ព្រៃឈើមិនត្រឹមជាដែនជម្រកសត្វព្រៃតូចធំ និងសត្វកម្រជិតផុតពូជស្នាក់អាស្រ័យនោះទេ តែព្រៃឈើមានប្រយោជន៍ខ្លាំងណាស់សម្រាប់បរិស្ថានរស់នៅ ដោយវាអាចជួយទាញទឹកភ្លៀងឱ្យធ្លាក់ចុះមកទៀងទាត់គ្រប់គ្រាន់ ធ្វើឱ្យមានអាកាសធាតុល្អ ទប់ស្កាត់ទឹកទំនន់ ផ្តល់ខ្យល់អុកស៊ីហ្សែនបរិសុទ្ធ រួមទាំងអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់។ ប៉ុន្តែដោយសារតែតម្រូវការ កំណើនប្រជាជន រួមទាំងការអភិវឌ្ឍន៍ប្រទេសគ្រប់វិស័យ និងការយកដីសម្រាប់ដំណាំដាំដុះកសិកម្មផងដែរនោះ បានធ្វើឱ្យចំនួនព្រៃឈើនៅលើពិភពលោកកាន់តែហិនហោចទៅៗពីមួយឆ្នាំទៅមួយឆ្នាំ បង្កជាគ្រោះធម្មជាតិស្ទើរតែគ្រប់ទីកន្លែង។

នៅក្នុងនោះផងដែរ គេបានរកឃើញថា មានប្រទេស ១០  មានតំបន់ព្រៃឈើច្រើនជាងគេបង្អស់ក្នុងលោក ដែលភាគច្រើនបណ្តាលមកពីផ្ទៃដីប្រទេសទាំងនោះមានទំហំធំ មួយផ្នែកទៀតគឺដោយសារការអភិរក្ស និងការខិតខំថែរក្សាជាដើម។

ដូច្នេះចង់ដឹងថាមានប្រទេសណាខ្លះសម្បូរព្រៃឈើ មកតាមដានទាំងអស់គ្នាដូចខាងក្រោម៖

១.ប្រទេសរុស្ស៊ី

មិនត្រឹមតែជាប់ជាប្រទេសដែលមានផ្ទៃដីធំជាងបង្អស់នោះទេ តែប្រទេសរុស្ស៊ីក៏សម្បូរព្រៃឈើជាងគេផងដែរ គឺមានប្រមាណជា 8,149,300 គីឡូម៉ែត្រការ៉េឯណោះ ពោលគឺស្មើនឹងជាង ៤៥ភាគរយនៃផ្ទៃដីទូទាំងប្រទេស។ តំបន់ព្រៃឈើធំជាងគេបង្អស់នៅក្នុងប្រទេសនេះ គឺនៅភាគខាងជើងប្រទេសមានឈ្មោះថាតំបន់ Siberia ដែលមិនសូវជាមានមនុស្សរស់នៅទេដោយសារតែគ្របដណ្តប់ដោយទឹកកក សម្បូរទៅដោយភ្នំខ្ពស់ៗ ទន្លេ រួមទាំងព្រៃឈើផ្សេងៗគ្នាជាដើម។

២.ប្រទេសកាណាដា

ប្រទេសកាណាដាមានតំបន់ព្រៃឈើទំហំដល់ទៅ 4,916,438 គីឡូម៉ែត្រការ៉េគឺស្មើនឹង ៣០ភាគរយនៃផ្ទៃដីប្រទេសទាំងមូល។ មិនខុសពីប្រទេសរុស្ស៊ីនោះទេ ប្រទេសកាណាដាភាគច្រើនគ្របដណ្តប់ដោយទឹកកក ដែលជួយឱ្យរុក្ខជាតិ និងព្រៃឈើមួយចំនួនធំនៅគង់វង្សរាប់សិបឆ្នាំល្អដោយមិនមានការរំខាន ឬយាយីពីមនុស្ស។ នៅក្នុងនោះដែរ ប្រទេសកាណាដា ក៏សម្បូរទៅដោយតំបន់ភ្នំ និងបឹងជាច្រើនដែលអំណោយផលដល់ការរីកលូតលាស់តំបន់ព្រៃឈើទៀតផង។

