តាមអ្នកវិទ្យាសាស្រ្តបានរកឃើញថា ការមានទំនាក់ទំនងផ្លូវភេទ ឬរៀបការជាប្តីប្រពន្ធជាមួយនឹងសាច់ញាតិបង្កើត និងបងប្អូនដែលជាប់សាច់ឈាមជិតស្និទ្ធ កូនៗដែលពួកគេបង្កើតចេញមក អាចមានបញ្ហាទាក់ទងនឹងស្បែក និងសតិបញ្ញាផងដែរ។

តែកាលពីសម័យបុរាណ ប្រពៃណីយកសាច់ញាតិខ្លួនឯង ត្រូវបានគេនិយមអនុវត្តស្ទើរតែទូទាំងពិភពលោក ដោយភាគច្រើនជាពូជពង្សស្តេច (អាចមានពួកអភិជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ) ដែលពួកគេចង់ឱ្យឈាមរាជវង្សរបស់ពួកគេនៅតែបរិសុទ្ធ មិនលាយឡំ ក្លាយជាមួយនឹងសាច់ឈាមអ្នកដទៃ ឬមិនចង់បែកទ្រព្យសម្បត្តិជាដើម។

ដូច្នេះយើងមកតាមដាន តើប្រទេសណាខ្លះ ដែលធ្លាប់បានអនុវត្តច្បាប់រៀបការ ឬមានទំនាក់ទំនងផ្លូវភេទនឹងសាច់ញាតិខ្លួនឯងដូចខាងក្រោម៖

១០. ប្រទេសអាហ្វ្រិកបុរាណ

- រាល់អធិរាជអាណាចក្រ Monomotapa នៃប្រទេស Zimbabwe អាចមានប្រពន្ធដល់ទៅជាង ៣០០នាក់ ដោយភាគច្រើនជាសាច់ញាតិជិតស្និទ្ធរបស់ទ្រង់ដូចជា៖ បងប្អូនស្រីបង្កើត និងពេលខ្លះអាចយកកូនស្រីរបស់ខ្លួនបានផងដែរ។ ហើយមានតែបុត្រដែលបង្កើតចេញពីសាច់ញាតិរបស់ទ្រង់ទេ ដែលមានសិទ្ធស្នងរាជ្យបន្តនោះ។

- ការមានទំនាក់ស្នេហាផ្លូវភេទរវាងបងប្អូនឯងនេះ ក៏មានកើតឡើងនៅក្នុងអាណាចក្រ Fon នៃប្រទេស Dahomey ដែរ តែបច្ចុប្បន្នបានក្លាយទៅជាប្រទេស Benin ។ កាលសម័យនោះស្តេចមានសិទ្ធអំណាចធំណាស់ ចង់រួមរស់ជាមួយស្រ្តីណាក៏បានដែលទ្រង់ពេញចិត្ត មិនថាតែជាស្ត្រីនៅក្រមុំ ស្ត្រីដែលរៀបការរួច ជនក្នុងស្រុក ជនបរទេស វណ្ណៈអ្នកជា ឬវណ្ណៈទាសករនោះទេ សូម្បីតែសាច់ញាតិទ្រង់ជិតស្និទ្ធក៏ទ្រង់អាចយកមករួមដំណេកបានដែរ ដូចជាបងប្អូនជីដូនមួយជាដើម លើកលែងតែបងប្អូនស្រីសាច់ឈាមបង្កើតតែប៉ុណ្ណោះ។

