ក្រោយពីបានបញ្ចប់ការសិក្សា មនុស្សគ្រប់ៗរូបសុទ្ធតែត្រូវមានការងាររៀងៗខ្លួន ដើម្បីចិញ្ចឹមជីវិតដូចៗគ្នា ប៉ុន្តែមិនមែនការងារទាំងអស់សុទ្ធតែងាយស្រួលធ្វើនោះទេ អាស្រ័យទៅតាមមុខជំនាញ និងទេពកោសល្យរៀងៗខ្លួន។ ឯការងារខ្លះមិនត្រឹមតែពិបាកទេ ថែមទាំងអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាយថាហេតុដែលមើលមិនឃើញផងដែរ តែនៅតែមានអ្នកពេញចិត្តធ្វើដោយការស្រលាញ់ និងចំណង់ចំណូលចិត្តជាដើម។

ក្នុងចំណោមការងារជាច្រើន យើងបានរកឃើញថាមានការងារទាំង ១០ប្រភេទដែលមានហានិភ័យគ្រោះថ្នាក់ខ្លាំងជាងគេបំផុតដូចជា៖

១.ជាងធ្វើដំបូល

មិនថាតែជាងធ្វើដំបូល ឬជាងធ្វើផ្ទះទេ សុទ្ធតែប្រឈមមុខនឹងគ្រោះថ្នាក់នៅក្នុងការងារ ដូចជាការធ្លាក់ចុះពីលើទីទួលខ្ពស់ជាដើម ដែលពេលខ្លះអាចរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អាយុជីវិតផងក៏មានបើសិនជាមិនមានការប្រុងប្រយ័ត្នខ្ពស់ទេនោះ។ ហើយការធ្វើការក្រោមកម្តៅថ្ងៃយូរអាចបង្កឱ្យកើតមានអាការក្តៅក្នុង (heat stroke ជំងឺដែលស្ថិតក្រោមកម្តៅថ្ងៃយូរ) ជំងឺឡើងសម្ពាធឈាម និងជំងឺបេះដូងជាដើម។

ជាងធ្វើដំបូល

២.ប៉ូលិសចរាចរ

បើទោះបីជាមានភ្លើងចរាចរណ៍ ឬបច្ចេកទេសនៅលើដងវិថីខ្ពស់យ៉ាងណាក៏ដោយ តែប៉ូលិសចរាចរនៅតែជាតួនាទីដ៏សំខាន់សម្រាប់សម្រួលការធ្វើដំណើរទាំងទៅទាំងមក។ ដូចដែលអ្នកបានដឹងរួចមកហើយថា បច្ចុប្បន្នអ្នកបើកបរយានយន្តគ្រប់ប្រភេទមួយចំនួនខ្វះខាតចំណេះដឹង រួមទាំងមានការធ្វេសប្រហែសនៅក្នុងការធ្វើដំណើរផងដែរ ដែលជាហេតុធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍បានប្រែក្លាយទៅជាអ្នកដែលផ្តាច់អាយុជីវិតមនុស្សស្ទើរតែជារៀងរាល់ថ្ងៃ។ នៅក្នុងនោះដែរប៉ូលិសចរាចរដែលស្ថិតនៅកៀកនឹងដងផ្លូវ ឬនៅលើផ្លូវផ្ទាល់តែម្តង ងាយនឹងអាចកើតមានគ្រោះថ្នាក់ដោយយានយន្តបុកណាស់ ដែលអាចបង្កឱ្យមានរបួសស្រាល និងធ្ងន់ ឬជួនកាលដល់បាត់បង់ជីវិតក៏មាន។

ប៉ូលីសចរាចរណ៍

៣.មន្ត្រីប៉ូលិស

មិនថាតែការចាប់ចោរ /ឧក្រិដ្ឋជន ធ្វើជាប៉ូលីសម្ងាត់ អ្នកស៊ើបអង្កេត ឬការពារសន្តិសុខប្រទេសជាតិនោះទេ ការងារដែលទាក់ទងនឹងមន្ត្រីប៉ូលីសពិតជាមិនងាយស្រួលដូចជាអ្នកគិតឡើយ។ នៅក្នុងការងារជាប៉ូលីសសុទ្ធតែអាចរងរបួស ឬមានគ្រោះថ្នាក់យ៉ាងងាយ ដោយសារតែអំពើជនទុច្ចរិតអស់ទាំងនោះ ដែលពេលខ្លះអាចស្លាប់បាត់បង់ទៀតផង។

មន្ត្រីប៉ូលីស

៤.អ្នកពន្លត់អគ្គិភ័យ

ការងារជាអ្នកពន្លត់អគ្គិភ័យគ្មានថ្ងៃសម្រាក ឬមានពាក្យថាយឺតយ៉ាវនោះទេ ព្រោះតែអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងប្រទេសដែលពួកគេរស់នៅពិតជាសំខាន់ខ្លាំងណាស់។ ជាអ្នកពន្លត់អគ្គិភ័យពិតជាការងារដ៏មមាញឹក ហើយមានការទទួលខុសត្រូវនៅក្នុងការងារខ្ពស់ ដែលភាគច្រើនថែមទាំងអាចទទួលគ្រោះថ្នាក់នៅក្នុងការងារទៀតផង។ គ្រោះថ្នាក់ទាំងនោះអាចបណ្តាលមកពីការពុល ឬឈ្លក់ផ្សែងភ្លើង ខ្វះខ្យល់អុកស៊ីហ្សែន និងអាចបង្កមកពីការបាក់រំលំបំណែកអគារ លំនៅដ្ឋាន ឬរបស់របរគ្រោះថ្នាក់ជាដើម។ បើមិនរបួសស្រាលទេ ក៏ធ្ងន់ធ្ងរដែរ ដែលពេលខ្លះថែមទាំងអាចរងរបួសរាងកាយ ឬដល់បាត់បង់ជីវិតក៏មាន។

