អាមេរិក៖ ក្រុមហ៊ុនយក្សអ៊ូបឺ (Uber) អង្គការណាសា និងមន្ទីរពិសោធន៍ស្រាវជ្រាវយោធា កំពុងចាប់ដៃគ្នាបង្កើត “តាក់ស៊ីហោះ (Flying Taxi)”  ក្នុងបំណងធ្វើឱ្យសេវាតាក់ស៊ីក្នុងក្រុងរឹតតែប្រសើរឡើង និងដើម្បីដឹកជញ្ជូនទាហានទៅសមរភូមិមុខ ក្នុងតម្លៃថោកជាងមុនឆ្ងាយ ខណៈម៉ាស៊ីនស្ងាត់ជាងឧត្ថម្ភាគចក្ររបស់កងទ័ព។

រូបតំណាងតាក់ស៊ីហោះរបស់យូប៊័រ

កិច្ចសហការណ៍រវាងក្រុមហ៊ុន Uber និងកងទ័ព គឺក្នុងគោលដៅអភិវឌ្ឍប្រព័ន្ធម៉ាស៊ីនពីរថ្មីសន្លាងមួយ ដើម្បីដំណើរការកន្ទុំរុយមួយគ្រឿងដែលប្រើអគ្គិសនី និងត្រូវបានរំពឹងថាអាចហោះក្នុងកម្ពស់ពី ៣០០ ទៅ ៦០០ ម៉ែត្រពីដី និងមានល្បឿនពី ២៤០ ទៅ ៣២០ គីឡូម៉ែត្រ/ម៉ោង ខណៈការសាកថាមពលម្តង អាចហោះបានចម្ងាយជិត ១០០ គីឡូម៉ែត្រ។

តាក់ស៊ីហោះគម្រូដំបូងរបស់យូប៊័រ

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នៃកិច្ចការដែលគិតជាទឹកប្រាក់ ១លានដុល្លារ រវាងក្រុមហ៊ុន Uber និងកងទ័ព ត្រូវបានចុះហត្ថលេខា កាលពីខែឧសភាដើម្បីអភិវឌ្ឍប្រព័ន្ធច្នៃប្រឌិតថ្មីដ៏ទំនើបមួយ ដែលមានសំឡេងម៉ាស៊ីនស្ងាត់ មានប្រសិទ្ធភាព ហោះត្រង់ឡើងលើ-ចុះចតត្រង់ចុះក្រោម សម្រាប់កងឧត្ថម្ភាគចក្រនៃកងទ័ពជំនាន់ក្រោយដែលគ្មានមនុស្សបើក។

ខាងក្នុងតាក់ស៊ីហោះរបស់យូប៊័រ

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះ ក៏កំពុងសហការជាមួយអង្គការណាសា ដើម្បីបង្កើតគោលគំនិតគ្រប់គ្រងចរាចរណ៍ និងប្រព័ន្ធសុវត្ថិភាពផ្លូវអាកាសផងដែរ ដោយអ្នកឯកទេសរបស់អង្គការនេះនឹងវាយតម្លៃផលប៉ះពាល់នៃយានហោះតូចៗ រាប់តាំងពីដ្រូនដឹកជញ្ជូនទំនិញ ទៅយានហោះឡើងត្រង់ដឹកអ្នកដំណើរក្នុងមជ្ឍដ្ឋានដែលមានមនុស្សអ៊ូអរ។

តាក់ស៊ីហោះអាចចុះចតលើគ្រប់អាគារ ដែលអាចចុះចតបាន

បើតាមផែនការ ក្រុមហ៊ុនដែលផ្តល់សេវាកម្មដឹកជញ្ជូនដ៏ធំមួយនេះ នឹងដាក់ឱ្យប្រើប្រាស់សេវាតាក់ស៊ីហោះ ដែលអាចចុះចតបានលើគ្រប់ដំបូលអគារទូទាំងប្រទេស ក្នុងឆ្នាំ ២០២០ ដោយមានពីឡុតបើក មុននឹងដំណើរការដោយស្វ័យប្រវត្តិទាំងស្រុងនៅ ៥ ទៅ ១០ ឆ្នាំបន្ទាប់ រីឯតម្លៃឈ្នួលវិញគឺប្រហែល ១ដុល្លារ/គីឡូម៉ែត្រ/នាក់ ដែលអាចជិះបានបួននាក់។  ប៉ុន្តែអ្នកដំណើរត្រូវកក់តាក់ស៊ីហោះនេះ ៦០ នាទីមុន ដោយប្រើកម្មវិធីទូរសព្ទ៕

គោលដៅធ្វើដំណើរ នៃតាក់ស៊ីហោះរបស់យូប៊័រ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]