រូបតំណាងប្រទេសអាហ្វ្រិកបុរាណ

៩. ប្រទេសអេហ្ស៊ីបបុរាណ

- នៅក្នុងប្រទេសអេហ្ស៊ីបបុរាណ គេជឿថាអំណាចនៃបល្ល័ង្ករបស់ព្រះចៅផារ៉ាអុងគ្រប់ជំនាន់កាន់តែមានភាពខ្លាំងក្លាឡើង ដោយសារតែការរួមបញ្ចូលសាច់សារលោហិតរាជវង្សបង្កើតរបស់ទ្រង់ផ្ទាល់។ ដូច្នេះហើយទោះជាមិនច្បាស់ថាព្រះចៅផារ៉ាអុងជំនាន់ទី១៨ បានរៀបការជាមួយនឹងសាច់ញាតិបងប្អូនបង្កើតរបស់ទ្រង់ ឬក៏អត់យ៉ាងណាក៏ដោយ តែគេជឿថាគ្រប់ជំនាន់ផារ៉ាអុង ជាពិសេសគឺព្រះអង្គ Ramses ទី២នៃផារ៉ាអុងទី១៩ពិតជាបានយកសាច់ញាតិ និងប្អូនស្រីបង្កើតរបស់ទ្រង់ជាភរិយាប្រាកដមែន។

- នៅក្នុងនោះផងដែរ ព្រះចៅផារ៉ាអុង Akhenaten (Aka Amenhotep ទី៤) ត្រូវបានគេដឹងថាទ្រង់ក៏បានរៀបការជាមួយនឹងប្អូនស្រីបង្កើតរបស់ទ្រង់ឈ្មោះថា Nefertiti ដែរ ដែលសូម្បីតែព្រះមាតាបិតារបស់ទ្រង់ក៏ជាសាច់ញាតិជិតស្និទ្ធនឹងគ្នាដែរ។ តាមរូបគំនូរសិល្បៈ (អាចជាម៉ាំមី) របស់ទ្រង់ដែលត្រូវបានគេប្រទះនោះ គេក៏បានរកឃើញថា ទ្រង់មានបញ្ហាកត្តាហ្សែន និងមានសភាពខុសប្រក្រតី ដែលសូម្បីតែបុត្ររបស់ទ្រង់ព្រះនាម Tutankhamun ក៏មានសភាពបែបនេះដែរ។ សភាពទាំងនេះត្រូវបានគេពិនិត្យតាមរយៈហ្សែន DNA រកឃើញថា បណ្តាលមកពីការជាប់ទំនាក់ទំនងផ្លូវភេទរវាងសាច់ញាតិបង្កើតទាំងនោះឯង។

រូបតំណាងប្រទេសអេហ្ស៊ីបបុរាណ

៨. អេហ្ស៊ីបរ៉ូម (រ៉ូម៉ាំងអេហ្ស៊ីប)

- នៅក្នុងសម័យ អេហ្ស៊ីបរ៉ូម ប្រជាជនធម្មតានៅក្រៅខ្សែរាជវង្សនៅតែបន្តការយកគ្នាជាប្តីប្រពន្ធរវាងបងប្អូនប្រុសស្រីដដែល។ ប៉ុន្តែពួករ៉ូម៉ាំងមានទស្សនៈប្រឆាំង និងហាមប្រាមនឹងទំនៀមទំលាប់នេះ ហើយអ្នកដែលបន្តការរៀបការជាមួយសាច់ញាតិបង្កើតសុទ្ធតែអ្នកស្ថិតនៅក្រៅការគ្រប់គ្រងរបស់ពួករ៉ូម៉ាំងតែប៉ុណ្ណោះ។

- ការរៀបការ និងរួមរស់ជាប្តីប្រពន្ធជាមួយនឹងសាច់ញាតិជិតស្និទ្ធរបស់ខ្លួនក៏បានកើតឡើងក្នុងការបែងចែកផ្នែកសេដ្ឋកិច្ច និងសង្គមផងដែរ។

រូបតំណាងអេហ្ស៊ីបរ៉ូម (រ៉ូម៉ាំងអេហ្ស៊ីប)

