ប៉ាឡាវ៖ លើផែនដីយើងនេះ មានប្រទេសជិត ២០០ ដែលមានសណ្ឋានដីខុសៗគ្នា ដោយខ្លះជាដែនគោកគ្មានសមុទ្រ ឬ ទន្លេ ហើយខ្លះទៀតជាដែនកោះសុទ្ធសាធ។ ក្នុងចំណោមរដ្ឋដែនកោះទាំងនោះ មានប្រទេសមួយដែលភាគច្រើនមិនសូវមានអ្នកស្គាល់ ប៉ុន្តែមានចំណុចពិសេសៗជាច្រើនដែលស្ទើរតែគ្មានប្រទេសណាដូច។ នោះគឺប្រទេស ប៉ាឡាវ (Palau)!

កម្រងកោះនៃប្រទេសប៉ាឡាវ

នេះជាអ្វីដែលប្លែកគេទាំង ១០ របស់ប៉ាឡាវ៖

១. ស្ត្រីជាអ្នកគ្រប់គ្រងសង្គម

សង្គមប៉ាឡាវ ពឹងផ្អែកលើប្រព័ន្ធសែស្រឡាយខាងម្តាយដ៏តឹងរ៉ឹង ដោយស្ត្រីជាអ្នកធ្វើការសម្រេចចិត្តក្នុងសង្គមដូចជា ការផ្ទេរមរតក ការរៀបការ បុណ្យសព និងរាល់ទិដ្ឋភាពផ្សេងៗក្នុងជីវិត។  

ស្ត្រីនៅប្រទេសប៉ាឡាវ

២. ស៊ុបប្រចៀវស៊ីផ្លែឈើ ជាអាហារដ៏ប្រណីត

អ្នកស្រុកប៉ាឡាវ ធ្វើស៊ុបដោយផ្សំពីប្រចៀវស៊ីផ្លែឈើ ខ្ទិះដូង ខ្ញី និងគ្រឿងទេស។ មុខម្ហូបនេះត្រូវបានចាត់ទុកជាអាហារប្រណីតក្នុងប្រទេស។  

ស៊ុបប្រចៀវស៊ីផ្លែឈើ

៣. មានបឹងមួយដែលជាសម្បុកនៃខ្ញែសមុទ្ររាប់លានក្បាល

បឹងដែលនៅកៀកសមុទ្រមួយកន្លែង ស្ថិតលើកោះអ៊ីលម៉ាល់ (Eil Malk) មានខ្ញែសមុទ្រធ្វើដំណើរផ្លាស់ទីកាត់បឹងទៅមករាប់លានក្បាល ជារៀងរាល់ថ្ងៃ។ តាមពិតបឹងនេះត្រូវបានកាត់ផ្តាច់ពីមហាសមុទ្រកាលពីអតីតកាល ប៉ុន្តែវានៅភ្ជាប់គ្នាតាមរយៈក្រហែងតូចៗ និងផ្លូវរូងក្នុងថ្មកំបោរបាតបឹង។ ខ្ញែសមុទ្រទាំងនេះគ្មានជាតិពុលឡើយ ព្រោះថាអវត្តមាននៃសត្វដែលប្រមាញ់វាជាអាហារ ធ្វើឱ្យរាងកាយមិនចាំបាច់ផលិតជាតិពុលដើម្បីការពារខ្លួនឡើយ។ 

សព្វថ្ងៃ អ្នកទេសចរត្រូវបានអនុញ្ញាតឱ្យហែលទឹក និងមុជទឹក ប៉ុន្តែមិនឱ្យទៅជ្រៅពេកទេ ព្រោះវាមានស្រទាប់ជាតិពុលដែលផលិតអ៊ីដ្រូសែនស៊ុលភីត ក្នុងកម្រិតដែលអាចបណ្តាលឱ្យស្លាប់បាន។  

បឹងខ្ញែសមុទ្ររាប់លាន

៤. បង្កើតតំបន់អភិរក្សត្រីឆ្លាមដំបូងបំផុតក្នុងលោក ឆ្នាំ ២០០៩

រាល់សកម្មភាពនេសាទត្រីឆ្លាមក្នុងបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវបានហាមឃាត់ក្នុងដែនទឹករបស់ប្រទេសនេះ។ សព្វថ្ងៃ តំបន់អភិរក្សនេះការពារលើផ្ទៃសរុប ៦០០,០០០ គីឡូម៉ែត្រការ៉េ។ នៅឆ្នាំ ២០១២ ក្រុមប្រឹក្សាដើម្បីអនាគតពិភពលោក បានផ្តល់ “ពានរង្វាន់ផ្នែកគោលនយោបាយដើម្បីអនាគត” ដោយទទួលស្គាល់ថាប្រទេសនេះខិតខំយ៉ាងខ្លាំងក្នុងការការពារប្រព័ន្ធបរិស្ថានសមុទ្រ។  

