ម៉ាំមី ត្រូវបានគេរកឃើញថា ជាសាកសពដែលត្រូវបានគេរក្សាទុកឱ្យនៅមានរូបរាងគង់វង្ស និងមិនឱ្យរលួយ ដែលសុទ្ធសឹងតែប្រើប្រាស់បច្ចេកទេសដ៏អស្ចារ្យក្នុងការអប់សាកសពតាំងពីយូរលង់ណាស់មកហើយ ។ ហើយបច្ចេកទេស និងវិធីសាស្រ្តខ្លះនៅតែជាអាថ៌កំបាំងដែលគ្មានអ្នកណាអាចស្រាវជ្រាវរកឃើញឡើយថាពួកគេបានប្រើវិធីអ្វីខ្លះនោះ។ តែសាកសពម៉ាំមីទាំងនេះហើយ ដែលអាចជួយឱ្យមនុស្សសម័យបច្ចុប្បន្នបានសិក្សាពីទំនៀមទំលាប់ ប្រពៃណី សំលៀកបំពាក់ រួមទាំងប្រវត្តិសាស្រ្ត និងការរស់នៅសម័យមុនផងដែរ។

ថ្ងៃនេះយើងនឹងនាំលោកអ្នកមកស្គាល់ និងតាមដានប្រវត្តិម៉ាំមីល្បីៗជាងគេទាំង១០រូប៖

១០. Ramesses the Great (Ramesses ទី២)

សាកសពម៉ាំមីរបស់ព្រះចៅផារ៉ាអុងទី៣ ព្រះនាម Ramesses II នៃរាជវង្សអេហ្ស៊ីបទី១៩ គឺជាម៉ាំមីដែលល្បីល្បាញជាងគេ ដោយសារតែព្រះអង្គគឺជាផារ៉ាអុងដែលមានអំណាច និងពូកែអង់អាចជាងគេនៅក្នុងជំនាន់នោះ។ ទ្រង់ត្រូវបានគេដឹងថាសុគតនៅក្នុងព្រះជន្ម ៩០ព្រះវស្សា។ ពីដំបូងឡើយត្រូវបានបញ្ចុះនៅក្នុងផ្នូរ KV7 នៃតំបន់ដែលតំកល់សាកសពខ្សៃរាជវង្សអេហ្ស៊ីបបុរាណ ។ តែក្រោយមកដោយសារតែមានចោរលួចគាស់ផ្នូរលួចប្លន់ទ្រព្យសម្បត្តិ សាកសពរបស់ទ្រង់ក៏បានប្តូរមកក្បែរផ្នូរបញ្ចុះសពរបស់ម្ចាស់ក្សត្រី Inhapy ។ ហើយ៣ថ្ងៃបន្ទាប់មកទៀត សាកសពរបស់ទ្រង់ត្រូវបានប្តូរមកនៅក្បែរផ្នូររបស់បុព្វជិតជាន់ខ្ពស់ម្នាក់ព្រះនាម Pinudjem ទី២ វិញ។

បច្ចុប្បន្នសាកសពម៉ាំមីរបស់ព្រះអង្គ Ramesses II ត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរ Cairo នៃប្រទេសអេហ្ស៊ីប។ ហើយតាមការស្រាវជ្រាវពិសោធន៍ សាកសពរបស់ទ្រង់នៅមានឆ្អឹងថ្គាមរឹងមាំ សរសៃសក់ក្រាស់ខ្មឹកពេញក្បាលជាសក់ពីកំណើតមានពណ៌ក្រហម រួមទាំងមានសក់ខ្លះៗនៅត្រង់សៀតផ្កាផងដែរ។

Ramesses the Great

៩. The Tollund Man

Tollund Man គឺជាសាកសពបុរសម្នាក់ដែលបានរកឃើញនៅក្នុងភូមិមួយតំបន់ដីសើមម្យ៉ាង( Peat bog) លើកោះ Jutland Peninsula ប្រទេសដាណឺម៉ាកក្នុងឆ្នាំ ១៩៥០។ បុរសម្នាក់នេះធ្លាប់បានរស់នៅក្នុងសតវត្សរ៍ទី៤ មុនគ្រិស្តសករាជ ក្នុងអំឡុងពេលមុនយុគសម័យរ៉ូម៉ាំង ហើយសាកសពរបស់គាត់មានសភាពស្រស់ញញឹមហាក់បីដូចជាទើបតែស្លាប់ថ្មីៗអីចឹង ដោយសារតែសាកសពរបស់គាត់ត្រូវបានបញ្ចុះនៅក្នុងតំបន់ Peat (ដី និងស្មៅប៉ប្រះទឹក) ដែលមានជាតិអាស៊ីតកង្វះអុកស៊ីហ្សែន និងមានអាកាសធាតុត្រជាក់ អំណោយផលជួយរក្សារូបរាងសាកសពរបស់គាត់យ៉ាងដូច្នេះ។ ឯការពិសោធន៍ X-Rays បានបង្ហាញថាមិនថាតែគ្រឿងក្នុងបេះដូង សួត ថ្លើម និងខួរក្បាលរបស់គាត់ទេ សុទ្ធតែខួរក្បាលក៏នៅតែរក្សារូបរាងទ្រង់ទ្រាយដើមបានល្អ និងគ្មានការប៉ះទង្គិចអ្វីមួយឡើយ ដែលគេបានដាក់ការសង្ស័យថា បុរសម្នាក់នេះស្លាប់ដោយសារតែការបូជាយញ្ញ។

