(ភ្នំពេញ)៖ ខណៈដែលមានអ្នកសិល្បៈជើងចាស់ ដែលកំពុងតែធ្លាក់ខ្លួនឈឺ ខ្វះខាត និងគ្មានទីពឹង គ្មានលទ្ធភាពក្នុងការរ៉ាប់រង បន្ទុកនៅក្នុងគ្រួសារ តែហាក់ដូចជាគ្មានអ្នកអើពើផងនោះ ស្រាប់តែធ្វើឲ្យអតីតតារាសម្ដែងស្រីសិចស៊ី អ្នកនាង ស្រីម៉ុច ដែលកំពុងតែត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងកោះប្រជុំ ត្រៀមដាក់វិធានការដុសក្អែលលើនាង ពីរឿងស្លៀកពាក់សិចស៊ីហួសហេតុនោះ បានកើតទុក្ខមិនសុខចិត្ត រហូតស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលពាក់ព័ន្ធនឹងខាងតារា គួរយកចិត្តទុកដាក់ និងជួយដល់សិល្បករ-សិល្បការិនី ចាស់ជរា ដែលកំពុងតែធ្លាក់ខ្លួនឈឺ ព្រមទាំងគ្មានលទ្ធភាព រ៉ាប់រងជីវភាពក្នុងគ្រួសារ ប្រសើរជាងយកពេលឥតប្រយោជន៍ មកដុសក្អែលរូបនាងខុសរឿង ឬតារាសិចស៊ីដទៃទៀត ទាំងដែលនាងបានឈប់ពីសិល្បៈនេះ យូរមកហើយ។

អ្នកនាង ស្រីម៉ុច បានបង្ហោះសារ នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «យកពេលទៅជួយគាត់ខ្លះទៅអីបងៗ អ្នកគ្រប់គ្រងខាងនឹង កុំយកពេលមក ដុសក្អែលមនុស្សខុសរឿង។ ហាហា..ប្រហែលភ្លេចថា គាត់ជាតារាហើយមើលទៅ តារាច្រើនចាំអត់អស់មែន? ចាំបានតែអារឿងខុសរបៀប ខ្ញុំនិយាយក្នុងនាមខ្ញុំ ជាប្រជាពលរដ្ឋម្នាក់ទេណា មិនមែនខ្ញុំ ចេះដឹងរឿងបងៗទេ»។

ការបង្ហាញសារបស់អតីតតារាសម្ដែង ស្រីម៉ុច បែបនេះ គឺបន្ទាប់ពីនាងបានឃើញថា ថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងតែគ្រោង កោះប្រជុំពិភាក្សា ដើម្បីដាក់ពិន័យលើរូបនាង ខណៈក្រសួងត្រៀម ធ្វើតាមដំណាក់កាលនីមួយៗ និងទៅតាមកម្រិត នៃការស្លៀកពាក់សិចស៊ី របស់តារាសិល្បៈខ្មែរមួយចំនួន។ ប៉ុន្តែក្រសួងមិនអាចប្រមូលម្តង ហៅពួកគេមកទាំងអស់នោះទេ គឺសិក្សាទៅលើលក្ខណៈ នៃការស្លៀកពាក់របស់គាត់ជាមុនសិន។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសន្យា បានថ្លែងប្រាប់ Khmertalking កាលពីពេលថ្មីៗនេះថា មិនយូនោះទេ ពោលគឺអាចដើមសប្តាហ៍ក្រោយនេះ ក្រសួងនឹងចាប់ផ្តើម ធ្វើការងារនេះហើយ។ ម្យ៉ាងទៀត លោកក៏នឹងស្នើសុំយោបល់ពីលោកជំទាវរដ្ឋមន្រ្តី ដើម្បីសម្រេច និងចេញលិខិតប្រកាសជាក់ស្តែង ឲ្យកាន់តែប្រាកដច្បាស់តែម្តង លើករណីនេះ ព្រោះក្រសួងក៏នៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើ គឺពុំមែនមានតែបញ្ហានេះមួយឡើយ។

គួរបញ្ជាក់ថា អតីតតារាសម្ដែងស្រីសិចស៊ី មានកូនបីនាក់ជាប់ខ្លួន អ្នកនាង ស្រីម៉ុច បង្ហោះនូវសារខាងលើនេះឡើង ក្រោយពេលដែលនាងត្រូវបានខាងក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមចាត់វិធានការ ចង់ដុសក្អែល នាងចេញម្ដង ពីរឿងស្លៀកពាក់សិចស៊ីជ្រុលហួសហេតុ ទាំងដែលនាងគ្រាន់តែជាប់ឈ្មោះថា ជាអតីតតារាសម្ដែង ខណៈដែលតារាជើងចាស់ ដែលកំពុងតែជួបភាពខ្វះខាត គ្មានលទ្ធភាព ក្នុងការរកស៊ីចិញ្ចឹមគ្រួសារ តែខាងក្រសួងដែលពាក់ព័ន្ធ បែរជាមិនសូវអើពើទៅវិញ។ យ៉ាងណាមិញ នេះគ្រាន់តែជាការលើកឡើង របស់អ្នកនាង ស្រីម៉ុច ដែលចង់ឲ្យមានការយកចិត្តទុកដាក់ ចំពោះអ្នកសិល្បៈជើងចាស់ ដែលជួបការខ្វះខាតខ្លាំង តែប៉ុណ្ណោះ៕

សាររបស់ស្រីម៉ុច ​
ស្រីម៉ុច ​
ស្រីម៉ុច ​
ស្រីម៉ុច ​
ស្រីម៉ុច ​
ស្រីម៉ុច ​

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]