ការដើរកម្សាន្ត អាចធ្វើឱ្យអ្នកមានភាពរីករាយ បំបាត់ទុក្ខកង្វល់ និងជ្រះថ្លាអស់ភាពហ្មងសៅនៅក្នុងអារម្មណ៍។ តែពាក្យចាស់ថា កង្កែបនៅក្នុងអណ្តូង មុជមិនជ្រៅទៅមិនឆ្ងាយនោះទេ មិនខុសអីពីមនុស្សយើងឡើយ ប្រសិនជាអ្នកបានចេញដើរចេញទៅពិភពខាងក្រៅកាន់តែច្រើនរឹតតែផ្តល់អារម្មណ៍ថ្មីៗដល់អ្នកបាន។ ដូច្នេះទាន់ខ្លួននៅក្មេង មានកម្លាំង មានពេលវេលា គួរតែឆ្លៀតចេញទៅដើរលេងក្រៅប្រទេសឱ្យបានច្រើនយ៉ាងហោចណាស់ក៏បានម្តងក្នុងមួយជីវិតដែរ បើមិនចង់ស្តាយក្រោយនៅពេលចាស់ឡើងទេនោះ។

ដូច្នេះមកតាមដានអត្ថប្រយោជន៍នៃការដើរកម្សាន្តក្រៅប្រទេសម្តងមើល៍ ថាមានអ្វីខ្លះ៖

ដើរលេងនៅក្រៅប្រទេស

១. ស្គាល់ពិភពខាងក្រៅ

ការចេញទៅដើរលេងក្រៅប្រទេសអាចឱ្យអ្នកជួបជាមួយនឹងបរិយាកាសថ្មីៗ កន្លែងដែលអ្នកមិនធ្លាប់បានទៅ វប្បធម៌ដែលអ្នកខុសប្លែកពីគ្នា រួមជាមួយនឹងអាហារដែលអ្នកមិនធ្លាប់បានភ្លក់ និងភាសាដែលអ្នកមិនធ្លាប់និយាយជាដើម។ វាមិនមែនជារឿងប្លែកទេ តែវាជាការផ្លាស់ប្តូរបរិយាកាសថ្មីៗ ដូចជាការកម្សាន្តអារម្មណ៍ និងធ្វើអ្វីផ្សេងៗដែលវាមិនត្រឹមតែអាចឱ្យអ្នករីករាយនឹងដំណើរកម្សាន្តទេ តែវាបានជួយឱ្យអ្នកជួបប្រទះនឹងបទពិសោធន៍ថ្មីៗ និងស្គាល់ខ្លួនឯងកាន់តែច្បាស់ជាងមុនផងដែរ។

២. រៀនឯករាជ្យ និងមានទំនុកចិត្តលើខ្លួនឯង

ការដើរលេងនៅបរទេស ជាពិសេសបើបានទៅម្នាក់ឯងទៀតគឺរឹតតែល្អ ដោយអាចឱ្យអ្នកចេះពឹងផ្អែកលើខ្លួនឯង ចេះមានទំនាក់ទំនង និងមានសេចក្តីក្លាហានដើរលេងនៅក្នុងប្រទេសថ្មីៗដែលមិនធ្លាប់បានទៅ។ ព្រោះថាការដើរលេងបរទេស អ្នកត្រូវតែចេះរៀនពីអ្វីៗនៅជុំវិញខ្លួនជាច្រើន ដូចជាសាកសួរផ្លូវ របៀបធ្វើដំណើរ ចេះសួរនាំរកទីតាំងកន្លែងដែលអ្នកចង់ទៅ រួមទាំងកន្លែងស្នាក់នៅ និងអាហារដែលអ្នកចង់ទទួលទានជាដើម។ ហើយការដែលទៅកន្លែងដែលមិនធ្លាប់ទៅ នឹងធ្វើឱ្យអ្នកមានភាពក្លាហាន ហ៊ានប្រឈម និងដោះស្រាយបញ្ហាចំពោះមុខ ជាពិសេសគឺចេះរៀនសម្រេចចិត្តដោយខ្លួនឯងដើម្បីបង្កើនជំនឿចិត្តនៅពេលក្រោយផងដែរ។

