នៅគ្រប់បណ្តាប្រទេសនីមួយៗមានកន្លែងកម្សាន្តជាច្រើន ដែលកន្លែងខ្លះធ្វើឱ្យអារម្មណ៍អ្នកទេសចរចង់តែទៅទស្សនាភ្លាមៗឱ្យបានម្តងក្នុងមួយជីវិត ដោយសារតែភាពស្រស់ស្អាត និងអស្ចារ្យទាំងនោះ ។ ទោះជាបែបនេះក្តី រូបភាពដែលអ្នកធ្លាប់បានឃើញនៅគ្រប់បណ្តាញផ្សព្វផ្សាយនានា ពេលខ្លះអាចនឹងខុសគ្នាបន្តិចបន្តួចរាល់ពេលដែលអ្នកបានទៅឃើញផ្ទាល់នឹងភ្នែក។

ដូច្នេះថ្ងៃនេះយើងនឹងនាំអារម្មណ៍មិត្តអ្នកអានទៅតាមដានកន្លែងទេសចរណ៍ល្បីៗ ដែលខុសពីការពិត ហើយរកន្លែងខ្លះអាចនឹងឱ្យអ្នកភ្ញាក់ផ្អើលបាក់ចង្កេះក៏មាន ដូចជា៖

# រូបសំណាក Christ the Redeemer រដ្ឋ Rio de Janeiro

រូបសំណាក Christ the Redeemer នៅក្នុងរដ្ឋ Rio de Janeiro ប្រទេសប្រេស៊ីល មិនមែនទំហំធំជាងរូបសំណាកសេរីភាពទីក្រុងញូវយ៉កប៉ុន្មាននោះទេ ដោយវាមានកម្ពស់ត្រឹមតែ ១២៤ហ្វីត (ស្មើនឹងជិត ៣៨ម៉ែត្រ) បើធៀបនឹងរូបសំណាកសេរីភាពគឺមានកម្ពស់ ១៥៣ហ្វីត ស្មើនឹងជិត ៤៧ម៉ែត្រ។

រូបសំណាក Christ the Redeemer

# ទីក្រុង Dubrovnik នៃប្រទេសក្រូអាត

អ្នកដែលធ្លាប់បានទស្សនាខ្សែភាពយន្ត Game of Thrones ប្រាកដជាចង់ទៅទេសចរណ៍ទីក្រុង Dubrovnik នៃប្រទេសក្រូអាតដោយផ្ទាល់នឹងភ្នែកឱ្យបានម្តង។ តែភាពពិត ទីកន្លែងនោះពិតជាអ៊ូអរមែនទែន ថែមទាំងសម្បូរទៅដោយអ្នកទេសចរណ៍ណែនតាន់តាប់ទៀត ជាពិសេសគឺរដូវក្តៅ។ ដូច្នេះហើតបានជារដ្ឋាភិបាលកំណត់ចំនួនអ្នកចូលទស្សនាត្រឹមតែ ៤ ០០០នាក់តែប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីរក្សាសណ្តាប់ធ្នាប់ផង និងដើម្បីកាពារតំបន់ប្រវត្តិសាស្រ្តនេះផង។

ទីក្រុង Dubrovnik នៃប្រទេសក្រូអាត

# ប្រាសាទពីរ៉ាមីត ប្រទេសអេហ្ស៊ីប

និយាយពីប្រាសាទពីរ៉ាមីត អ្នកពិតជាស្រមៃដល់ប្រាសាទធំស្កឹមស្កៃដ៏អស្ចារ្យ វាលខ្សាច់ដ៏ធំល្វឹងល្វើយ រួមទាំងសត្វអូដ្ឋផងដែរ។  តែពិតជាភ្ញាក់ផ្អើលមែនទែនដល់ទៅឃើញរូបពិត ការពិតប្រាសាទពីរ៉ាមីតស្ថិតនៅជិតទីក្រុងមែនទែន ជាពិសេសសម្បូរទៅដោយមនុស្សម្នា ដងផ្លូវដ៏មមារញឹក ដែលអាចឱ្យអ្នកទេសចរណ៍មានការខកបំណងខ្លះៗដែរ។