៧. Zoroastrian នៃអ៊ីរ៉ង់

Zoroastrianism គឺជាសាសនាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ មុននឹងមានការលុកលុយពីមូស្លីម ដោយការរៀបការ និងរួមរស់ជាប្តីប្រពន្ធរបស់ពួកគេសុទ្ធតែជាបងប្អូន ឬសាច់ញាតិជិតស្និទ្ធនឹងគ្នា ជាការផ្សារភ្ជាប់ទៅនឹងជំនឿសាសនា ដែលពួកគេយល់ថាទាំងនេះជាទង្វើដែលគោរពទៅតាមបំណងរបស់ព្រះជាម្ចាស់ ។ សូម្បីតែនៅក្នុងអត្ថបទរបស់ប៉ាប៉ាវី (ពីសតវត្សទី៦ ដល់ទី ៩) ក៏បានរៀបរាប់ពីការមានទំនាក់ទំនងផ្លូវភេទ រវាង ម្តាយ និងកូនប្រុស បងប្រុសនិងប្អូនស្រី រួមទាំងឪពុក និងកូនស្រីដែរ ដែលគេជឿថាអ្នកទាំងនោះគឺជាអ្នកដែលមានការគោរព និងមានជំនឿលើសាសនាយ៉ាងស៊ុប ជាពិសេសគេជឿថា ជាវិធីដែលអាចជួយលាងបាបកម្មឱ្យមនុស្សជាតិទៀតផង។ បើទោះបីជាគ្មានភស្តុតាងណាជាក់លាក់ថាប្រជាជន Zoroastrian ពិតជាយកបងប្អូនគ្នាពិតមែនក៏ដោយ តែគេជឿថាយោងទៅតាមសាសនា វាអាចនឹងទៅរួចភាគច្រើន។

រូបតំណាងZoroastrian នៃអ៊ីរ៉ង់

៦. អឺរ៉ុប

ចាប់ពីសតវត្សទី ១៥ រហូតដល់សតវត្សទី ១៩ ព្រះមហាក្សត្រនៃប្រទេសអឺរ៉ុបតែងតែរៀបការ និងរួមរស់ជាមួយនឹងបងប្អូនជីដូនមួយរបស់ខ្លួន។ រឿងនេះក៏បានកើតឡើងដែរសម្រាប់ Spanish Habsburgs, the Prussian Hohenzollerns, the French Bourbons, the Russian Romanovs និងគ្រួសាររាជវង្សអង់គ្លេស។

អ្នកជំនាញខ្លះយល់ថាការធ្លាក់ចុះនៃអំណាចគ្រួសារទាំងនោះដូចជាអេស្ប៉ាញ Habsburgs គឺដោយសារតែការភ្ជាប់សាច់ឈាមបង្កើតដែលមានហ្សែនដូចគ្នា ដែលវាជាមូលហេតុនាំឱ្យមានបញ្ហាផ្លូវចិត្ត និងបញ្ហារាងកាយជាដើម។

រូបតំណាង រាជវង្សអឺរ៉ុប

៥. ម៉ាដាហ្គាស្ការ (Madagascar)

ថ្មីៗនេះគេបានរកឃើញថាប្រជាជន Malagasy មានទំនាក់ទំនងផ្លូវភេទ និងរៀបការជាមួយនឹងសាច់ញាតិបង្កើតខ្លួនឯង។ ហើយប្រជាជន Malagasy មួយចំនួនមានទស្សនៈផ្សេងគ្នា ដោយគេយកគ្នាជាប្តីប្រពន្ធត្រឹមតែបងប្អូនជីដូនមួយតែប៉ុណ្ណោះ តែប្រសិនជានៅតំបន់ផ្សេងជិតនោះវិញ វាជាអំពើដែលត្រូវហាមឃាត់ជាដាច់ខាត។

អ្នកនៅក្នុងតំបន់ផ្សេងយល់ថាការយកបងប្អូនគ្នាជាប្តីប្រពន្ធមិនថាជាចេតនាក្តី អចេតនាក្តី នឹងធ្វើឱ្យកើតមានគ្រោះធម្មជាតិ ការលិចទូកកាប៉ាល់ ខូចខាតដំណាំ និងមានគ្រោះអាក្រក់ដល់អ្នកស្រុកភូមិជាដើម។

