រាជធានីភ្នំពេញ៖ ​រថយន្ត​​សេលីកា​ បើក​ដោយ​​អាណិក​ជន​ខ្មែរ និ​ងម៉ូតូ​ស្មាស់​ បាន​បុក​គ្នា​នៅ​ផ្លូវ​កែង​បណ្តាល​ឱ្យ​អ្នកជិះ​​ម៉ូតូ​ហោះ​ផ្លោង​​រំលង​រថយន្ត​ប្រមាណ​៥​ម៉ែត្រ​​ធ្លាក់​បោក​ក្បាល​នឹង​ចិញ្ចើម​ផ្លូវ​​រង​របួស​ធ្ងន់​២​នាក់ កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៥​ មីនា នៅ​​ផ្លូវ​លេ​ខ​៥១​កែង​ផ្លូវ​លេខ​១៧៤ ស្ថិត​ក្នុង​ភូមិ​១១ ក្រុម​៧១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូនពេញ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹងថា​ រថយន្ត​សេលីកា ​ បើក​ដោយ​យុវជន​ជា​អាណិក​ជន​ខ្មែរ​​​ តាម​ផ្លូវ​លេខ​៥១ ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​ស្មាស់​ ​​ ជិះ​គ្នា​២​នាក់​ តាម​ផ្លូវ​លេខ​១៧៤ ពី​លិច​ទៅ​កើត​ ខណៈដល់​ផ្លូវ​កែង​ទាំង​រថយន្ត​និង​ម៉ូតូ​ដែល​បើក​លឿន​ដូច​គ្នា ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុកគ្នា​ចំពី​មុខ។ អ្នក​ជិះ​ម៉ូតូ​ដែល​របួស​ធ្ងន់​ ត្រូវគេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា រថយន្ត​បើក​ទៅ​មុខ​បាត់​មួយ​សន្ទុះ​ស្រាប់តែ​បើក​ត្រឡប់​មក​កន្លែង​កើត​ហេតុ​វិញ ដោយ​នាំ​ទាំង​មិត្ត​ភក្តិ​៣​នាក់​​មក​ជា​មួយ​ ដោយ​សារ​តែ​ទៅ​ដល់​កណ្តាល​ផ្លូវ​ឈប់​មើល​រថយន្ត​​ឃើញ​បែក​ចង្កៀង​ និង​ធ្លាក់​កាង​មុខ​ ដូច្នេះ​ហើយ​មាន​បំណង​ទាម​ទារ​ឱ្យ​ខាង​ម៉ូតូ​សង​ថ្លៃ​ខូច​ខាត​។ ខណៈ​ពេល​បើកទៅ​ដល់​កន្លែង​កើត​ហេតុ​​ មាន​មនុស្ស​ចោម​រោម​មើល​ អ្នក​របួស​​ស្គាល់​ថា​ជា​រថយន្ត​បុក​គ្នា​ជា​មួយ​ម៉ូតូ​ជន​រង​របួស​ ក៏​​ប្រាប់​ទៅ​សមត្ថកិច្ច​ឱ្យ​​ឃាត់ទុក​តែ​ម្តង ។

អ្នក​បើក​រថយន្ត​សេលីកា​ដែល​មិត្ត​ភក្តិ​និយាយ​ថា​ ជា​អាណិកជន​​ខ្មែរ​ទើប​នឹង​មក​ពី​បរទេស ពេល​សមត្ថកិច្ច​ឃាត់​នោះ​បាន​ចាក់​សោរ​ថយន្ត​មិន​ព្រម​ឱ្យ​កូន​សោ​ទៅ​​សមត្ថកិច្ច​ទេ ហើយ​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់ ។ ទោះ​ជា​យ៉ាង​ណា​ក្តី រថយន្ត​និ​ងម៉ូតូ​​​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ជើង​គោក រង់​ចាំ​ដោះ​ស្រាយ ៕

 

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]