៣.ប្រទេសប្រេស៊ីល

ដូចដែលអ្នកបានដឹងហើយថា អាម៉ាហ្សូនគឺជាតំបន់ព្រៃដ៏ធំជាងគេបង្អស់នៅលើពិភពលោក ដែលមួយផ្នែកធំនៃព្រៃនេះក៏បានស្ថិតនៅក្នុងប្រទេសប្រេស៊ីលដែរ ជាហេតុធ្វើឱ្យប្រទេសនេះសម្បូរទៅដោយតំបន់ព្រៃឈើប្រមាណជា 4,776,980 គីឡូម៉ែត្រការ៉េ គឺស្មើនឹង ៥៦ភាគរយនៃផ្ទៃប្រទេស។ ទោះជាយ៉ាងនេះក្តី តំបន់ព្រៃនេះក៏ទទួលរងការកាប់បំផ្លាញព្រៃឈើយ៉ាងគំហុកផងដែរ ដែលកំពុងតែត្រូវបានគេអភិរក្ស និងការពារយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន។

៤.សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកគ្របដណ្តប់ដោយតំបន់ព្រៃឈើប្រមាណជា 3,100,950 គីឡូម៉ែត្រការ៉េ ស្មើនឹង ៣០ភាគរយនៃផ្ទៃដីប្រទេស ដែលធ្វើឱ្យប្រទេសនេះសម្បូរទៅដោយរុក្ខជាតិ ដើមឈើតូចធំ ថែមទាំងអំណោយផលជាជម្រកសត្វព្រៃគ្រប់ប្រភេទផងដែរ។ ភាគច្រើនជង្រុកព្រៃសំខាន់ទាំងនោះដូចជា Marshlands Temperrate Alpine ស្ថិតនៅក្នុងតំបន់វាលខ្សាច់ ព្រមទាំងត្រូវបានអភិរក្ស និងថែរក្សាជាសម្បត្តិឧទ្យានជាតិទៀតផង។

៥.ប្រទេសចិន

ជាមួយនឹងផ្ទៃដីប្រទេសដ៏ធំជាងគេមួយរបស់ចិន តំបន់ព្រៃឈើប្រមាណជា 2,083,210 គីឡូម៉ែត្រការ៉េ ពោលស្មើត្រឹមតែ ១៨ភាគរយនៃផ្ទៃប្រទេស គឺជាចំនួនព្រៃឈើដ៏តិចតួចបំផុត។ ហើយព្រៃឈើរបស់ចិន ក៏កំពុងតែរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃផងដែរ និងត្រូវបានដឹងថានឹងហិនហោចជាបន្តបន្ទាប់ដោយសារតែការជីករ៉ែ បូមប្រេង ការធ្វើទំនើបកម្ម រួមនឹងការអភិវឌ្ឍន៍ផ្សេងៗ និងតម្រូវការខាងកសិកម្មជាដើម។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលចិនក៏បានសន្យាដែរថា នឹងធ្វើការអភិរក្សស្តារព្រៃឈើឡើងវិញឱ្យបាននៅខ្ទង់ឆ្នាំ ២០២០ខាងមុខនេះ។

៦.ប្រទេសអូស្ត្រាលី

បន្ទាប់ពីចិន ប្រទេសអូស្ត្រាលីគឺជាប្រទេសដែលមានតំបន់ព្រៃតិចតួចបំផុតបើប្រៀបធៀបនឹងទំហំប្រទេសទាំងមូល គឺមានត្រឹមតែ 1,470,832 គីឡូម៉ែត្រការ៉េ ស្មើនឹង១៩ភាគរយនៃផ្ទៃដីប្រទេសតែប៉ុណ្ណោះ។ នោះក៏ដោយសារតែភាគច្រើនផ្ទៃដីនៅប្រទេសអូស្ត្រាលីគឺជាតំបន់ដីស្ងួតហួតហែង និងការកង្វះទឹកសាបផងដែរ ដែលជាហេតុធ្វើឱ្យប្រទេសនេះមិនសូវអំណោយផលក្នុងការរីកលូតលាស់របស់ព្រៃឈើ បើទោះបីជានៅសល់ដីទំនេរច្រើនយ៉ាងណាក៏ដោយ។

