅតាំងពីថ្ងៃទី២០ ខែ សីហា មកម្ល៉េះ។ លោកថាគ្រាន់តែច្រៀង២ទៅ៣ កម្មវិធីប៉ុណ្ណោះ មានអ្នកគាំទ្រច្រើនស្ទើរមិនគូរឲ្យជឿ ដោយសន្ទុះនៃការគាំទ្រនេះ លោកបានវាយតម្លៃថា ខ្លាំងជាងកាលដែលលោកទៅច្រៀងលើកមុនទៅទៀត។

ម្ចាស់បទ«បុប្ផាក្រពុំ» រូបនេះ ធ្លាប់បានទៅច្រៀងនៅទឹកដីមហាអំណាចនេះ ម្ដងរួចមកហើយកាលអំឡុងឆ្នាំ ២០១១ ដោយពេលនោះលោកទៅច្រៀងមានរយៈពេល៣ខែ ប៉ុន្តែការចេញទៅលើកទី២នេះ លោក ខាន់ ជេមស៍ ទៅតែចំនួន២ខែប៉ុណ្ណោះ។ លោកថ្លែងឲ្យដឹងថា បងប្អូនខ្មែរនៅសហរដ្ឋអាមេរិក ពិតជាស្រលាញ់ និងចូលចិត្តលោកខ្លាំងណាស់ គ្រប់កម្មវិធីដែលលោកទៅច្រៀង គឺមានអ្នកគាំទ្រលោកពេញៗហាងស្ទើរមិនមានកន្លែងអង្គុយឡើយ។ អ្វីដែលពិសេសជាងនេះទៅទៀតលោកថា គ្រប់បទចម្រៀងល្បីៗរបស់លោកកាលនៅផលិតកម្មRock ដូចជាបទ «របាំចងស្នេហ៍», បទ«បុប្ផាក្រពុំ» និង បទ «ស្នេហ៍អូនជានិច្ច» បងប្អូននៅទីនោះស្ទើរគ្រប់គ្នាសុទ្ធតែចេះច្រៀងបទរបស់លោក និងបានច្រៀងអមជាមួយពេលដែលលោកឡើងច្រៀង ផងដែរ។

ជាមួយនឹងការគាំទ្រនេះ លោក ខាន់ ជេមស៍ ក៏ទទួលបានប្រាក់ធៀបដែលបងប្អូនខ្មែរនៅទីនោះស្រលាញ់សុំថតជាមួយ ឲ្យជាបន្តបន្ទាប់ផងដែរ បែបនេះក្ដី តារាចម្រៀងនេះមិនបានបង្ហើបឲ្យដឹងពីចំនួននោះឡើយ ដោយលោកថា គ្រាន់តែជាទឹកចិត្តតិចតូចដែលបងប្អូនជូន ២០ ឬ ៥០ ដុល្លារ ទៅតាមទឹកចិត្តប៉ុណ្ណោះ។

តាមគម្រោង លោក ខាន់ ជេមស៍ នឹងត្រូវច្រៀងចំនួន១៥លើកទៀត ពោលគឺនិងត្រូវច្រៀងស្ទើរគ្រប់ រដ្ឋទាំងអស់ ក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល២ខែនេះ ។ កម្មវិធីធំ ដែលលោកនឹងត្រូវច្រៀង គឺនៅថ្ងៃបុណ្យភ្ជុំធំនៅ «វត្តខន្តីរាម» នៃរដ្ឋ ហ្វរីដា ហើយក្រោយបញ្ចប់ការច្រៀងរួចលោកនឹងត្រឡប់មកស្រុកខ្មែរវិញនៅថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ ។

សូមជម្រាបថា ចាប់តាំងពីចាប់អាជីពជាតារាចម្រៀងមក លោក ខាន់ ជេមស៍ ធ្លាប់បានទៅច្រៀង៥ ប្រទេសផ្សេងទៀតផងដែរ ក្នុងនោះមាន ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៨, ប្រទេស កាណាដា ក្នុងឆ្នាំ២០១០, ប្រទេស ជប៉ុន ក្នុងឆ្នាំ២០១៣, ប្រទេសកូរ៉េ និង បារាំង ។ មុនចេញទៅទទួលបានសិទ្ធិច្រៀងនៅសហរដ្ឋអាមេរិកនេះ លោកត្រូវបានប្រទេសកាណាដា ផ្ដល់សិទ្ធិឲ្យទៅច្រៀងរហូតដល់ទៅ ៥ឆ្នាំ ឯណោះ ខណៈដែលលោកស្នើសុំតែ១ខែប៉ុណ្ណោះ ប៉ុន្តែដោយពេលគេហៅនោះ ចំពេលលោករវល់ក្នុងការងារក្នុងស្រុកច្រើនពេក លោកមិនទាន់សម្រេចចិត្តទៅ នៅឡើយ។ ទិដ្ឋាការរបស់លោកក្នុងការចេញទៅច្រៀងនៅប្រទេសកាណាដា ផុតកំណត់នៅឆ្នាំ ២០២០ ដោយក្នុងរយៈពេលនេះ លោកចង់ទៅច្រៀងនៅពេលណាក៏បានដែរ។ បន្ទាប់ពីត្រលប់ពីការច្រៀងនៅអាមេរិកជាលើកទី២នេះ លោកខាន់ ជេមស៍ ប្រហែលជានឹងលៃពេលវេលាណាមួយទៅច្រៀងនៅ ប្រទេសកាណាដាម្ដងទៀតឲ្យទាល់តែបាន៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