៣. ស្គាល់តម្លៃនៃលុយ និងរបស់របរប្រើប្រាស់

អ្នកណាថាលុយមិនអាចទិញសុភមង្គលបាននោះ? ខុសស្រលះតែម្តង បើគ្មានលុយដើរលេងម៉េចហ្នឹងបាន? ទិញសំបុត្រយន្តហោះម៉េចហ្នឹងកើត? គេងសណ្ឋាគារប្រណីតម៉េចបាន ដើរលេងទិញអីវ៉ាន់ម៉េចហ្នឹងកើតមែនអត់? នៅពេលដែលអ្នកស្រមៃ ចង់ដើរលេងនៅក្រៅប្រទេស អ្នកនឹងរៀនចេះសន្សំលុយដើម្បីដើរកម្សាន្ត ដោយលែងខ្ជះខ្ជាយទិញសំភារៈនិយមផ្តេសផ្តាសហើយ។ ហើយនៅពេលដែលបានដើរលេងស្រុកគេហើយអ្នកនឹងកាន់តែចេះស្គាល់តម្លៃនៃលុយ ហើយនឹងខិតខំធ្វើការរកស៊ី រកប្រាក់ និងសន្សំលុយដើម្បីមានឱកាសមកដើរកម្សាន្តនៅស្រុកគេជាថ្មីម្តងទៀត។

ដើរលេងនៅក្រៅប្រទេស

៤. រៀនភាសាថ្មីៗ

មិនថាអ្នកខំរៀនភាសាអង់គ្លេស ឬភាសាទី២ ទី៣ ក្រៅពីភាសាកំណើតបានច្រើនប៉ុណ្ណា និងយូរប៉ុណ្ណាទេ វាមិនស្មើរនឹងការចេញទៅអនុវត្តភាសាផ្ទាល់នៅប្រទេសទាំងអស់នោះទេ។ ដូច្នេះហើយនៅពេលដែលអ្នកចេញទៅដើរលេងក្រៅប្រទេស ជាពិសេសគឺប្រទេសដែលប្រើភាសាអង់គ្លេស អ្នកអាចចាប់ផ្តើមប្រើប្រាស់ភាសា ដែលអ្នកធ្លាប់បានរៀនកន្លងមកបានហើយ (ឬអ្នកក៏អាចប្រើភាសាអង់គ្លេសសម្រាប់ប្រទេសដែលមិនប្រើអង់គ្លេសជាភាសាកំណើតក្តី ព្រោះភាសាអង់គ្លេសជាភាសាផ្លូវការ ប្រជាជនបរទេសភាគច្រើនចេះភាសាអង់គ្លេស) ។ ក្រៅពីអាចហ្វឹកហាត់ភាសាទី២ ដែលអ្នកធ្លាប់បានរៀនកន្លងមកហើយ បើទោះបីជាអ្នកបានទៅលេងប្រទេសផ្សេងៗដែលមិនប្រើភាសាអង់គ្លេសក្តី អ្នក ថែមទាំងអាចចេះភាសាថ្មីមួយចំនួនទៀតនៅក្នុងប្រទេសដែលអ្នកបានទៅលេងផងដែរ ទោះបីជាចេះបានបន្តិចបន្តួចក្តី។

៥. ជួបមនុស្ស និងមិត្តថ្មីៗ

បើទោះបីជាអ្នកអាចនឹងមានមិត្តច្រើន និងមានការទំនាក់ទំនងជាមួយមនុស្សជុំវិញយ៉ាងណាក្តី តែប្រទេសកំណើត មិនដូចជាប្រទេសក្រៅដែលអ្នកមិនធ្លាប់បានទៅនោះទេ។ ការបានចេញទៅដើរលេងក្រៅប្រទេស អ្នកអាចរាប់អានមនុស្សថ្មីៗ និងជួបមនុស្សប្លែកៗដែលអ្នកមិនធ្លាប់ស្គាល់នៅតាមផ្លូវ ហាងកាហ្វេ ឬកន្លែងកម្សាន្តនានា ហើយអាចនាំឱ្យអ្នកមានទំនាក់ទំនងល្អ ចែករំលែកការយល់ដឹង និងវប្បធម៌គ្នាទៅវិញទៅមក ព្រមទាំងអាចរាប់អានគ្នាជាមិត្តភក្តិយូរអង្វែងមួយសម្រាប់ពេលខាងមុខផងដែរ ពោលគឺមានមិត្តនៅក្រៅប្រទេស។

ដើរលេងនៅក្រៅប្រទេស

៦. ការលំហែអារម្មណ៍ និងខួរក្បាល

ជាធម្មតា ជីវិតមនុស្សយើងពិតជាមានការមមាញឹកណាស់ទាំងការសិក្សា និងកាងារ ដែលធ្វើឱ្យយើងធុញទ្រាន់ មានភាពស្មុគស្មាញ និងនឿយហត់ផងដែរ។ ការចេញទៅកម្សាន្តនៅក្រៅប្រទេស ប្រៀបបីដូចជាការលំហែខួរក្បាលដ៏ប្រសើរមួយ ដោយសារតែវាជាបរិយាកាសថ្មីៗដែលអ្នកមិនធ្លាប់ជួបប្រទះពោលគឺខុសស្រលះពីការដើរលេងនៅក្នុងប្រទេសកំណើត។ ដូច្នេះហើយក្រៅពីមានអារម្មណ៍រីករាយប្លែកភ្នែកនឹងប្រទេសគេហើយ អ្នកអាចនឹងមានគំនិតថ្មីៗក្នុងការសិក្សា និងការងារផងដែរ។

