ភ្នំពេញ៖ កាលពីម្សិលមិញនេះ ពាក់ព័ន្ធទៅនឹងករណីប្លន់ធនាគារ RHB ឥណ្តូឆៃណា ដោយក្រុមចោរប្រមាណជា៥នាក់ ប្រដាប់ទៅដោយអាវុធកាំភ្លើងខ្លី ចូលប្លន់ទាំងកណ្តាលថ្ងៃត្រង់ ប្រមូលយកថវិកាជាង១០ម៉ឺនដុល្លារ រត់ចេញទៅបាត់ដោយសុវត្ថិភាព បានបង្កការភ្ញាក់ផ្អើល ដល់មហាជនទូទាំងទីក្រុងភ្នំពេញ មិនស្ទើរនោះទេ។

យ៉ាងណាមិញ ក្រោយពេលកើតហេតុមិនបានប៉ុន្មាន ស្រាប់តែសមត្ថកិច្ចក៏បានធ្វើការចាប់ឃាត់ខ្លួននូវជនសង្ស័យម្នាក់ ដែលគេសង្ស័យថាបានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមក្រុមចោរប្លន់ ដោយសារតែបុរសរូបនោះ មានភិនភាគសម្លៀកបំពាក់ស្រដៀងទៅនឹងក្រុមចោរ ថែមទាំងស្ថិតនៅក្នុងបរិវេណ ដែលគេកំពុងតែស៊ើបអង្កេតថែមទៀតផង។

បុរសដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនច្រឡំកាលពីម្សិលមិញ
បុរសដែល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនច្រឡំកាលពីម្សិលមិញ

ប៉ុន្តែមិនថាយ៉ាងណា ក្រោយពីធ្វើការសាកសួរនិង ស៊ើបអង្កេតយ៉ាងល្អិតល្អន់មក បានឲ្យឃើញថា បុរសដែលត្រូវបានចោទថាជាជនសង្ស័យ ដែលមានឈ្មោះថា សួត ហ៊ឹម រូបនេះ មិនបានជាប់ពាក់ព័ន្ធជាមួយនឹងករណីនេះនោះទេ ពោលគឺលោកត្រូវបានសមត្ថកិច្ចចាប់ច្រឡំតែប៉ុណ្ណោះ ហើយមកទល់ពេលនេះ សមត្ថកិច្ចក៏បានធ្វើការដោះលែង ឲ្យលោកត្រឡប់មកផ្ទះជាធម្មតាវិញហើយ។

តួយ៉ាង បន្ទាប់ពីជួបហេតុការណ៍ដ៏តក់ស្លុតនេះផងដែរ ម្ចាស់សាមីខ្លួនផ្ទាល់លោក សួត ហ៊ឹម ក៏បានបង្ហោះជាសារខ្លីមួយ នៅលើគណនីហ្វេសប៊ុករបស់លោកនិយាយពីអារម្មណ៍ពិត និងប្រាប់ពីដំណឹងនៃការត្រឡប់មកវិញរបស់លោក ដើម្បីឲ្យគ្រប់គ្នាឈប់ព្រួយបារម្ភបន្ត ទៀតផងដែរ។

នេះជាសាររបសលោក ៖ «សួស្តីប្រិយមិត្ត ក្នុងបណ្ដាញ facebook ទាំងអស់អោយបានដឹងថា សម្រាប់ហេតុការណ៍ ដែលបានកើតឡើងចំពោះខ្ញុំនៅក្នុងថ្ងៃនេះ គ្រាន់តែជាកាយល់ច្រឡំតែប៉ុណ្ណោះ ហើយឥឡូវនេះគេបានស៊ើបអង្កេតហើយដែរ ថាខ្ញុំពិតជាមិនបានជាប់ពាក់ព័ន្ធ នឹងករណីនេះមែន»។ មិនតែប៉ុណ្ណោះ លោកក៏ទទួលបានសារ ចូលរួមត្រេកអរ និងការលើកទឹកចិត្តជាច្រើន ពីសំណាក់មិត្តភក្តិ និងក្រុមគ្រួសាររបស់លោកផងដែរ៕

លោក សួត ហ៊ឹម ក្រោយត្រូវបានដោះលែង ត្រឡប់មកផ្ទះវិញ
លោកសួត ហ៊ឹម ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគ្រួសារ
លោកសួត ហ៊ឹម ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]