ជម្រកអភិរក្សត្រីឆ្លាម

៥. កូនប្រទេសនេះគ្មានយោធាទេ

តាមរយៈកិច្ចព្រមព្រៀងនៃសមាគមសេរី សហរដ្ឋអាមេរិកទទួលខុសត្រូវក្នុងការការពាររដ្ឋប៉ាឡាវ ទល់នឹងការឈ្លានពានរបស់បរទេស។ ទោះយ៉ាងណា ប្រទេសនេះមានអង្គភាពឃ្លាំមើលដែនសមុទ្រ ដែលមានសមាជិក ៣០ រូប ដើម្បីបំពេញភារកិច្ចល្បាតឆ្នេរនានារបស់ខ្លួន។  

ទូកល្បាតឆ្នេររបស់ប៉ាឡាវ

៦. ក្រពើសមុទ្រយក្សរស់នៅដោយមិនខ្វល់ពីការរុកកួន

គេឧស្សាហ៍ឃើញក្រពើទឹកប្រៃនៅតាមព្រៃកោងកាង និងកោះដែលមានថ្មច្រើន។ ថ្វីបើគេចាត់ទុកវាជាសត្វសាហាវ តែករណីមនុស្សស្លាប់ដោយសារសត្វនេះមានតែម្តងគត់ ហើយត្រូវបានរាយការណ៍ថាកើតឡើងតាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ ម៉្លេះ។  

អ្នកទេសចរហែលទឹកជាមួយក្រពើធ្វើមិនដឹង

៧. បឹងមីគីវ៉េទឹកប្រៃភក់-ស ផ្តល់ការស្ប៉ាបែបធម្មជាតិ

ភក់-សដែលមាននៅបាតបឹងមីគីវ៉េនេះ ផ្តល់ជូននូវការស្ប៉ាបែបធម្មជាតិ ដល់អ្នកដែលចាប់អារម្មណ៍ក្នុងការប្រឡូកប្រឡាក់ខ្លួនជាមួយភក់។ ទេសចរជាច្រើនបានមកប៉ាតភក់ស្ទើរគ្រប់កន្លុកកន្លៀតលើខ្លួនប្រាណ ដើម្បីទទួលបានប្រសិទ្ធភាពដូចជាការស្ប៉ា នៅលើស្បែក។  

ទេសចរប៉ាតភក់-ស នៅបឹងមីគីវ៉េ

៨. មានគុកតែមួយគត់ តែប្រើជាគោលដៅទេសចរណ៍

ពន្ធនាគារកូរ៉័រ (Koror) ជាមណ្ឌលកែប្រែតែមួយគត់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ វាត្រូវបានប្រើជាគោលដៅទេសចរណ៍ ដោយទណ្ឌិត (អ្នកទោស) ជាអ្នកលក់ឈើចម្លាក់ចេញជាសាច់រឿង នៅតូបលក់រាយមួយកន្លែង ក្នុងបរិវេណពន្ធនាគារតែម្តង។  

ចម្លាក់ឈើចេញជាសាច់រឿង ក្នុងពន្ធនាគារនៅប៉ាឡាវ

៩. មានរដ្ឋបាលច្រើនបំផុតក្នុងលោក

ថ្វីបើប្រទេសនេះជាកម្រងកោះដ៏តូចមួយក្តី ក៏តំបន់ត្រួតត្រាទាំងមូលដែលមានប្រជាជនត្រឹមតែ ២ ម៉ឺននាក់ ត្រូវបានបែងចែកជារដ្ឋចំនួន ១៦ ស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលខុសៗគ្នា។ សាលាក្រុងនីមួយៗមាននីតិកាលតាមរយៈការបោះឆ្នោត និងមេកន្ទ្រាញមួយរូប។  

ប្រហែលជាគាត់កំពុងធ្វើជំរឿនសត្វសមុទ្រ

១០. គោលដៅទេសចរណ៍ដ៏អស្ចារ្យ

ភ្ញៀវទេសចរដែលបានមកលេងប្រទេសនេះហើយ តែងត្រលប់មកវិញជាមួយអនុស្សាវរីយ៍ជាទីគាប់ចិត្ត ព្រោះប្រទេសនេះពោរពេញទៅដោយតំបន់ភូមិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍ ដែលគេអាចកម្សាន្តផ្សងព្រេងក្នុងកម្រិតអស្ចារ្យបំផុតក្នុងមួយឆាកជីវិត។ 

ទឹកសមុទ្រដែលថ្លាដូចកញ្ចក់

គួរឱ្យដឹងថា ប៉ាឡាវ ស្ថិតក្នុងចំណោមប្រទេសតូចៗ ដែលមានកោះប្រមាណ ៣៤០ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងមានផ្ទៃដីខ្ទង់ ៤៦៦ គីឡូម៉ែត្រការ៉េ។ ក្នុងនោះ កោះកូរ៉ូ (Koro) មានប្រជាជនរស់នៅច្រើនជាងគេ ខណៈទីក្រុងជើរ៉លមុដ (Ngerulmud) ដែលមានទីតាំងនៅកោះបាប៊ែលដាអប (Babeldaob) ជារដ្ឋធានីនៃសាធារណរដ្ឋមួយនេះ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]