បារាំង៖ អង្គការយូនីស្កូ ឬ អង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ នៃសហប្រជាជាតិ (United Nations, Educational, Scientific and Cultural Organization) មានទីតាំងនៅសង្កាត់ Place de Fontenoy (ដាក់ឈ្មោះតាមចម្បាំង Fontenoy ក្នុងឆ្នាំ ១៧៤៥) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ការិយាល័យនៃអង្គការនេះត្រូវបានស្ថាបនាជារាងអក្សរ “Y” ដែលសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ ១៩៥៨។

ទីស្នាក់ការកណ្តាល នៃអង្គការយូនីស្កូ (មើលពីលើ)

អគារនេះត្រូវបានគូរប្លង់ដោយវិស្វករបីរូប ដែលមានសញ្ជាតិខុសៗគ្នា បន្ទាប់ពីគណៈកម្មាធិការអន្តរជាតិបានអនុម័តឱ្យធ្វើការសាងសង់។ អគារធំជាងគេច្រើនតែត្រូវបានគេហៅថា “ផ្កាយកំពូលបី” និងមានសសរបេតុងចំនួន ៧២ ទ្រទ្រង់សំណង់នេះ។ គុណភាពវិស្វកម្មនៃទីស្នាក់ការកណ្តាលរបស់អង្គការយូនីស្កូ បានធ្វើឱ្យវាក្លាយជាអាគារដ៏ល្បីល្បាញ និងមានការទទួលស្គាល់បំផុតមួយក្នុងពិភពលោក។ 

ទីស្នាក់ការកណ្តាល នៃអង្គការយូនីស្កូ (មើលពីមុខ)

ទីតាំងនៃទីស្នាក់ការក៏មានអាគារបីផ្សេងទៀតផងដែរ។ អគារទី ២ មានឈ្មោះថា “Accordion (ឬអគាររាងអង្កាញ់)” ដែលប្រើសម្រាប់រៀបចំកិច្ចប្រជុំសម័យពេញអង្គ អំឡុងសន្និសីទទូទៅ (General Conference)។ សាលដែលមានរាងដូចស៊ុតសម្រាប់រៀបចំសន្នីសិទ ក៏ស្ថិតនៅក្នុងអគារនេះផងដែរ។ រីឯអាគារទី ៣ ក៏នៅអគារទីស្នាក់ការនេះដូចគ្នាដោយមានរាងជាគូប (Cube)។ ចំណែកអគារចុងក្រោយមានការិយាល័យពីរជាន់ ដែលមានរាងប្រហោងបង្កើតបានជាទីធ្លាដូចធរណីស្រូបតូចៗ ពីក្រោមផ្លូវ។

ច្រកចូលអង្កគារយូនីស្កូ
អាគារអង្កាញ់ នៃទីស្នាក់ការអង្គការយូនីស្កូ
អាគារអង្កាញ់ នៃទីស្នាក់ការអង្គការយូនីស្កូ
អាគារប្រហោងក្រោមដី នៃទីស្នាក់ការអង្គការយូនីស្កូ

ក្រៅពីទម្រង់វិស្វកម្មដ៏គួរឱ្យកោតស្ញប់ស្ញែង អគារនេះនៅមានស្នាដៃសិល្បៈដ៏វិសេសវិសាល ដែលបើកឱ្យសាធារណជនចូលទស្សនាផងដែរ។ អំឡុងពេលសាងសង់ គណៈកម្មការផ្នែកសិល្បៈជាច្រើនរូបរបស់អង្គការយូនីស្កូ ដែលមកពីសាវតារផ្សេងៗគ្នា ត្រូវបានតម្រូវឱ្យច្នៃប្រឌិតស្នាដៃសិល្បៈដើម្បីលម្អអគារដែលមានគ្រប់លក្ខណៈ និងបរិវេណនាពេលអនាគត។ 

ប្រភេទនៃសិល្បៈទាំងនោះត្រូវច្បិចចេញនូវ “សន្តិភាព និងសុខដុមរមនា” ដែលអង្គការនេះព្យាយាមលើកកម្ពស់ និងអភិរក្សនៅកន្លែងជាច្រើនជុំវិញពិភពលោក។ អស់រយៈកាលច្រើនឆ្នាំមកហើយ អង្គការយូនីស្កូ បានក្លាយជាសារមន្ទីរសាកលមួយ ដែលតំណាងឱ្យការច្នៃបង្កើតសិល្បៈនៃសិល្បករល្បីៗ និងសិល្បករដែលគេមិនស្គាល់ពីផ្នែកផ្សេងៗនៃពិភពលោក។