អ្នកពន្លត់អគ្គីភ័យ

៥.ជាងត.បណ្តាញភ្លើង ឬមន្ត្រីអគ្គិសនី

ធ្វើជាមន្ត្រីអគ្គិសនី ឬអ្នកត.បណ្តាញភ្លើងពិតជាគ្រោះថ្នាក់បើទោះបីជាមានឧបករណ៍ការពារខ្លួនយ៉ាងណាក៏ដោយ។ អ្នកអាចស្រមៃមើលថា តើវាអាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាជាមួយនឹងអគ្គិសនីដែលមានតុងស្យុងខ្ពស់ៗនោះ? ដូច្នេះធ្វើការងារនេះអាចមានគ្រោះថ្នាក់នឹងការឆក់ខ្សែភ្លើងខ្ពស់បំផុត បើមិនរងរបួសទេ ក៏អាចបាត់បង់ជីវិតក៏មាន។

ជាងត.បណ្តាញភ្លើង ឬមន្ត្រីអគ្គីសនី

៦. កម្មករជីករ៉ែ

កម្មករ ឬអ្នកដែលធ្វើការជីករ៉ែ ត្បូង ឬមាសនៅក្រោមដី មិនថាតែការហូបចុក ស្នាក់នៅសុទ្ធតែអាស្រ័យក្នុងរូងជ្រៅៗជានិច្ច។ ការងារទាំងនេះពិតជាប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសគឺការបាក់រលំដី ការបំផ្ទុះគ្រាប់ខុសបច្ចេកទេស និងបញ្ហាកង្វះខ្យល់អុកស៊ីហ្សែនសម្រាប់ដកដង្ហើមជាដើម។

កម្មករជីករ៉ែ

៧.កសិដ្ឋាន ឬអ្នកគង្វាលសត្វ

មិនថាជាកសិករ អ្នកធ្វើកសិដ្ឋានចិញ្ចឹមសត្វ និងអ្នកឃ្វាលសត្វនោះទេ អ្នកអាចគិតថាវាគ្មានបញ្ហាអ្វីធំដុំ តែការពិតខុសស្រឡះតែម្តង។ សត្វគ្មានវិចារណញ្ញាណទេ ហើយពេលខ្លះវាមិនចេះស្តាប់បង្គាប់មនុស្សឡើយ ទោះបីជាម្ចាស់ដែលចិញ្ចឹមវាក៏ដោយ។ ពេលខ្លះយើងមើលមិនឃើញទេ ថាវាកើតអ្វី ឬមានបញ្ហាអ្វី សត្វចិញ្ចឹមទាំងនោះអាចបង្កជាទុក្ខទោសបាន ដោយមានមនុស្សមិនតិចនាក់ទេរងគ្រោះព្រោះការវាយប្រហាររបស់សត្វចិញ្ចឹមរបស់ខ្លួនដូចជា សេះ និងគោជាដើម។

កសិដ្ឋាន ឬអ្នកគង្វាលសត្វ

៨. អ្នកបរបាញ់ (ព្រានព្រៃ ឬ អ្នកប្រមាញ់)

មិនថាជាអ្នកជំនាញ ឬមានការហ្វឹកហាត់ខ្លាំងប៉ុណ្ណានោះទេ ការប្រឈមមុខនឹងការចូលព្រៃសម្បូរសត្វសាហាវៗដើម្បីធ្វើការបរបាញ់នោះ សុទ្ធតែអាចឱ្យអ្នករងគ្រោះថ្នាក់បានទាំងអស់។ ភាគច្រើនគឺរងគ្រោះដោយការវាយប្រហារពីសត្វព្រៃសាហាវៗទាំងនោះឯង ។

អ្នកបរបាញ់ (ប្រមាញ់)

៩.អ្នកនេសាទ

ការនេសាទ មិនថាតែនៅលើដងទន្លេ ស្ទឹង បឹងបួរ ឬសមុទ្រទេ សុទ្ធតែអាចប្រឈមមុខគ្រោះថ្នាក់ជាច្រើនដែលមិនអាចមើលឃើញបាន។ ភាគច្រើនពួកគេអាចរងរបួស ឬដល់ថ្នាក់បាត់បង់ជីវិតក៏មាន ដោយសារតែការលង់ទឹក បញ្ហាអាកាសធាតុ (ព្យុះភ្លៀង ទឹកគួច) និងពេលខ្លះអាចដោយសារតែសត្វនៅក្នុងទឹកសាហាវៗដូចជាក្រពើ ​និងត្រីឆ្លាមជាដើម។

ចំណាំ៖ ការបរបាញ់ និងប្រមាញ់សត្វព្រៃជាអំពើខុសច្បាប់។

អ្នកនេសាទ

១០. ទាហាន

មិនបាច់និយាយក៏ដឹងដែរថា ការធ្វើជាទាហាន មិនខុសពីការងារជាមន្ត្រីប៉ូលិសទេសុទ្ធតែជាការងារប្រឈមមុខនឹងគ្រោះថ្នាក់បំផុត។ ការធ្វើទាហាន ពិតជាត្រូវមានការទទួលខុសត្រូវខ្ពស់នៅក្នុងការការពារសង្គម ប្រទេសជាតិ និងទឹកដីជាដើម ហើយប្រសិនជាចេញច្បាំងទៀត ច្បាស់ណាស់បើសំណាងមិនស្លាប់ ក៏របួសធ្ងន់ស្រាល ឬពិការដែរ៕

ទាហាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]