The Tollund Man

៨. Cherchen Man

Cherchen Man គឺជាម៉ាំមីនៅក្នុងទីក្រុង Tarim ដ៏ល្បីមួយដែលត្រូវបានគេរកឃើញថា បានស្លាប់ប្រមាណជាជាង ១០០០ឆ្នាំមុនគ្រិស្តសករាជមកហើយ (1000 BCE)។ សាកសពរបស់គាត់ត្រូវបានគេរកឃើញនៅក្នុងផ្នូរ (Tomb2) នៃកន្លែងបញ្ចុះសព Zaghunluq នៃវាលខ្សាច់ Taklamakan តំបន់ Xinjiang ប្រទេសចិន។ តំបន់ដីខ្សាច់ដែលមានជាតិប្រៃមួយនេះអាចជួយថែរក្សារូបរាងផង រួមទាំងអាកាសធាតុត្រជាក់ដែលអាចជួយសម្លាប់បាក់តេរីផង  ទាំងនេះហើយដែលជាមូលហេតុដែលធ្វើឱ្យសាកសពរបស់គាត់នៅតែអាចថែរក្សារូបរាងបានល្អរហូតដល់បច្ចុប្បន្ន។

Cherchen Man

៧. Grauballe Man

Grauballe Man គឺជាម៉ាំមីដែលរកឃើញនៅក្នុងតំបន់ដី Peat Hog ក្បែរភូមិ Grauballe ប្រទេសដាណាម៉ាកក្នុងឆ្នាំ ១៩៥២។ សាកសពបុរសនេះត្រូវបានគេដឹងថាបានស្លាប់ពេលដែលមានអាយុខ្ទង់៣០ឆ្នាំ នៅក្នុងសតវត្សរ៍ទី៣ មុនគ្រិស្តសករាជ អំឡុងពេលមុនយុគសម័យអាល្លឺម៉ង់។

សាកសពដែលមានអាយុកាលជាង ២ពាន់ឆ្នាំមកនេះ ត្រូវបានគេចាត់ទុកថាជាការរកឃើញដ៏អស្ចារ្យមួយរបស់ប្រវត្តិសាស្រ្តប្រទេសដាណាម៉ាក។ ហើយក្រោយពីបានរកឃើញភ្លាមៗ សាកសពរបស់គាត់ត្រូវបានរក្សាទុកសម្រាប់ស្រាវជ្រាវនៅក្នុងសារមន្ទីរ បុរេប្រវត្តិសាស្ត្រក្នុងទីក្រុង Aarhus ប្រទេសដាណាម៉ាក ។ បន្ទាប់មកនៅក្នុងឆ្នាំ ១៩៥៥ ក៏បានប្តូរមករក្សាទុកនៅក្នុងសារមន្ទីរ Moesgaard ក្បែរក្រុង Aarhu វិញម្តង។

Grauballe Man

៦.Saint Bernadette

Saint Bernadette Soubirous ចាប់កំណើតនៅថ្ងៃទី ៤ ខែមករា ឆ្នាំ ១៨៤៤ និងជាបុព្វជិតកាតូលិកដ៏ល្បីល្បាញម្នាក់នៅក្នុងទីក្រុង Lourdes ប្រទេសបារាំង។ ក្នុងនាមជាម៉ារីននៃស្ត្រីវ័យក្មេង នាងបានធ្វើការស្នើសុំសាងសង់ Chapel (វិហារ ឬកន្លែងជំនុំរបស់សាសនាកាតូលិក) នៅក្បែររូង Grotto ថ្មភ្នំដ៏ចំណាស់បុរាណមួយមានឈ្មោះថា Massabielle។