ប្រជាជន តំបន់ម៉ាដាហ្គាស្ការ

៤. The Incas

ប្រជាជន The Incas ជឿថាពួកគេជាកូនចៅ និងពូជពង្សរបស់ព្រះអាទិទេព ដែលបានផ្សារសាច់ឈាមរៀបការនឹងគ្នារវាងបងប្អូនបង្កើត គឺព្រះអាទិត្យជាបងប្រុស និងព្រះចន្ទជាប្អូនស្រី។ ដូច្នេះហើយស្តេច Topa Inca Yupanqui នៃអាណាចក្រ The Inca បានរៀបអភិសេកជាមួយនឹងប្អូនស្រីបង្កើតរបស់ទ្រង់ ដើម្បីឡើងស្នងរាជ្យសម្បត្តិ។ ហើយប្រសិនជាក្នុងករណី រៀបការជាមួយនឹងបងប្អូនស្រីបង្កើតតែគ្មានបុត្រស្នងរាជនោះទេ ស្តេចអាចរៀបការជាមួយនឹងបងប្អូនស្រីបន្ទាប់ ឬបងប្អូនជីដូនមួយក៏បាន គឺធ្វើយ៉ាងណាឱ្យមានបុត្រដែលត្រូវតែជាប់សាច់ឈាមនឹងទ្រង់តែប៉ុណ្ណោះដែលមានសិទ្ធគ្រងរាជ្យបន្ត។ ទោះជាយ៉ាងនេះក្តី ទំនៀមទំលាប់នៃខ្សែរាជវង្សទាំងនេះត្រូវបានគេបោះបង់ចោល បន្ទាប់ពីប្រទេសអេស្ប៉ាញបានចូលលុកលុយគ្រប់គ្រងទៅលើប្រជាជន Inca ។

ស្តេច Topa Inca Yupanqui នៃអាណាចក្រ The Inca

៣. ប៉ូលីណេស៊ី (Polynesia)

- សម្រាប់រាជវង្សប៉ូលីណេស៊ី ការរៀបការ និងរួមរស់ជាមួយនឹងបងប្អូនសាច់ញាតិឯងធ្វើឱ្យគេជឿថាអាចបង្កើនកម្លាំង និងអនុភាពនៃរាជ្យបាល័ង្កបាន។ ជាពិសេសគ្មានអ្នកណាអាចដណ្តើមរាជ្យសម្បត្តិពីពូជពង្សរាជវង្សនេះឡើយ បើទោះបីជាកូនដែលកើតមកជាកូនស្រីយ៉ាងណាក៏ដោយ (កូនស្រីក៏សោយរាជ្យបាន)។

- ចំណែករាជវង្សហាវ៉ៃវិញក៏មានទំនៀមទំលាប់ ការប្រគល់រាជសម្បត្តិទៅឱ្យកូនបន្តដែលជាសាច់ឈាមបង្កើតផងដែរ ដែលម្តាយឪពុកក៏ត្រូវតែជាញាតិ ឬជាប់សាច់ឈាមបង្កើតគ្នា។ ដើម្បីធ្វើឱ្យអំណាចមានស្ថេរភាព និងមានភាពរឹងមាំ ស្តេចដែលឡើងគ្រងរាជបន្តត្រូវតែយកបងប្អូនស្រីជាព្រះមហេសី ឬបើគ្មានបងប្អូនស្រីបង្កើតទេ អាចយកបងប្អូនស្រីជីដូនមួយក៏បានដែរ ដើម្បីបន្តពូជពង្សរាជវង្សបន្តទៅទៀត ដែលគេបានដាក់ឈ្មោះហៅថា « Loop, a thing bent on itself» ។ ទំនៀមមួយនេះត្រូវបានគេដឹងថាជាបំនងរបស់អាទិទេព ពោលគឺគ្មានអ្នកណាម្នាក់ហ៊ានដណ្តើមរាជ ឬជ្រែករាជសម្បត្តិឡើយ។

