មនុស្សស្រីធ្លាប់ត្រូវបានគេជិះជាន់ និងបំបិទសិទ្ធសេរីអស់រយៈពេលជាយូរមកហើយតាំងពីសម័យបុរាណ។ ទោះជាយ៉ាងនេះក្តី មនុស្សស្រីពូកែៗក៏មានច្រើនណាស់ដែរតាំងពីសម័យមុន រហូតដល់បច្ចុប្បន្ន ថែមទាំងអាចធ្វើជាអ្នកដឹកនាំ រដ្ឋមន្ត្រី និងអាចឡើងធ្វើជាស្តេចផែនដីផងដែរ។

ក្នុងចំណោមអ្នកដឹកនាំទាំងអស់ក្នុងប្រទេស អធិរាជស្តេចស្រីតែមួយគត់ និងដំបូងគេក្នុងប្រទេសចិន គឺជាបុគ្គលដែលគួរឱ្យចាប់អារម្មណ៍មួយរូប រហូតដល់បណ្តាប្រទេសដែលសម្បូរទៅដោយជនជនជាតិចិន បានលើកយកមកផលិតជាខ្សែភាពយន្តខ្នាតធំ និងរឿងភាគក្នុងទូរទស្សន៍ជាដើម នោះគឺ អធិរាជស្តេចស្រី «អ៊ូ ចឺធៀន ឬ អ៊ូម៉ីនាង » ដែលគ្រប់គ្នាដាក់រហ័ស្សនាមថា ជាមនុស្សស្រីស្អាត ឆ្លាត ពូកែ គ្មានមេត្តា និងពិសពុលបំផុតប្រចាំប្រទេសចិន។

ទោះជាយ៉ាងណាក្តី រឿងរ៉ាវជីវិតពិតនាងថ្វីត្បិតតែបានថតឱ្យទស្សនិកជន និងប្រជាជនចិនទស្សនាក៏ពិតមែន តែក៏ត្រូវបានគេកែសាច់រឿងឱ្យនាងមានចំណុច និងលក្ខណៈល្អច្រើន ដោយសារតែវាទាក់ទងនឹងប្រវត្តិសាស្រ្តចិនដែលគេមិនចង់ឱ្យគ្រប់គ្នាដឹង។

ដូច្នេះថ្ងៃនេះ យើងនឹងបើកកកាយពីរឿងពិតទាំង ១០យ៉ាង របស់អធិរាជស្តេចស្រី ដែលបានចារជាប្រវត្តិសាស្រ្ត តែខុសពីសាច់រឿងក្នុងរឿងភាគមួយចំនួនដែលអ្នកនឹកស្មានមិនដល់៖

១០. ជាមនុស្សជំនិត(លេខា)របស់អធិរាជស្តេច ថៃចុង(Taizon)

- ឪពុករបស់ អ៊ូ ចឺធៀន គឺជាមនុស្សដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាអ្នកចេះដឹងម្នាក់នៅក្នុងសម័យនោះ ដែលជាហេតុបណ្តាលឱ្យគាត់បានបណ្តុះបណ្តាល បង្រៀនអក្សរសាស្រ្ត ព្រមទាំងចំណេះវិជ្ជាជាច្រើនដល់នាង ដែលនៅក្នុងសម័យនោះគ្មានមនុស្សស្រីណាធ្វើបានដូចនាងឡើយ។

- នៅពេលដែលនាងអាយុ១៤ឆ្នាំ ដោយសារតែពេញចិត្តភាពឆ្លាតវៃ និងទេពកោសល្យរបស់ អ៊ូ ចឺធៀន ស្តេច ថៃចុង បានដាក់ងារឱ្យនាងមានឈ្មោះថា អ៊ូ ម៉ីនាង ប្រែថា ស្រស់ស្អាត ឬមានមន្តស្នេហ៍។