៧.សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

បើទោះបីជាព្រៃឈើនៅក្នុងប្រទេសនេះមានត្រឹមតែ 1,172,704 គីឡូម៉ែត្រការ៉េ តែវាជាទំហំដ៏ច្រើនលើសលប់មួយ គឺមានព្រៃឈើស្មើនឹង ៥២ភាគរយនៃផ្ទៃដីប្រទេសឯណោះ។ ភាគច្រើនក្នុងប្រទេសនេះសម្បូរទៅដោយព្រៃត្រូពិច ( tropical rainforests) ដោយសារតែអាកាសធាតុអំណោយផល ភ្លៀងធ្លាក់ទៀងទាត់រួមទាំងការផ្គត់ផ្គង់ទឹកពីអាងទន្លេកុងហ្គោគ្រប់គ្រាន់ផងដែរ ដែលអំណោយផលនៃការលូតលាស់នៃព្រៃឈើ និងជាជម្រកសត្វព្រៃតូចធំស្នាក់អាស្រ័យនៅ។

៨.ប្រទេសអាហ្សង់ទីន

ប្រទេសអាហ្សង់ទីនមានព្រៃឈើប្រមាណជា 945,336 គីឡូម៉ែត្រការ៉េ ស្មើនឹង៣២ភាគរយនៃផ្ទៃដីប្រទេស។ ហើយភាគខាងត្បូងប្រទេសនេះ សម្បូរទៅដោយព្រៃឈើជាងភាគខាងត្បូង ដោយសារតែអំណោយផលទឹកធ្លាក់ពីតំបន់ជួរភ្នំ Andes។ តំបន់ Patagonia នៃភាគខាងត្បូងសម្បូរទៅដោយព្រៃក្រាស់ៗ ជាដែនជម្រកសត្វព្រៃ ព្រមទាំងជាតំបន់ទេសចរន៍ដ៏សមខាន់មួយផងដែរប្រចាំប្រទេសមួយនេះ។

៩.ប្រទេសឥណ្ឌូនេស៊ី

ប្រទេសឥណ្ឌូនេស៊ី មានផ្ទៃដីទំហំតូចក៏ពិតមែន តែមានតំបន់ព្រៃឈើដល់ទៅ 884,950 គីឡូម៉ែត្រការ៉េ ស្មើនឹង ៤៦ភាគរយនៃផ្ទៃដីប្រទេសឯណោះ។ នោះក៏ដោយសារតែប្រទេសនេះមានអាកាសធាតុអំណោយផល រួមទាំងមានទីតាំងជិតខ្សែក្រវាត់អេក្វាទ័រ ដែលជាតំបន់សម្បូរទៅដោយទឹកភ្លៀងធ្វើឱ្យព្រៃឈើដុះលូតលាស់ល្អ ព្រមទាំងជាដែនជម្រកសត្វព្រៃ និងសត្វកម្រច្រើនប្រភេទ។ ទោះយ៉ាងនេះក្តី ព្រៃឈើក្នុងប្រទេសនេះ កំពុងតែស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងខ្លាំង ដោយសារតែកំណើនប្រជាជន និងការធ្វើនគរូបនីយកម្មផ្សេងៗជាច្រើន។

១០.ប្រទេសឥណ្ឌា

ប្រទសឥណ្ឌា មានតំបន់ព្រៃឈើប្រមាណជា 802,088 គីឡូម៉ែត្រការ៉េ ដែលជាទីតាំងភូមិសាស្រ្តសម្បូរទៅដោយតំបន់ព្រៃឈើចម្រុះជាច្រើនប្រភេទ។ ព្រៃឈើតូចធំទាំងនោះបានក្លាយទៅជាដែនជម្រកសត្វព្រៃច្រើនប្រភេទ និងជាប្រទេសដែលសម្បូររុក្ខជាតិផ្នែកឱសថបុរាណទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]