ប៉ូលីណេស៊ី (Polynesia)

២. ប្រទេសថៃ

ខ្សែរាជវង្សថៃ រួមទាំងស្តេចផែនដីមានអ្នកម្នាង និងមហេសីច្រើនណាស់ ដែលមកពីវណ្ណៈខុសៗគ្នា បូករួមទាំងសាច់ញាតិរបស់ទ្រង់ផងដែរ។ 

ដោយនៅក្នុងឆ្នាំ ១៩០៧ ស្តេចដែលឡើងគ្រងរាជព្រះនាម ប៉ារ៉ាមូឡាឡុងកន (រាមាទី៥) មានមហេសីដល់ទៅ២អង្គ ដែលជាបងប្អូនបង្កើតនឹងទ្រង់ពាក់កណ្តាល(ម្តាយផ្សេងគ្នា) ដើម្បីពង្រឹងអំណាច និងធ្វើឱ្យនយោយបាយក្នុងប្រទេសកាន់តែរឹងមាំ។ ដោយគេបានដឹងថាបិតារបស់ទ្រង់មានអ្នកម្នាងដល់ទៅ ៣៥អង្គ និងបុត្រាបុត្រីដល់ទៅ៨៤អង្គ នៅពេលដែលទ្រង់សោយរាជ។ 

ដូច្នេះហើយការបន្តពូជពង្សតាមរយៈខ្សែរាជវង្សដែលមានឈ្មោះថា « Kingmakers» គឺជាការរៀបការជាមួយនឹងសាច់ញាតិខ្លួនឯង ដោយមិនប្រកាន់ថា ជាសាច់ញាតិជិតស្និទ្ធ ពូនិងក្មួយ និងបងប្អូនជីដូនមួយទេ ហើយវាជារឿងធម្មតា និងទំនៀមទំលាប់ដែលត្រូវតែប្រកាន់ភ្ជាប់ដើម្បីបន្តពូជពង្សឈាមរាជវង្សគ្រប់ជំនាន់កុំឱ្យសាបសូន្យ។

មហាក្សត្រថៃព្រះនាម ប៉ារ៉ាមូឡាឡុងកន (រាមាទី៥)

១. ទីបេ

ប្រជាជនទីបេ មិនយល់ស្រប ហើយប្រឆាំងដាច់ខាតនឹងការប្រព្រឹត្តអសីលធម៌រវាងសាច់ឈាមឯង នៅលើទឹកដីពួកគេ ហើយប្រសិនជាមានគេរកឃើញថាមានអ្នកប្រព្រឹត្តខុសឆ្គង គេនឹងដាក់ទោសក្នុងពិធីមួយដើម្បីជម្រះភាពកខ្វក់របស់ពួកគេទៅតាមប្រពៃណី។ នៅក្នុងឆ្នាំ ១៩៨៩ មានគេរកឃើញថា បងប្អូនបង្កើត២នាក់បានលួចសាហាយស្មន់មានទំនាក់ទំនងផ្លូវភេទនឹងគ្នា ដូច្នេះអ្នកភូមិបាននិរទេសពួកគេទៅកាន់ជ្រលងពិសិដ្ឋមួយឈ្មោះថា Chorten Nyima ដែលនៅក្បែរភ្នំហិម៉ាល័យជិតព្រំដែនប្រទេសឥណ្ឌា និងទីបេ ហើយឱ្យពួកគេងូតទឹកជម្រះខ្លួនប្រាណក្នុងបឹងស័ក្កសិទ្ធមួយ បន្ទាប់មកពួកគេអាចត្រលប់មកភូមិឋានរស់នៅវិញជាធម្មតា៕

ប្រជាជនទីបេ

ចុះមិត្តអ្នកអានយល់យ៉ាងណាដែរ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]