ភ្នំពេញ៖ ស្របពេល​តម្លៃ​ដីធ្លី​នៅ​ក្រុងភ្នំពេញ និង​ជុំវិញ​ក្រុងភ្នំពេញ​កើនឡើង​ខ្ពស់ និង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ បានធ្វើ​ឲ្យ​មានការ​លើក​ជា​សំណួរ​ថា តើ​អ្វី​នៅ​ពីក្រោយ​រលក​នៃ​តម្លៃ​ដីធ្លី​នេះ។

អ្នកជំនាញ​បាន​ពន្យល់​ពី​ការឡើង​ថ្លៃ​ដី​នៅ​ក្រុងភ្នំពេញ ដោយសារ​កត្តាសំខាន់ៗជាច្រើន។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៣ សីហា​នេះ​ថា ជា​មធ្យម​តម្លៃ​ដី​នៅ​ក្រុងភ្នំពេញ​កើនឡើង៦,៦ភាគរយ​ប្រចាំឆ្នាំ តួលេខ​នេះ​ជា​ការគិត​ជាទូទៅ ប៉ុន្តែ​តំបន់​ខ្លះ​កើន​ខ្ពស់ជាង​នេះ​ច្រើន និង​ខ្លះ​តិចជាង​នេះ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ដីធ្លី​នៅ​កម្ពុជា ពិសេស​ក្រុងភ្នំពេញ​ឡើងថ្លៃ​ខ្ពស់ ដោយសារ​កត្តាសំខាន់ៗមួយចំនួន​ដូចជា ទី១ លំហូរ​នៃ​ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស​កើនឡើង (FDI) ទី២ ដី​នៅ​កម្ពុជា​អាច​ទិញ​ជា​លក្ខណៈ​កម្ម​សិ​ទ្ឋ​បាន ដោយសារ​កម្ពុជា​មានច្បាប់​វិនិយោគ​ពិសេស ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​កាន់កាប់​ក្រុមហ៊ុន១០០ភាគរយ​ដោយ​ខ្លួនឯងបាន។

ទី៣ កំនើនសេដ្ឋកិច្ច​រ៉ឹង​មាំ​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​ប្រជាជន​កើនឡើង ទី៤ ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កើនឡើង​ខ្ពស់ ពិសេស​លំនៅដ្ឋាន អាគារ​ការិយាល័យ និង​លំនៅដ្ឋាន​បែប​សហកម្ម​សិ​ទ្ឋ(ខុន​ដូ) ទី៥ ការពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល​កាន់​តែមាន​ភាពប្រសើរឡើង និង​ទី៦ តម្រូវការ​ប្រើប្រាស់​ដី​កើនឡើង​ដោយសារ​កំនើន​ប្រជាសាស្ត្រ នៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​កើនឡើង​ជាប់​ជាប្រចាំ។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​រកឃើញថា គិតពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០៣០ខាងមុខ ប្រទេស​កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ជាង៨០ម៉ឺន​ខ្នង​បន្ថែមទៀត នៅក្នុង​ទីក្រុង ហើយ​ចំនួន​ប្រជាជន​ចូលមក​រស់នៅ​តាម​ទីក្រុង​និង​ទីប្រជុំជន​នានា​កើន​ដល់៨លាន​នាក់៕

ប្រភព៖ Property area

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]