ដើម្បីឱ្យស្នេហាកាន់តែរលូន និងមានភាពជោគជ័យដើរលើវិថីអនាគតរួមគ្នា ក្រៅពីក្តីស្រលាញ់នោះ ភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នាជាកត្តាមួយដ៏សំខាន់បំផុត។ ហើយអ្វីដែលគូស្នេហ៍ត្រូវតែធ្វើនោះគឺ ការនិយាយគ្នាគ្រប់រឿងរ៉ាវទាំងអស់ តែប្រសិនជាអ្នកនៅតែមានការភ័យខ្លាចនេះភ័យខ្លាចនោះ ឬមិនទាន់មានទំនុកចិត្តក្នុងការប្រាប់រឿងរ៉ាវសំខាន់ៗទេ ស្នេហារបស់អ្នកនឹងមិនគង់វង្សឡើយ ថែមទាំងស្រលាញ់គ្នាមិនយូរងាយបែកបាក់ទៀតផង។

ដូច្នេះចង់ឱ្យស្នេហារលូនល្អ មិនងាយបែកបាក់ គូស្នេហ៍ទាំងពីរត្រូវតែនិយាយគ្នា និងហាមលាក់លៀមគ្នានូវរឿងទាំងអស់នេះជាដាច់ខាត៖

១.និយាយពីទំនាក់ទំនងនៅពេលអនាគត

មនុស្សគ្រប់គ្នាមានគោលដៅអនាគតខុសៗគ្នា តែនៅពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា ពួកគេប្រាកដជាចង់ដើរលើផ្លូវរួមគ្នា និងសាងអនាគតជាមួយគ្នាហើយ។ ដូច្នេះគូស្នេហ៍ល្អ ដែលស្រលាញ់គ្នាបានយូរ ប្រាកដជាមានការគិតទុកជាមុនដូចគ្នា ថាតើត្រូវធ្វើយ៉ាងណា ដើម្បីបន្តទំនាក់ទំនងឱ្យបានយូរ និងមានអនាគតល្អជាមួយគ្នាជាមិនខាន។

និយាយពីទំនាក់ទំនងនៅពេលអនាគត

២.អារម្មណ៍ពិតចំពោះគ្រួសារ និងមិត្តភក្តិរបស់អ្នកម្ខាងទៀត

វាមិនមានជាបញ្ហាទេប្រសិនជាអ្នកសុទ្ធតែពេញចិត្តសមាជិកគ្រួសារ និងមិត្តភក្តិរបស់ដៃគូរបស់អ្នកម្ខាងទៀតរៀងៗខ្លួននោះ។ តែនៅពេលដែលមានបញ្ហា ឬមានការមិនពេញចិត្តពួកគេ អ្នកគួរតែនិយាយប្រាប់គ្នាឱ្យបានច្បាស់ កុំខ្លាចមិនហ៊ាននិយាយ និងលាក់ទុកក្នុងខ្លួនឡើយ។ បើមនុស្សពីរនាក់ស្រលាញ់គ្នាមែន គេនឹងស្តាប់អ្នក និងមិនប្រកាន់ខឹងនឹងអ្នកដែលមិនពេញចិត្តសមាជិកគ្រួសារ និងមិត្តភក្តិគេឡើយ គឺគេមានតែគោរពការសម្រេចចិត្តរបស់អ្នក និងព្យាយាមដោះសា្រយបញ្ហារួមគ្នាប៉ុណ្ណោះ។

អារម្មណ៍ពិតចំពោះគ្រួសារ និងមិត្តភក្តិរបស់អ្នកម្ខាងទៀត

៣.ពេលមានអារម្មណ៍មិនសប្បាយចិត្ត

ពេលដែលអ្នកមានអារម្មណ៍ថាមិនសប្បាយចិត្ត ឬមានបញ្ហាអ្វីមួយ អ្នកមិនគួរលាក់ទុកដោះស្រាយតែម្នាក់ឯងឡើយ អ្នកដែលអ្នកគួរតែនិយាយប្រាប់មុនគេបង្អស់ប្រាកដជាមនុស្សអ្នកដែលអ្នកស្រលាញ់បំផុតហើយ ជាពិសេសថែមទាំងអាចបង្ការកុំឱ្យមានយល់ច្រឡំនឹងគ្នាផងដែរ។ ការនិយាយប្រាប់គ្នានឹងធ្វើឱ្យអ្នកបានធូរស្បើយចិត្ត ជាពិសេសគឺមានអ្នកស្តាប់ទុក្ខលំបាករបស់អ្នក និងពេលខ្លះអាចនឹងជួយរកដំណោះស្រាយរួមគ្នាទៀតផង។

ពេលមានអារម្មណ៍មិនសប្បាយចិត្ត

៤.រឿងបន្តិចបន្តួចដែលរំខានអារម្មណ៍

មានគូស្នេហ៍ជាច្រើនគូហើយដែលបែកគ្នាព្រោះតែរឿងបន្តិចបន្តួច។ ដូច្នេះហើយមិនថាមានរឿងតូច រឿងធំ ឬការអន់ចិត្តបន្តិចបន្តួចទេអ្នកគួរតែនិយាយប្រាប់គ្នាឱ្យដឹងរឿង ដើម្បីឱ្យមានការកែប្រែ តែត្រូវនិយាយគ្នាឱ្យស្រួលបួល ដោយលាយកំប្លែងខ្លះក៏បាន ឬនិយាយបញ្ឆិតបញ្ឆៀងឱ្យដឹងខ្លួនក៏បាន ។ តែកុំនិយាយជាលក្ខណៈខឹង ឬឈ្លោះទាស់ទែងគ្នាឱ្យសោះ នាំតែបង្ករឿងធំដុំ។