- បើទោះបីជានាងបានចូលរាជវាំងធ្វើជាស្នំស្តេចយ៉ាងណាក៏ដោយ ដោយសារតែភាពឆ្លាតវៃ និងចង់ចេះចង់ដឹងរបស់នាង នាងបានប្រឹងប្រែងសិក្សាមុខវិជ្ជាជាច្រើន រហូតដល់ស្តេចពេញចិត្តលើកនាងជាលេខា និងជំនិតរបស់ទ្រង់ទៀតផង។

- ក្រោយពីសិក្សា និងបានរៀនសូត្រតាម ស្តេច ថៃចុងអស់រយៈពេល ១០ឆ្នាំ ពេលដែលនាងបានឡើងគ្រងរាជ្យ នាងបានយករបៀបគ្រប់គ្រងប្រទេសតាមស្តេចថៃចុងទៀតផង។

ជាមនុស្សជំនិត(លេខា)របស់អធិរាជស្តេច ថៃចុង

៩. មានស្នេហានឹងបុត្រាស្តេចថៃចុង ដើម្បីត្រលប់មករាជវាំងវិញ

- នៅក្នុងឆ្នាំ ៦៤៩ អធិរាជថៃចុងបានចូលទិង្គត ហើយតាមច្បាប់ព្រះនគរ មិនថាស្នំ អ្នកម្នាង ឬព្រះមហេសីស្តេចទេ ត្រូវតែកោរសក់បួសកាន់ទុក្ខឱ្យអធិរាជអស់មួយជីវិត។

- ដោយសារតែ មិនចង់រស់នៅបួសជាដូនជីអស់មួយជីវិត អ៊ូ ម៉ីនាងបានឆ្លៀតឱកាសលបលួចឱ្យខ្សែភ្នែក និងបញ្ចុះបញ្ចូលស្តេច លីជី(កៅចុង) បុត្រាបង្កើតរបស់ស្តេច ថៃចុង ហើយបានលបលួចស្នេហាគ្នា រហូតដល់ អ៊ូ ម៉ីនាង មានព្រះគភ៌។

- ស្តេចកៅចុង មានបំណងចង់យកនាងមករាជរាំងវិញ និងបានលួងលោមមហេសីរបស់ខ្លួន។ ដោយមហេសី វ៉ាង ជាមនុស្សស្រីស្មោះត្រង់ មានព្រះទ័យមេត្តា និងស្រលាញ់ស្វាមី ទាស់តែទ្រង់មិនអាចមានបុត្របាន ដូច្នេះពេលឮថា ម៉ីនាង មានផ្ទៃពោះ ព្រះមហេសីត្រេកអរណាស់បានជួយបំប៉ន និងថែទាំ អ៊ូ ម៉ីនាង យ៉ាងល្អ ព្រមទាំងឱ្យឈប់កោរសក់ និងទុកសក់ឱ្យវែងសិនទម្រាំដល់ពេលសមល្មមចូលរាជវាំងវិញ រួចទទួលងារជាស្នំឯក (ជំនាន់ទី២ ឪពុកផង កូនផង)។

- បើទោះបីជាមានការជំទាស់ពីបណ្តាមន្ត្រីយ៉ាងណាក៏ដោយក៏ អ៊ូ ម៉ីនាង នៅតែអាចឈានជើងមកកាន់រាជវាំងម្តងទៀត ដោយមានឋានៈខ្ពស់ជាងមុនទៅទៀត។

មានស្នេហានឹងបុត្រាស្តេចថៃចុង ដើម្បីត្រលប់មករាជវាំងវិញ

៨. សម្លាប់កូនស្រីខ្លួនឯងដើម្បីអំណាច

- បន្ទាប់ពីផ្តល់កំណើតឱ្យកូនប្រុសទាំង២ គឺ លី ហុង(ឆ្នាំ ៦៥២) និង លី ជៀន (៦៥៣) អ៊ូ ម៉ីនាង បានបង្កើតកូនស្រីម្នាក់ទៀតនៅក្នុងឆ្នាំ ៦៥៤ តែកូនស្រីនោះត្រូវបានស្លាប់យ៉ាងអាថ៌កំបាំងនៅក្នុងអង្រឹង។