៧. ពិសេសសម្រាប់ប្រារព្វពិធីសំខាន់ៗ

ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសសម្រាប់ធ្វើកម្មវិធីសំខាន់ៗរបស់អ្នក ពិតជាគំនិតថ្មី និងប្លែកបំផុត ជាពិសេសធ្វើឱ្យកម្មវីធីកាន់តែមានន័យជាងមុនផងដែរ។ ដូច្នេះអ្នកអាចសាកល្បងរកឱកាស ឬរៀបគម្រោងសម្រាប់ឆ្លងកម្មវិធីល្អៗសំខាន់សម្រាប់អ្នកបាននៅក្រៅប្រទេស ដូចជា ថ្ងៃខួបកំណើត គម្រប់ខួបអាពាហ៍ពិពាហ៍ ឬគម្រប់ខួបផ្សេងៗ កម្មវិធីឆ្លងឆ្នាំ កម្មវិធីជប់លៀងបញ្ចប់ការសិក្សា និងកម្មវិធីជាច្រើនដទៃទៀត ។

ដើរលេងនៅក្រៅប្រទេស

៨. ចំណេះដឹងថ្មីៗ

ឱកាសចេញទៅពិភពខាងក្រៅកាន់តែច្រើន អ្នកនឹងអាចសិក្សាពីចំណេះដឹងកាន់តែច្រើនឡើងផងដែរ ជាពិសេសគឺការចេញទៅក្រៅប្រទេស។ ដូចដែលអ្នកបានដឹងហើយថា ប្រទេស២តែងតែមានវប្បធម៌ខុសគ្នា ដែលអាចឱ្យអ្នកសិក្សាពីអ្វីដែលល្អៗរបស់ស្រុកគេ មិនថាតែការស្លៀកពាក់ ការហូបចុក ការនិយាយស្តី ការញ៉ាំ និងវិធីនៃការធ្វើការរកស៊ីរបស់ប្រទេសគេ។ ទាំងនេះអាចជាឱកាសដែលក្រេបយកចំណេះដឹងថ្មី ទាំងការសិក្សា ការរស់នៅ ការរកស៊ី និងថាមិនបានអ្នកអាចមានឱកាសការងារថ្មីដែលមើលមិនឃើញនៅខាងមុនក៏ថាបាន។

៩. ជួយឱ្យមានសុខភាពល្អ

នៅវ័យក្មេង បើមានឱកាសគួរតែសាសកល្បងចេញទៅដើរលេងស្រុកក្រៅម្តង ព្រោះការដើរលេង គឺជាការបន្ធូរភាពតានតឹង បំបាត់ស្ត្រេស និងបំភ្លេចទុក្ខកង្វល់ទាំងប៉ុន្មាននៅក្នុងខ្លួន ហើយការចេញទៅក្រៅប្រទេសដែលខុសពីប្រទេសកំណើតរឹតតែឱ្យអ្នកស្រលះមុខស្រលះមាត់ជាងមុនទៅទៀត។ ភាពរីករាយ និងចំណីអារម្មណ៍ដែលអ្នកទទួលបាននេះហើយ ដែលជួយឱ្យអ្នកមានសុខភាពល្អ ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ដូចពាក្យចាស់ថា «សប្បាយច្រើនកើនអាយុ»។

១០.សប្បាយទាន់ខ្លួននៅក្មេង

គេថាតើមនុស្សយើងមាន ១០ឆ្នាំប៉ុន្មានដងទៀតទៅ នោះបានន័យថាគ្មានអ្នកណាអាចមើលឃើញថ្ងៃស្អែកទេ ហើយក៏គ្មានអ្នកណាអាចដឹងពីពេលអនាគតដែរ។ លុយ ការងារ និងការរកស៊ីសំខាន់ តែភាពរីករាយក្នុងជីវិតក៏រឹតតែសំខាន់។ ដូច្នេះទាន់មានពេល ទាន់មានលុយ គួរតែរកឱកាសផ្តល់ភាពរីករាយឱ្យជីវិតខ្លួនឯងឱ្យបានច្រើន បើចាំពេលចាស់ហើយនោះ ទោះមានលុយក៏គ្មានកម្លាំងដើរលេងដែរមិនថាអ៊ីចឹង?  

ដើរលេងនៅក្រៅប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]