រូបតំណាងការលេងភ្លើងពណ៌សិល្បៈលើអាគារ

វិទ្យាស្ថាន និង មជ្ឈមណ្ឌល ជុំវិញពិភពលោក របស់អង្គការយូនីស្កូ

អង្គការនេះមានមន្ទីរឯកទេសជាច្រើន ដែលជាមែកធាងនៃសកម្មភាពចម្បងៗក្នុងផ្នែក អប់រំ, វិទ្យាសាស្ត្រសង្គម និង វិទ្យាសាស្ត្រមនុស្ស, វិទ្យាសាស្ត្រធម្មជាតិ, ទំនាក់ទំនង និង ព័ត៌មាន, និង វប្បធម៌។ មន្ទីរពិសេសៗទាំងនេះត្រូវបានគេស្គាល់ថាជា “វិទ្យាស្ថាន” និងមានទីតាំងនៅកន្លែងជាច្រើនក្នុងពិភពលោក ដែលរួមទាំងទីស្នាក់ការ “ការិយាល័យអន្តរជាតិផ្នែកអប់រំ” នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស, “វិទ្យាស្ថានអន្តរជាតិទទួលបន្ទុកកសាងសមត្ថភាព” នៅទ្វីបអាហ្វ្រិក ក្នុងក្រុងអាឌីសអាបាដា ប្រទេសអេត្យូពី, “មជ្ឈមណ្ឌលអឺរ៉ុបទទួលបន្ទុកលើកកម្ពស់ការអប់រំ” នៅក្រុងប៊ូការ៉េស ប្រទេសរ៉ូម៉ានី, និង “វិទ្យាស្ថានទទួលបន្ទុកផ្នែកស្ថិតិ” នៅក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។

អង្គការយូនីស្កូទទួលខុសត្រូវលើការអភិរក្សទីតាំងបេតិកភណ្ឌពិភពលោកក្នុងប្រទេសចំនួន ១៦៧ ដែលតំណាងទីតាំងបេតិកភណ្ឌប្រមាណ ១,០៧៣ និងគ្របដណ្តប់លើផ្ទៃដីជិត ១០ លានគីឡូម៉ែត្រការ៉េ។ បន្ថែមពីលើកិច្ចការពារទីតាំងវប្បធម៌ដ៏អស្ចារ្យជុំវិញពិភពលោក អង្គការយូនីស្កូក៏ជាប់ពាក់ព័ន្ធនឹងគម្រោងជាច្រើនដែលជំរុញឱ្យមានការអភិវឌ្ឍន៍ដោយស្មើភាព និងចិរភាព។

ចក្ខុវិស័យរបស់អង្គការដែលនៅក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិមួយនេះ គឺពង្រឹងសមត្ថភាពបញ្ហា និងសីលធម៌របស់មនុស្ស ដោយជំរុញឱ្យមានសន្តិភាព និងការយោគយល់គ្នាទៅវិញទៅមក។ ចក្ខុវិស័យនេះត្រូវសម្រេចបានតាមរយៈកម្មវិធីនានាដែលពោរពេញដោយការប្តេជ្ញា និងការលើកកម្ពស់សម្បត្តិបេតិកភណ្ឌ នៃរាល់ជាតិសាសន៍ទូទាំងពិភពលោក។ ការផ្តោតជាពិសេសគឺដាក់ទៅលើកម្មវិធីវិទ្យាសាស្ត្រ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍តាមរយៈការសហការណ៍គ្នា។ សសរស្តម្ភមួយនៃចក្ខុវិស័យរបស់អង្គការយក្សនេះ គឺលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ តាមរយៈលិទ្ធិប្រជាធិបតេយ្យ និងលំហូរដោយសេរីនៃការបញ្ចេញគំនិតព្រមទាំងចំណេះដឹង។  

ប្រាសាទអង្គរវត្តដែលចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ

អង្គការយូនីស្កូមិនយកចិត្តទុកដាក់តែលើការអភិរក្សទម្រង់រូបិយនៃការបង្ហាញវប្បធម៌ឡើយ ប៉ុន្តែថែមទាំងខ្វាយខ្វល់ចំពោះសម្បត្តិបេតិកភណ្ឌអរូបិយផងដែរ។ តាំងពីឆ្នាំ ២០១០ បញ្ជីមួយត្រូវបានរៀបចំឱ្យដាក់បញ្ចូលការអនុវត្តវប្បធម៌អរូបិយ និងទម្រង់នៃការបង្ហាញវប្បធម៌ ដែលចាំបាច់ត្រូវតែការពារ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់របស់វា។ គួរបញ្ជាក់ថាបញ្ជីនេះរួមមានធាតុផ្សំនៃវប្បធម៌ផ្សេងៗជុំវិញពិភពលោកតែម្តង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]