រឿងបន្តិចបន្តួចដែលរំខានអារម្មណ៍

៥.និយាយរឿងការចាយវាយ

គូស្នេហ៍ល្អរឿងមួយដែលសំខាន់ដែរនោះគឺការដឹងពីការទម្លាប់នៃការចាយវាយរបស់គ្នាទៅវិញទៅមក និងមានវិធីគ្រប់គ្រងហិរញ្ញវត្ថុបានល្អ។ វាមិនមែនជាបញ្ហាទេថា អ្នកណារកលុយបានតិច ឬអ្នកណារកលុយបានច្រើននោះ សំខាន់គឺអ្នកទាំងពីរបាននិយាយគ្នាជាមុន និងអាចធ្វើការសម្របនឹងគ្នាបានល្អ។ ដូច្នេះកុំឱ្យបញ្ហាលុយកាក់ មកបំផ្លាញស្នេហារបស់អ្នកឱ្យសោះ។

និយាយរឿងការចាយវាយ

៦.អតីតកាល

គូស្នេហ៍មួយចំនួន សុទ្ធតែគិតថាមិនគួរនិយាយរឿងអតីតកាលរបស់ខ្លួនប្រាប់ដល់គូស្នេហ៍ ព្រោះតែខ្លាចមានបញ្ហា ឬអតីតកាលមិនល្អបង្កភាពល្អក់កករដល់រឿងបច្ចុប្បន្នជាដើម។ ប៉ុន្តែគំនិតនេះមិនត្រឹមត្រូវឡើយ ធម្មតាមុនស្រលាញ់គ្នាអ្នកបានសិក្សាពីគ្នាមួយចំនួនហើយ ហើយនៅពេលចាប់ផ្តើមស្រលាញ់គ្នាអ្នកគួរតែបើកចិត្ត និងប្រាប់គ្នាគ្រប់រឿងរ៉ាវទាំងអស់មិនថាតែរឿងល្អ ឬរឿងអាក្រក់ទេដើម្បីស្វែងយល់ពីគ្នាបន្ថែម និងដឹងថាអ្នកអាចទទួលយកគ្នាបានឬអត់។ បើគេខឹង បញ្ចប់ស្នេហាក៏ទាន់ពេលដែរ តែបើគេអាចទទួលយកបានជឿថាអ្នកទាំងពីរនឹងកាន់តែយល់ចិត្តគ្នា ហើយស្នេហារបស់អ្នកនឹងកាន់តែរឹងមាំមួយកម្រិតទៀតហើយ។

អតីតកាល

៧.របៀបដោះស្រាយជម្លោះ

ឈ្លោះគ្នាជារឿងចៀសមិនផុតឡើយសម្រាប់អ្នកដែលស្រលាញ់គ្នា គ្រាន់តែតូច ឬធំប៉ុណ្ណោះ ជាពិសេសអ្នកត្រូវតែចេះនិយាយគ្នា សម្របសម្រួលគ្នា និងដោះសា្រយជម្លោះមួយនោះ។ ហើយការដែលទុកឱ្យជម្លោះនៅតែបន្តវាអាចបង្ករឱ្យមានបញ្ហាកាន់តែធំឡើងៗជាមិនខាន។ ដូច្នេះបើអាច អ្នកគួរតែនិយាយគ្នាជាមុនថាបើឈ្លោះគ្នាយើងត្រូវដោះស្រាយយ៉ាងណា? ហើយបើយើងមិនពេញចិត្តគ្នាគួរតែនិយាយប្រាប់គ្នាឱ្យអស់កុំលាក់ក្នុងចិត្ត ព្រោះគ្មានអ្នកណាទៅអាចអានចិត្តអ្នកដទៃដឹងដោយមិនបានប្រាប់នោះទេ។ ប្រសិនជាអ្នកបាននិយាយគ្នាហើយ វាមិនមែនជាបញ្ហាទេ ហើយជម្លោះវាជារឿងធម្មតាដែលធ្វើឱ្យស្នេហារបស់អ្នកកាន់តែមានរសជាតិ និងរឹងមាំជាងមុនទៅទៀត។

របៀបដោះស្រាយជម្លោះ

៨.ការរំពឹងទុកលើរឿងលើគ្រែ

អាចនិយាយថាជារឿងធម្មតារបស់មនុស្សសម័យថ្មី ឬបរទេសនិយម តែក៏មិនអាចបង្ខំឱ្យដៃគូស្នេហារបស់អ្នកប្រព្រឹត្តទំនាក់ទំនងផ្លូវភេទឡើយបើគេមិនចង់។ ប្រសិនជាដៃគូរបស់អ្នកមិនចង់រំលងប្រពៃណី អ្នកត្រូវតែគោរពសិទ្ធិគ្នា និងគោរពការសម្រេចចិត្តរបស់គេដោយមិនមានការបង្ខិតបង្ខំ។ តែក្នុងករណីអ្នកទាំងពីរបានព្រមព្រៀងគ្នាលើរឿងលើគ្រែហើយ ដើម្បីឱ្យទាំងស្នេហាខាងផ្លូវកាយ និងផ្លូវចិត្តដើរដោយរលូន អ្នកគួរតែនិយាយគ្នាឱ្យច្បាស់ពីបញ្ហានេះដូចជា ចំណង់ចំណូលចិត្ត ការបំពេញសេចក្តីត្រូវការរបស់គ្នា ឬការមិនពេញចិត្តចំពោះគ្នាទៅវិញទៅមក ដើម្បីឱ្យរឿងលើគ្រែរបស់អ្នកទាំងពីរកាន់តែរលូនទៅមុខ៕

ការរំពឹងទុកលើរឿងលើគ្រែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]