- អ៊ូ ម៉ីនាង បានចោទប្រកាន់លើព្រះមហេសី និងគ្រួសាររបស់ព្រះមេហេសី វ៉ាង រួមទាំងស្នំឯក ស៊ៀវ ដែលធ្លាប់បានធ្វើបាប អ៊ូ ម៉ីនាង ថាបានរួមគំនិត និងរៀបឧបាយកលសម្លាប់កូនស្រីរបស់នាង។ ទីបំផុត ព្រះមហេសីវ៉ាង និងស្នំឯក ស៊ៀវ ត្រូវបានគេចាប់ដាក់គុក និងទទួលទោសប្រហារជីវិតដ៏សាហាវឃោរឃៅបំផុត ដោយកាត់ដៃកាត់ជើង ហើយយកត្រាំស្រារហូតដល់ស្លាប់។

- បើទោះបីជា ការស្លាប់របស់កូននាង នៅមិនទាន់មានអ្នកណាហ៊ានសន្និដ្ឋានបានច្បាស់ថា ដោយសារតែមូលហេតុអ្វីក៏ដោយ តែមនុស្សជាច្រើនបានដាក់ការសង្ស័យ និងជឿជាក់ថា នេះជាល្បិចកលរបស់ អ៊ូ ម៉ីនាង កម្ចាត់មហេសី និងស្នំឯកដែលទើសមុខចេញដើម្បីដណ្តើមអំណាច។ មិនខុសពីអ្វីដែល អ៊ូ ម៉ីនាងចង់បាន ក្រោយពីមហេសីវ៉ាងស្លាប់ នាងបានឡើងឋានៈជាព្រះមហេសីយ៉ាងពេញសិទ្ធ។

សម្លាប់កូនស្រីខ្លួនឯងដើម្បីអំណាច

៧. សម្លាប់អ្នកដែលប្រឆាំង និងរារាំងផ្លូវនាង

- តាំងពីបានឡើងឋានៈជាព្រះមហេសី អ៊ូ ម៉ីនាង លែងជាស្ត្រីទន់ភ្លន់ទៀតហើយ តែនាងបានក្លាយជាមនុស្សស្រីដែលតឹងរ៉ឹង ចិត្តដាច់ និងកាចសាហាវឃោរឃៅ បំផុត សូម្បីតែស្តេច កៅចុង ក៏ខ្លាចញញើតនាងដែរ។

- អ៊ូ ម៉ីនាង បានចាប់ផ្តើមធ្វើការបោសម្អាត និងកម្ចាត់ជន ឬមន្ត្រីណាដែលប្រឆាំង រារាំងផ្លូវរបស់នាង។ ជាពិសេសនាងក៏បានទិញទឹកចិត្ត និងមានអ្នកស៊ើបការណ៍សម្ងាត់ជាច្រើននាក់ផងដែរ ដើម្បីបម្រើការងារ និងអំណាចរបស់នាង។

- នៅក្នុងពេលដែលអំណាចរបស់នាងកាន់តែរីកធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ស្តេចកៅចុងបានចាប់ផ្តើមភ័យខ្លួន និងខ្លាចអ៊ូម៉ីនាងដណ្តើមអំណាចទាំងអស់ ក៏បានរិះរកវិធីជាមួយនឹងមន្ត្រីដែលស្មោះត្រង់ពីរូបគឺ Zhongshu Sheng និង Shangguan Yi ដើម្បីជួយទ្រង់ ប៉ុន្តែអ៊ូ ម៉ីនាងដឹងទាន់ ក៏បានសម្លាប់មន្ត្រីទាំងនោះចោលអស់។

សម្លាប់អ្នកដែលប្រឆាំង និងរារាំងផ្លូវនាង

៦. ទម្លាក់បុត្រខ្លួនឯងចេញពីស្តេចផែនដី

- ក្រោយពីស្តេចកៅចុងចូលទិវង្គតនៅក្នុងឆ្នាំ ៦៨៣ អ៊ូ ម៉ីនាង បានប្រគល់រាជ្យសម្បត្តិឱ្យបុត្រាច្បងគឺ លីហុង ដែលមាននាមជាអធិរាជ Zhongzong ។ តែអធិរាជរូបនេះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រពន្ធខ្លួនគឺ មហេសី វ៉ៃ ដែលបានចាប់ផ្តើមប្រើសិទ្ធអំណាច បង្កើតបក្សពួក និងសាច់ញាតិបងប្អូនខ្លួន ។ ព្រោះតែភាពអំនួត និងការចង់ដណ្តើមអំណាចរបស់មហេសីវ៉ៃ អ៊ូ ម៉ីនាងក៏បានទម្លាក់ឋានៈអធិរាជ Zhongzong និងនិរទេសចេញពីរាជវាំង។