ប្រាសាទពីរ៉ាមីត ប្រទេសអេហ្ស៊ីប

# Banos ប្រទេសអេក្វាទ័រ

រូបភាពយោលទោងដ៏គួរឱ្យរំភើបចិត្ត ប្រៀបបីដូចជាស្ថិតនៅលើលំហអាកាសនៃតំបន់ Banos ដ៏ល្បីល្បាញរបស់ប្រទេសអេក្វាទ័រ អាចធ្វើឱ្យអ្នកទេសចរខកបំណងខ្លះៗដែរ។ ការពិតទេសភាពនៅក្រោមទោងដែលអ្នកយោល គឺគ្រាន់តែជាជម្រាលភ្នំ និងវាលស្មៅតែប៉ុណ្ណោះ។

Banos ប្រទេសអេក្វាទ័រ

# Park Güell ទីក្រុង Barcelona 

បើនិយាយពីទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញ អ្នកអាចនឹកស្រមៃថាទីក្រុងនេះសម្បូរទៅដោយកូនផ្ទះ Gingerbread (ផ្ទះតូចៗដូចធ្វើពីនំប៉័ង ឬនំខុកឃី) ជាច្រើន តែតាមការពិតអ្នកអាចរកផ្ទះនេះនៅក្នុង Park Güell តែប៉ុណ្ណោះ។ ជាពិសេសមានផ្ទះ Ginger Bread ត្រឹមតែ២ខ្នង ដោយការចូលទស្សនាត្រូវតម្រង់ជួរឡើងវែង ហើយត្រូវចំណាយប្រាក់ 8.5 អឺរ៉ូ ស្មើនឹងជិត ១០ដុល្លារផងដែរ។

Park Güell ទីក្រុង Barcelona

# Spanish Step ទីក្រុងរ៉ូម

កាន់ដៃគូស្នេហ៍ថតរូបយ៉ាងរ៉ូមែនទិកនៅលើកាំជណ្តើរ Spanish Step ប្រហែលជាក្តីស្រមៃរបស់អ្នកទេសចរមួយចំនួន ប៉ុន្តែភាពពិតប្រហែលជាធ្វើឱ្យអ្នកខកបំណង។ ដោយសារតែចំនួនអ្នកទេសចរច្រើនខ្លាំងពេកស្ទើរតែរកកន្លែងឈរគ្មាន ដូច្នេះ មិនចាំបាច់ដល់ថតរូបទេ រកតែកន្លែងអង្គុយលេងបានចាត់ទុកថាសំណាងពេកទៅហើយ។

Spanish Step ទីក្រុងរ៉ូម

# Chizhik-Pyzhik ទីក្រុង Saint Petersburg 

រូបសំណាកបក្សីនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ីដែលមនុស្សគ្រប់គ្នាបោះកាសសម្រាប់ផ្សងសេចក្តីប្រាថ្នា អាចធ្វើឱ្យអ្នកមានអារម្មណ៍រំជើបរំជួលបានដោយគ្រាន់តែឃើញរូបភាព។ តែភាពពិតបក្សីនេះពិតជាតូចខ្លាំងណាស់ ដូច្នេះហើយការបោះកាសឱ្យប៉ះបក្សីនេះមិនមែនជារឿងងាយស្រួលនោះឡើយ។