ក្រោយពីនាងបានស្លាប់ទៅនៅក្នុងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ១៨៧៩ សាកសពរបស់នាងត្រូវបានគេដឹងថាមិនបានរលួយ ឬមានការប្រែប្រួលនោះឡើយ។ ហើយនៅក្នុងថ្ងៃទី ២២ តែកញ្ញា ឆ្នាំ ១៩០៩ គេបានគាស់សាកសពនាងមកពិនិត្យម្តងទៀតតែនៅតែគ្មានអ្វីប្រែប្រួល។ ហើយការពិនិត្យសាកសពលើកទី២ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ ១៩០៩ គេក៏បានសន្មត់ថា នាងបានក្លាយទៅជាសាកសពម៉ាំមីហើយ បើទោះបីជាស្បែកមួយចំនួនលើរាងកាយបានជ្រុះអស់ហើយក្តី។ ដោយមិនអស់ចិត្ត នៅក្នងឆ្នាំ ១៩២៥ គេបានគាស់ពិនិត្យសាកសពនាងម្តងទៀត និងធ្វើពិធីស្រោបសាកសព (wax casts) តែពេលនេោះមានការប្រែប្រួលសាកសពខ្លះៗដោយមានលេចស្នាមខ្មៅនៅលើផ្ទៃមុខ និងលើត្របកភ្នែក។

Saint Bernadette

៥. Rosalia Llombardo

Rosalia Llombardo គឺជាក្មេងស្រីម្នាក់ដែលបានបាត់បង់ជីវិតនៅពេលដែលនាងមានអាយុ២ឆ្នាំ ហើយនាងបានក្លាយទៅជាម៉ាំមីដ៏ល្បីល្បាញក្នុងតំបន់ផ្នូរបញ្ចុះសព Capuchin ទីក្រុង Palermo ប្រទេសអ៊ីតាលី ដោយសារតែសាកសពនាងនៅតែមានសភាពស្រស់ញញឹមដូចជាកូនក្មេងដែលគេងលង់លក់ ទោះបីជាស្លាប់ជាង១០០ឆ្នាំហើយក្តី។ នោះក៏ដោយសារតែក្រោយពីនាងបានស្លាប់ដោយសារជំងឺរលាកសួត ឪពុករបស់នាងគឺលោក Mario Lombardo បានជួលអ្នកអប់សាកសពកូនស្រីឱ្យក្លាយជាម៉ាំមី ហើយបញ្ចុះសាកសពតាមបច្ចេកទេសមួយចំនួន។ ក្រោយពីបានគាស់សាកសព និងបានពិនិត្យ X-Ray គេរកឃើញថាសាកសពក្មេងស្រីនៅតែរក្សារូបរាងបានល្អ ជាពិសេសគ្រឿងក្នុងនៅតែល្អស្អាតដដែល។ បច្ចុប្បន្នសាកសពរបស់ក្មេងស្រីម្នាក់នេះបានរក្សាទុកនៅក្នុងមឈូសកញ្ចក់ ដែលផ្ទុកឧស្ម័ន Nitrogen ដើម្បីការពារកុំឱ្យរលួយ។

Rosalia Llombardo

៤. អ្នកស្រី Xin Zhui 

Xin Zhui ឬ អ្នកស្រី Dai គឺជាប្រពន្ធរបស់លីឆាង នៃរាជវង្សហាន និងជាស្ត្រីដែលមានឈ្មោះល្បីល្បាញមួយរូប បើទោះបីជាបានស្លាប់អស់រយៈពេលជាង ២០០០ឆ្នាំមកហើយក្តី។ ផ្នូររបស់នាងត្រូវបានគេរកឃើញនៅក្នុងទីទួលតំបន់ Mawangdui ខេត្តហ៊ូណាន ប្រទេសចិននៅក្នុងឆ្នាំ ១៩៧១ ហើយសាកសពរបស់នាងត្រូវបានគេរកឃើញថាបានបញ្ចុះជាមួយទ្រព្យសម្បត្តិមានតម្លៃជាច្រើនមួយចំនួន ផងដែរ។ 

Xin Zhui ត្រូវបានគេរកឃើញថាស្លាប់នៅក្នុងអាយុ ៥០ឆ្នាំ ដោយសារតែជំងឺធាត់ លើសជាតិខ្លាញ់ និងជំងឺគាំងបេះដូង។ ជាមួយនឹងរូបរាងដែលត្រូវបានគេវេចខ្ចប់ និងបច្ចេកទេសរក្សាសាកសពដ៏ឥតខ្ចោះ សាកសពរបស់នាងនៅតែរក្សារូបរាងរៅបានយ៉ាងល្អទាំងគ្រឿងក្នុង សរសៃសក់ រោមភ្នែក និងស្បែកខាងក្រៅដែលនៅតែមានសភាពទន់ និងមានសាច់ដុំអាចបត់បែនបានដដែល។