- បន្ទាប់មកក៏លើកបុត្រាបន្ទាប់ព្រះនាម Li Dan ហៅអធិរាជ Ruizong ឡើងគ្រងរាជបន្ត តែមិនបានប៉ុន្មាន នាងក៏បានបង្ខំកូនខ្លួនឯងចុះចេញពីរាជសម្បត្តិនៅក្នុងឆ្នាំ ៦៩០។ រួចនាងក៏ឡើងគ្រងរាជ្យដោយខ្លួនឯងតែម្តង ដោយដាក់ឈ្មោះខ្លួនឯងថា សឺធៀន ( Zetian) មានន័យថា ម្ចាស់ច្បាប់នៅក្រោមមេឃ។

ទម្លាក់បុត្រខ្លួនឯងចេញពីស្តេចផែនដី

៥. តាំងខ្លួនជាព្រះ

ការធ្វើជាអធិរាជនៃរាជវង្ស ចូវ (Zhou) មិនទាន់ស្កប់ចិត្ត អ៊ូ ម៉ីនាងនោះឡើយ នាងបានដាក់បញ្ជា ឱ្យគេសាងសង់រូបសំណាក់ព្រះពុទ្ធ Maitreya ដែលមានរូបរាង មុខមាត់ដូចជានាង និងតាំងនាមខ្លួនឯងដូចជាព្រះជាម្ចាស់ ដើម្បីឱ្យប្រជារាស្រ្តទូទាំងនគរគោរពនាង ដូចជាព្រះរស់។

តាំងខ្លួនជាព្រះ

៤. មានជំនឿឆ្វេងនិយម

- អ៊ូ ម៉ីនាង នៅតែបន្តដាក់ទោស និងចាប់មន្ត្រីជាច្រើនដាក់គុកដោយសារតែនាងខ្លាចមានគេដណ្តើមអំណាចរបស់នាង ជាពិសេសនាងមិនជឿជំនឿដែលដាក់ទោស ឬប្រឆាំងនឹងនាងនោះឡើយ។

- មានមន្ត្រីម្នាក់បាននិយាយប្រាប់នាងថា នាងមិនសាកសមនឹងគ្រប់គ្រងប្រទេសជាតិនោះឡើយ បានជាទេវត្តាដាក់ទោសមានគ្រោះរញ្ជួយដីកើតឡើង តែអ៊ូ ម៉ីនាងមិនស្តាប់នោះទេ នាងគិតថាជាប្រផ្នូលល្អទៅវិញ។ ដោយយល់ថាមន្ត្រីនោះប្រឆាំងនឹងនាង នាងបានដាក់ទោសមន្ត្រីនោះយ៉ាងឃោរឃៅផងដែរ។

មានជំនឿឆ្វេងនិយម

៣. មានស្នំប្រុសៗបម្រើតណ្ហា

- បើទោះបីជាមានវ័យចំណាស់យ៉ាងណាក៏ដោយ តែ អ៊ូ ម៉ីនាងជាមនុស្សស្រីដែលមានតណ្ហាក្រាស់ណាស់ រហូតកោះហៅប្រុសៗក្មេងៗមករួមដំណេក ជាពិសេសគឺព្រះសង្ឃក្លែងក្លាយសំណព្វចិត្តម្នាក់ឈ្មោះ Huaiyi ។