Chizhik-Pyzhik ទីក្រុង Saint Petersburg

# កោះម៉ាល់ឌីវ

ម៉ាល់ឌីវ មិនត្រឹមតែមានផ្ទៃមេឃខៀវស្រងាត់ ទឹកសមុទ្រថ្លាឈ្វង់ និងឆ្នេរខ្សាច់ស្រស់ស្អាតប្រៀបបីដូចជាឋានសួគ៌ប៉ុណ្ណោះទេ តែវាក៏មានកោះដែលសុទ្ធតែគំនរសម្រាមដ៏ធំមួយផងដែរមានឈ្មោះថា Thilafushi។ កោះនេះត្រូវបានគេយកសម្រាមមកចោលជារៀងរាល់ឆ្នាំប្រមាណជា ៣៣០តោនបើគិតមកត្រឹមឆ្នាំ ២០១១។ តែក្នុងពេបច្ចុប្បន្នរដ្ឋាភិបាលបានហាមឃាត់ការដឹកសម្រាមមកចោលកោះនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថានម៉ាល់ឌីវ។

កោះម៉ាល់ឌីវ

# Hall of Mirrors រាជវាំង Versailles ប្រទេសបារាំង

អ្នកអាចនឹងស្រមៃដល់ការថតរូបយ៉ាងស្រស់ស្អាតនៃសាល Hall of Mirrors កណ្តាលរាជវាំង Versailles។  ប៉ុន្តែភាពពិតអ្នកនឹងមិនមានឱកាសថតរូប ឬថត Selfie នៅទីនោះឡើយ ដោយសារតែកន្លែងនោះមានអ្នកទេសចរចូលមកកម្សាន្តច្រើនមែនទែន។

Hall of Mirrors រាជវាំង Versailles ប្រទេសបារាំង

# រូបសំណាក Manneken Pis ទីក្រុង Brussels

រូបសំណាកក្មេងប្រុសឈរអាក្រាតកាយបាញ់នោម ដែលអ្នកធ្លាប់ស្រមៃនឹកដល់ និងបានឃើញលើរូបភាពនានាកន្លងមក អាចធ្វើឱ្យអ្នកខកបំណងតិចតួច។ ដោយសារធាតុពិតរូបសំណាកមួយនេះ ក្នុងពេលបច្ចុប្បន្នត្រូវបានគេផ្លាស់សំលៀកបំពាក់ផ្សេងៗខុសប្លែកពីគ្នា ដោយពួកគេយល់ថានឹងធ្វើឱ្យរូបសំណាកនេះកាន់តែគួរឱ្យចាប់អារម្មណ៍ជាងមុន។

រូបសំណាក Manneken Pis ទីក្រុង Brussels

# Stonehenge ចក្រភពអង់គ្លេស

ប្រសិនជាអ្នកគិតថាដុំថ្ម Stonehenge ស្ថិតនៅទីកន្លែងដ៏ស្ងាត់ជ្រងុំ និងជាទីកន្លែងដ៏អាថ៌កំបាំងអ្នកប្រហែលជាស្មានខុសហើយ។ ក្នុងពេលបច្ចុប្បន្ន នៅជុំវិញ Stonehenge សុទ្ធសឹងតែជាផ្លូវជាតិ និងផ្លូវ Highway សំខាន់ៗទាំងអស់។

Stonehenge ចក្រភពអង់គ្លេស

# ចេតិយ The Taj Mahal ប្រទេសឥណ្ឌា

រូបភាពចេតិយ The Taj Mahal ដែលអ្នកធ្លាប់បានឃើញពិតស្រស់ស្អាតអស្ចារ្យមែនទែន តែទេសភាពជុំវិញពិតជាធ្វើឱ្យអ្នកទេសចរខកចិត្តណាស់។ នៅក្បែរកន្លែងនេះសុទ្ធសឹងតែជាគំនរសម្រាមពាសពេញ គួរឱ្យរអើម ថែមទាំងជាជម្រកសម្រាប់ឆ្កែអនាថា សម្បុកមូស និងសត្វត្មាតជាដើម៕  

ចេតិយ The Taj Mahal ប្រទេសឥណ្ឌា

យ៉ាងម៉េចដែរ បាក់ចង្កេះអត់?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]