អ្នកស្រី Xin Zhui

៣.ស្តេច Tutankhamun

Tutankhamun ឬស្តេច Tut គឺជាផារ៉ាអុងអេហ្ស៊ីបបុរាណក្នុងរាជវង្សទី ១៨។ ទ្រង់កើតនៅក្នុងអំឡុងឆ្នាំ១៣៤១ មុនគ្រិស្តសករាជ និងបានសុគត ក្នុងឆ្នាំ ១៣២៣ មុនគ្រិស្តសករាជក្នុងព្រះជន្ម ១៨ព្រះវស្សា។ ផ្នូររបស់ទ្រង់ត្រូវបានគេរកឃើញនៅក្នុងឆ្នាំ ១៩២២ ហើយសាកសពម៉ាំមីរបស់ទ្រង់ត្រូវបានគេប្រើបច្ចេកទេស Virtual autopsy ដើម្បីពិនិត្យសាកសព និងបានរកឃើញថាមានប្រេងអប់សាកសពម្យ៉ាងលើក្រណាត់សូត្រដើម្បីនាំយកអុកស៊ីហ្សែនបង្កើតជាចំហេះ និងកម្តៅមានសីតុណ្ហភាពប្រមាណជា ២០០អង្សាសេដែលជាវិធីនៅក្នុងការរក្សាសាកសព។ ជាពិសេសនៅលើរាងកាយទ្រង់ត្រូវបានគេរកឃើញថា មានឆ្អឹងបាក់មួយចំនួនផងដែរ។

ស្តេច Tutankhamun

២. Ötzi បុរសទឹកកក

Ötzi គឺជារហស្សនាមដែលគេបានផ្តល់ជូនបុរសម្នាក់ដែលមានជីវិតរស់នៅកាលពី ជាង៣៤០០ ទៅ៣១០០ឆ្នាំមុនគ្រិស្តសករាជ (BCE)។ សាកសពម៉ាំមីរបស់បុរសម្នាក់យុគសម័យ Neolithic នេះ ត្រូវបានរកឃើញដោយក្រុមអ្នកជិះស្គីទឹកកកក្នុងឆ្នាំ ១៩៩១ ស្ថិតនៅតំបន់ Ötztal Alps ចន្លោះប្រទេសអូទ្រីស និងអ៊ីតាលី ដោយគេរកឃើញថាជាម៉ាំមីកើតឡើងបែបធម្មជាតិដោយសារតែអាកាសធាតុត្រជាក់។ 

នៅក្បែរសាកសពម៉ាំមី គេក៏បានរកឃើញរបស់របរប្រើប្រាស់របស់គាត់មួយចំនួនដែរដូចជា ធ្នូ ព្រួញ ដាវ និងឧបករណ៍ផ្សេងទៀត។ ម៉ាំមីនេះមានអាយុចំណាស់ជាងគេលើលោក ពោលគឺមានអាយុច្រើនជាងប្រាសាទពីរ៉ាម៉ីតប្រទេសអេហ្ស៊ីប និងដុំថ្ម Stonehengeទៅទៀត។ បច្ចុប្បន្នសាកសពម៉ាំមីបុរសទឹកកក និងសំភារៈប្រើប្រាស់របស់គាត់បានកំពុងតែតាំងបង្ហាញនៅក្នុងសារមន្ទីរ South Tyrol នៃតំបន់ Archaeology ទីក្រុង Bolzano ខេត្ត South Tyrol ប្រទេសអ៊ីតាលី។

Ötzi បុរសទឹកកក

១.លោក Vladimir Lenin

លោកលេនីន គឺជាអ្នកនយោបាយបដិវត្តន៍កុម្មុយនិស្តដ៏ល្បីល្បាញមួយរួប និងជាប្រមុខនៃសហភាពសូវៀត។ ទ្រឹស្តីនយោបាយរបស់គាត់មានឈ្មោះថា លេនីននិយម។ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩២៤ មេដឹកនាំរូបនេះបានទទួលមរណភាពដោយសារជំងឺដាច់សរសៃឈាម ហើយត្រូវបានគេយកមកដាក់តាំងបង្ហាញនៅក្នុងមឈូសក្រហមចំនួន៣ថ្ងៃនៅក្នុងទីក្រុងមូស្គូ ដើម្បីឱ្យអ្នកដឹកនាំដទៃ និងសមាជិកនយោបាយរបស់លោករាប់លាននាក់ចូលទៅគោរពផងដែរ។

នៅថ្ងៃទី ២៧ ខែមករា សាកសពរបស់លោកលេនីន ត្រូវបានគេនាំមកអប់ធ្វើជាម៉ាំមី ដោយមានការវះយកគ្រឿងក្នុង ខួរក្បាល រួមទាំងបង្កកដើម្បីរក្សាទុកបានយូរទៀតផងនៅក្នុងចេតិយទីលានក្រហមក្រុងម៉ូស្គូ រហូតដល់ពេលបច្ចុប្បន្ន៕  

លោក Vladimir Lenin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]