- ក្រោយមក នាងក៏មានស្នេហាជាមួយនឹងបណ្តាប្រុសៗជាច្រើនរហូតដល់ខូចឈ្មោះ ធ្លាក់ចុះអំណាច និងបាត់បង់ទំនួលខុសត្រូវក្នុងការគ្រប់គ្រងប្រទេសជាតិ ដោយការសប្បាយភ្លើតភ្លើនភ្លេចខ្លួន។

- ក្រោយពីអំណាចធ្លាក់ចុះ បណ្តាមន្ត្រីរបស់នាងចាប់ផ្តើមទម្លាក់នាងពីរាជសម្បត្តិនៅក្នុងឆ្នាំ ៧០៥ និងបានសម្លាប់បណ្តាស្នំប្រុសៗរបស់នាងចោលអស់។

- បុត្រារបស់នាងគឺស្តេច Zhongzong បានគ្រងរាជសម្បត្តិម្តងទៀត ហើយរាជវង្សចូវរបស់ អ៊ូ ម៉ីនាង ផ្តើមត្រឹមនាង ហើយបញ្ចប់ក៏ត្រឹមនាងតែម្នាក់ប៉ុណ្ណោះ។ អ៊ូ ម៉ីនាង បានចូលនិវត្តន៍ និងប្រើជីវិតរស់នៅធម្មតា រហូតដល់ស្លាប់បាត់បង់ជីវិតនៅក្នុងអាយុ ៨០ ឬ ៨១ឆ្នាំ។

មានស្នំប្រុសៗបម្រើតណ្ហា

២. ទទួលបានការគោរពស្រលាញ់ពីស្ត្រី និងមនុស្សទូទៅ

- ក្រោមការគ្រប់គ្រងរបស់អ៊ូ ម៉ីនាង ប្រជារាស្រ្តរស់នៅបានយ៉ាងសុខសាន្តណាស់ ដោយ អ៊ូ ម៉ីនាងបានកសាងកន្លែងសំខាន់ៗដូចជាប្រព័ន្ធធារាស្រ្ត ជួយប្រជាជនគ្មានទីពឹង បន្ថយពន្ធដល់កសិករ និងជនក្រីក្រផងដែរ។

- អ្វីដែលសំខាន់នៅក្នុងរាជកាលរបស់អ៊ូ ម៉ីនាង ស្ត្រីទទួលបានការសិក្សា និងអប់រំ ថែមទាំងអាចមានសិទ្ធស្មើបុរស អាចធ្វើការងាររាជការ ធ្វើនយោបាយ ជាអ្នកដឹកនាំ អ្នកនិពន្ធ និងតំណែងសំខាន់ៗបានទៀតផង។

- ការគ្រប់គ្រងរបស់នាងធ្វើឱ្យប្រជារាស្រ្តរស់នៅសម្បូរសប្បាយ ដែលជាហេតុធ្វើឱ្យនាងជាអធិរាជស្រីដែលមានរាស្រ្តសាមញ្ញគោរពស្រលាញ់ជាងអធិរាជណាៗទាំងអស់។

ទទួលបានការគោរពស្រលាញ់ពីស្ត្រី និងមនុស្សទូទៅ

១. ផ្ទាំងថ្មរូបសំណាក់នាងទទេស្អាត

- ទោះជា អ៊ូ ម៉ីនាង គឺជាអធិរាជស្រីដែលធ្វើឱ្យប្រទេសជាតិសម្បូរសប្បាយ និងរីកចម្រើនយ៉ាងណាក៏ដោយ តែពួកមន្ត្រី និងមនុស្សមួយចំនួនមិនដែលចាត់ទុកនាងជាអធិរាជឡើយ គឺត្រឹមតែជាស្រីស្នំរបស់អធិរាជ ប៉ុណ្ណោះ (Dowager empress) ។

- ហើយបន្ទាប់ពីនាងបានស្លាប់ ចេតិយរបស់នាង ត្រូវបានគេទុកទទេរស្អាតដោយមិនមានចារជាអក្សរអ្វីឡើយ ដោយគេយល់ថានាងមានកេរ្តិ៍ឈ្មោះមិនស្អាតស្អំនៅពេលដែលនៅរស់៕  

ផ្ទាំងថ្មរូបសំណាក់នាងទទេស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]