ជាការពិត ប្រូតេអ៊ីនជាប្រភេទអាហារសាងសង់ដ៏សំខាន់បំផុត ដែលរាងកាយយើងត្រូវការមិនអាចខ្វះបានឡើយ ក្នុងការជួសជុលកោសិកាដែលខូចខាត ពង្រឹងកោសិកាឲ្យកាន់តែរឹងមាំ និងផលិតកោសិកាថ្មីៗ។

ជាក់ស្តែង ចំណីអាហារដែលយើងបរិភោគរាល់ថ្ងៃរាប់តាំងពីសាច់ បន្លែ ផ្លែឈើ  ជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹមជាច្រើនមុនច្រើនយ៉ាង ជាពិសេសប្រូតេអ៊ីននេះឯង។

ដូច្នេះ ខាងក្រោមនេះជាប្រភេទអាហារទាំង ៤ យ៉ាង សំបូរទៅដោយសារធាតុប្រូតេអ៊ីនយ៉ាងសំបូរបែប ដែលលោកអ្នកចាំបាច់គួររួមបញ្ចូលក្នុងរបបអាហារ៖

១. ស៊ុត

ស៊ុត ដូចជាពងមាន់ ពងទា ជាដើម ជាប្រភពនៃប្រូតេអ៊ីនយ៉ាងច្រើន ដែលខ្លួនប្រាណយើងត្រូវការជារៀងរាល់ថ្ងៃសម្រាប់ការសាងសង់នូវជាលិកាផ្សេងៗ រាប់តាំងពីឆ្អឹង សាច់ដុំគ្រប់ប្រភេទ និងស្បែកជាដើម។

ក្នុងស៊ុតមួយគ្រាប់ អាចផ្តល់ប្រូតេអ៊ីនជាមធ្យមបាន ៧ក្រាម។ នេះបានន័យថា ក្នុងមួយថ្ងៃបើយើងបរិភោគស៊ុតត្រឹម ៣គ្រាប់ប៉ុណ្ណោះ យើងបានបំពេញបរិមាណប្រូតេអ៊ីនត្រូវការប្រចាំថ្ងៃបានប្រហែល ៤០ភាគរយទៅហើយ។  ដូច្នេះវាជាប្រភពនៃប្រូតេអ៊ីនដ៏ច្រើន និងងាយរក និងបរិភោគទៀតផង។

ក្រៅពីនេះស៊ុតក៏ជាអាហារថាមពលដ៏សំបូរបែប ដែលផ្តល់ថាមពលបានរហូតប្រហែល៩០កាល់ឡូរី ឯណោះ  ដែលយើងត្រូវចំណាយពេលដើរយ៉ាងតិច ៣០នាទីសម្រាប់ដុតថាមពលទាំងនេះ។

រូបតំណាង

២. សាច់ទ្រូងមាន់

សាច់មាន់នៅទ្រូងដែលគ្មានឆ្អឹង ជាប្រភពនៃប្រូតេអ៊ីនដែលមានតំលៃថោក និងហូបបានច្រើន។ វាសុទ្ធតែជាប្រភពនៃអាស៊ីតអាមីនេ ដែលកោសិកាយើងត្រូវការយ៉ាងចាំបាច់ក្នុងការផលិតនិងសាងសង់។

នេះបើយោងទៅតាម ក្រុមប្រឹក្សាសត្វបក្សីជាតិនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្នុងសាច់ទ្រូងមាន់ ១០០ក្រាម យើងអាចទទួលបានប្រូតេអ៊ីនរហូតដល់ទៅ ៣០ក្រាមទៅហើយ ពោលគឺស្មើបរិមាណនៃប្រូតេអ៊ីនទទួលបានពីស៊ុត៤គ្រាប់។

ដូច្នេះការរួមបញ្ចូលសាច់ទ្រូងមាន់ក្នុងរបបអាហារប្រចាំថ្ងៃ នឹងជួយបំពេញបន្ថែមនូវសារធាតុប្រូតេអ៊ីនដែលរាងកាយយើងត្រូវការប្រចាំថ្ងៃ។

រូបតំណាង

៣. ស្ពៃខាត់ណា

ការហូបបន្លែបៃតងមួយប្រភេទនេះ មិនត្រឹមផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗ រាប់តាំងពីវីតាមីនC វីតាមីនK សារធាតុកាកសរសៃ និងសារធាតុរ៉ែដ៏សំបូរបែបប៉ុណ្ណោះទេ វាក៏ជាប្រភពនៃប្រូតេអ៊ីនដ៏ច្រើនក្នុងចំណោមបន្លែបៃតងផ្សេងៗទៀត ក្រៅពីការហូបសាច់ ឬ ស៊ុត។ 

រូបតំណាង

៤. ទឹកដោះគោ

ទឹកដោះគោស្រស់ មិនត្រឹមជាប្រភពនៃកាលស្យូម និងវីតាមីនD ដែលខ្លួនប្រាណយើងត្រូវការជាចាំបាច់សម្រាប់ការលូតកម្ពស់ ភាពរឹងមាំនៃឆ្អឹង និងរាងកាយទាំងមូលប៉ុណ្ណោះទេ ជាពិសេសថែមទាំងជាប្រភេទអាហារសម្រាប់ប្រភពនៃប្រូតេអ៊ីនដ៏ច្រើន ដែលនឹងបំបែកទៅជាសារធាតុអាស៊ីតអាមីនេសំខាន់ៗ ដែលសាច់ដុំរបស់យើង ត្រូវការសម្រាប់ការសាងសង់ និងធ្វើមេតាបូលីសផ្សេងៗ។

ដូច្នេះគ្រាន់តែទឹកដោះគោមួយកែវ រៀងរាល់យប់មុនចូលដេក នឹងផ្តល់នូវប្រូតេអ៊ីនបង្រ្គប់សម្រាប់មួយថ្ងៃ រហូតដល់ ៩ក្រាមឯណោះ ដែលលើសពីបរិមាណទទួលបានពីស៊ុតមួយគ្រាប់ទៅទៀត៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]