រាជធានីភ្នំពេញ ៖ អ្នក​លក់​​​កសែត​ និង​អ្នក​​លក់​ផ្កា​​នៅ​តាម​ដង​ផ្លូវ​ធំ​នានា​ក្នុង​មូល​ដ្ឋាន​​ខណ្ឌ​​​ទួល​គោក ​ត្រូវ​អាជ្ញាធរ​ខណ្ឌ​​ទួលគោក ចុះទៅ​ចាប់​ប្រមូល​យក​ទៅ​កាន់​សាលាខណ្ឌ​កាលពី​​ព្រឹក​ថ្ងៃទី​​១៥ មីនា ២០១២ ដោយ​ចោទ​ប្រកាន់ថា ​ការ​ចែក​ចាយ​កាសែត​​​បាន​ធ្វើ​ឱ្យ​​បាត់​បង់​​សណ្តាប់​ធ្នាប់​​សាធារណៈ ។ អ្នក​លក់​​ផ្កា និង​កាសែត​ចំនួន​​១០​នាក់ ​ក្នុង​នោះ​មាន​​ប្រុស​៣​នាក់ និង​ស្រី​៧​នាក់ ​រួម​ទាំង​​កាសែត​​រាប់​​រយ​ច្បាប់ ​និង​ផ្កា​​មួយ​ចំនួន​ត្រូវ​បាន​​ប្រមូល​ទុក ។

តាម​មន្ត្រី​​សណ្តាប់ធ្នាប់​​ខណ្ឌដូនពេញ ​បាន​ឱ្យ​ដឹងថា ការ​ចុះ​​ឃាត់​អ្នក​លក់​កាសែត និង​​​លក់​ផ្កា​​ធ្វើ​ឡើង​​កាលពីវេលា​ម៉ោង​៧​ទៅ​៨​ព្រឹក​នៅ​ចំណុច​​ភ្លើង​​​ស្តុប​សន្ធរ​មុក ស្តុប​​ទួលគោក ​ស្តុប​ដេអិន ស្តុប​អាង​ទឹក ​អូឡាំ​ពិក និង​ស្តុប​ចេន​ឡា ​ក្នុង​គោល​បំណង​​រៀបចំ​សណ្តាប់ធ្នាប់​​នៅតាម​ដង​ផ្លូវ​ក្នុង​ឱកាស​កិច្ច​​​ប្រជុំ​​កំពូល​​អាស៊ាន​ ។ មន្ត្រី​​រូប​នោះ​បន្ត​ទៀត​ថា ​ការ​ចុះ​ប្រមូល​​អ្នក​លក់​​​កាសែត​​នេះ​ធ្វើ​ទៅ​តាម​បទ​បញ្ជា​​​លោក​កែប ជុតិមា អភិ​បាល​​រាជធានីភ្នំពេញ ។

ទោះ​បី​ជា​​យ៉ាងណា​​​គេ​និយាយ​​ថា គឺជា​ការ​ធ្វើ​​​បាប​អ្នក​លក់​កាសែត​ដែល​​អាជ្ញា​ធរ​ចាប់​យក​ទាំង​​កាសែត​ទៅ​ទុក​ចោល​បែប​នេះ វា​ហាក់​​ដូច​ជា​វាយ​បំបែក​ឆ្នាំង​​បាយ​របស់​ពួកគាត់​ ឬ​ក្មេងៗ, ​​កាត់​ផ្តាច់​​ពោះ​វៀន, កាត់​ផ្តាច់​ក្រពះ ឬ​បង្អត់​​អាហារ​គ្នា​យ៉ាង​ដូច្នោះ​ដែរ ព្រោះគ្នា​​លក់​ផ្កា លក់​កាសែត​យក​លុយ​​ទៅ​ឱ្យ​ឪពុក​ម្តាយ​​ ដើម្បី​ទិញ​អង្ករ​​​ច្រក​​​​​​ឆ្នាំង​ ទិញ​ប​ន្លែ​ ត្រី​ សាច់​​ធ្វើ​ម្ហូប ឬ​ទិញ​​បាយ​ហូប​តែ​ប៉ុណ្ណោះ ចុះ​ឥឡូវ​គេ​ចាប់​ទាំង​កាសែត និង​ដេញមិន​ឱ្យ​លក់​​​​តាម​ផ្លូវ តើ​គ្នា​បាន​អ្វី​​ហូប​ទៀត? សូម​ឱ្យ​លោក​​អភិ​បាល​ក្រុង​មេត្តា​​​​​​​​​​​​អាណិត​​អ្នក​ក្រីក្រ​​ប្រកប​របរ​​សុចរិត​ផង ។ គេ​និយាយ​ថា ​​គួរ​អាជ្ញា​ធរ​ធ្វើ​ការ​​ណែ​នាំ​​​​​​​​​​​​​​​អប់រំ​ ឬ​បើក​​ច្រក​ណា​មួយ​ឱ្យ​​គ្នា​បាន​​រស់​ផង​ប្រសើរ​​ជាង។  ​បើ​និយាយ​ពី​សណ្តាប់ធ្នាប់​វិញ ទៅមើល​ចុះ​​នៅ​​​តាម​ដង​ណា​ក៏បានដែរ គឺ​សុទ្ធ​តែ​មាន​ដាក់​តុ ទូ​ អីវ៉ាន់ស្ទើរតែគ្រប់​ប្រភេទលក់​ដូរហៀរ​ដល់​ចិញ្ចើម​ផ្លូវ ម៉េច​មិន​ព្រម​ទៅ​ដេញ​បោស​សម្អាត​ឱ្យ​អស់​ទៅ បើ​ថា មិន​ដឹង​កន្លែង​ ឬ​មើល​មិន​​ឃើញ​មករក​​​កោះ​សន្តិ​ភាព​ចុះ យើង​​នឹងទៅ​​​ចង្អុល​ប្រាប់​ ។

មន្ត្រី​​សណ្តាប់ធ្នាប់​​រូប​នោះ​បន្ត​ទៀត​ថា ​តាម​គោល​ការណ៍​សាលា​ខណ្ឌ​​​ឃាត់​ខ្លួន​​អ្នក​លក់​​កាសែត និង​ផ្កា​ទាំងនោះ​មកធ្វើ​កិច្ច​សន្យា​​អប​រំ​​រួច​ហើយ​ឱ្យ​​ត្រឡប់​ទៅវិញ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]