ភ្នំពេញ៖ ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford ប្រចាំប្រទេសកម្ពុជា បានផ្តល់មូលនិធិដែលមានទឹកប្រាក់ចំនួន ២0 000 ដុល្លារ​ ដល់សមាគមអតីតនិស្សិតកម្ពុជា អេ អាយ ធី AITAACC (AIT-Alumni Association Cambodia Chapter) ដើម្បីអនុវត្តគម្រោងចូលរួមចំនែកជួយសង្គមនៅកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីមូលនិធិអភិរក្ស និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme)។

មូលនិធិទឹកប្រាក់ ២0 000 ដុល្លារ​

AITAACC គឺជាអង្គការមិនយកប្រាក់ចំណេញមួយ ដែលរួមចំណែកដល់ការស្តារឡើងវិញ និងការអភិវឌ្ឍន៍តំបន់ដែលមិនទាន់អភិវឌ្ឍមួយចំនួននៅកម្ពុជា ដោយធ្វើការដោះស្រាយបញ្ហាដែលកំពុងប្រឈមដូចជា ផ្នែកសុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំជាដើម។

ក្រុមហ៊ុន Ford បានផ្ដល់ជំនួយឥតសំណងចំនួន ២0 000 ដុល្លារអាមេរិកដល់សមាគមអតីតនិស្សិតកម្ពុជា អេ អាយ ធី ក្នុងគោលបំណងអនុវត្តគម្រោងសាងសង់សាលាមតេយ្យសហគមន៍ចំនួន ២ ដែលមានទឹកស្អាតប្រើប្រាស់ និងមានអនាម័យល្អដែលជាតម្រូវការចាំបាច់សម្រាប់ក្មេងៗនៅតាមជនបទ។

សកម្មភាពបុគ្គលិកសមាគមន៍ AITAACC ចុះវាយតម្លៃ

គោលដៅនៃការអនុវត្តន៍គម្រោងនេះ គឺបង្កើនគុណភាពការអប់រំសម្រាប់ក្មេងៗនៅតាមតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។

លោក សេង ហុង

លោក សេង ហុង អនុប្រធានសមាគមន៍ និងជាប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការ និងការងារសង្គមរបស់សមាគមន៍ AITAACC បានមានប្រសាសន៍ថា៖

«ប្រសិនបើចង់ឲ្យសហគមន៍មួយមានការរីកចម្រើន ការពង្រឹងគុណភាពការអប់រំ គឺជាកត្តាចម្បងបំផុត។ ការពង្រឹងចំនេះដឹងមូលដ្ឋានរបស់កុមារក្នុងសហគមន៍ គឺជាដំណោះស្រាយសម្រាប់រយៈពេលវែង ដែលល្អបំផុតសម្រាប់សហគមន៍យើង។ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ការអប់រំកុមារ ដែលនឹងរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់យើង។ ខ្ញុំពិតជាមានមោទនភាព ដែលបានសហការជាមួយក្រុមហ៊ុន Ford និង RMA Cambodia ដើម្បីអនុវត្តគម្រោងចូលរួមចំនែកជួយសង្គមនៅកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធី មូលនិធិអភិរក្ស និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme)»។
លោក មីលី ហ្គុដមែន

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖

«ការចូលរួមចំណែកជាមួយសហគមន៍ ដែលយើងកំពុងរស់នៅ និងធ្វើការជាមួយ គឺជាកាតព្វកិច្ចដ៏ចាំបាច់ និងមានសារៈសំខាន់បំផុតសំរាប់ក្រុមហ៊ុន Ford និង RMA Cambodia ម្យ៉ាងទៀតយើងពិតជាមានមោទនភាព ដែលបានចូលរួមចំណែកជាមួយសមាគមន៍អតីតនិស្សិតកម្ពុជា អេ អាយ ធី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់អត្ថប្រយោជន៍រយៈពេលវែងដល់ប្រជាជនកម្ពុជា»។

កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia បានបញ្ចប់នូវគម្រោងសាងសង់អណ្ដូងទឹកស្អាតនៅខេត្តកំពុងស្ពឺ និងខេត្តត្បូងឃ្មុំដែលអាចផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនដែលរស់នៅក្នុងតំបន់ជាង ១២00 នាក់។

ក្រៅពីនេះក្រុមហ៊ុន Ford ក៏បានចូលរួមចំណែកក្នុងសកម្មភាពសង្គមជាច្រើនរួមមាន ការបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី «សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត – Ford Driving Skills for Life» ការផ្ដល់មូលនិធិគាំពារសហគមន៍ជាសកលប្រចាំឆ្នាំ ដែលបានចូលរួមចំណែកដោយបុគ្គលិកក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ផងដែរ។

អំពីគម្រោងមូលនិធិអភិរក្ស និងការពារបរិស្ថានរបស់ក្រុមហ៊ុន Ford

គម្រោងមូលនិធិអភិរក្ស និងការពារបរិស្ថានត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៣ មកម្ល៉េះ។ មូលនិធិនេះបង្កើតឡើងក្នុងគោលបំណងដើម្បីជម្រុញបុគ្គល និងអង្គការនានាដើម្បីធ្វើការសិក្សាស្រាវជ្រាវទៅលើគម្រោងផ្សេងៗទៅលើការការពារបរិស្ថាន ដើម្បីណែនាំឲ្យប្រជាពលរដ្ឋចេះស្រលាញ់ និងការពារបរិស្ថាននៅក្នុងសហគមន៍ដែលពួកគេរស់នៅ។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Ford បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកការពារបរិស្ថានអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ រួមមានការការពារសត្វព្រៃ និងការពារព្រៃឈើ និងផ្តល់មូលនិធិដល់គម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ និងការបង្កើនធនធាននៅតាមជនបទផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]