បច្ចុប្បន្ននេះអ្នកស្រលាញ់សត្វចិញ្ចឹមដូចជាសត្វឆ្កែ ឆ្មា កើនឡើងជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយអ្នកខ្លះស្រលាញ់ដល់ថ្នាក់អោបថើបគ្រប់ពេល រីឯពេលខ្លះក៏អាចនឹងទិញចំណីថ្លៃៗដល់ឆ្កែចិញ្ចឹមរបស់ខ្លួនផងដែរ។ ទាំងនេះគឺជាការស្រលាញ់ដែលចេញពីចិត្ត រវាងម្ចាស់ និងសត្វដែលពួកគេបានចិញ្ចឹមដោយផ្ទាល់ដៃ។

ដោយសារតែមានការស្រលាញ់ ចំពោះសត្វចិញ្ចឹមរហូតពេលខ្លះ ភ័យខ្លាចនៅក្នុងការបាត់បង់ពួកវាទៀតផង ដោយមិនថាខ្លាចវាមានជំងឺឈឺ និងស្លាប់នោះទេ។តែអ្វីដែលសំខាន់ជាងនេះ គឺគេមានការព្រួយបារម្ភខ្លាំងចំពោះជនខិលខូចមួយចំនួនបានធ្វើការទាក់សត្វ យកទៅលក់បន្ត និងយកទៅចម្អិនធ្វើជាម្ហូបជាដើម ជាក់ស្តែងនៅក្នុងសង្គមយើងបច្ចុប្បន្ននេះក៏បានកើតឡើងជាច្រើនករណីដែរ ក៏ប៉ុន្តែហាក់មិនទាន់មានវិធានការច្រើននោះទេ។ 

ឆ្កែត្រូវបានគេទាក់យកទៅលក់

តែបើយើងងាកមកនិយាយពីការហូបសាច់ឆ្កែវិញ ឃើញថាប៉ុន្មានឆ្នាំមុននេះក៏មានមនុស្សជាច្រើនបានជ្រើសយកសាច់ឆ្កែមកបរិភោគជំនួសសាច់ជ្រូក និងសាច់គោ ដោយហ៊ានហូបមិនញញើត និងខ្ពើមរអើមបន្តិចសោះឡើង។ ជាពិសេសគឺគេសង្កេតឃើញប្រុសៗដែលជាអ្នកផឹកស្រាតែម្តង ព្រោះពួកគេគិតថាវាមានរសជាតិឆ្ងាញ់ និងជំនួយដល់សុខភាព។

តែទោះបីជាយ៉ាងណាក៏មានមនុស្សមួយភាគតូចត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែការហូបសាច់សត្វចិញ្ចឹមមួយនេះផងដែរ ព្រោះថាពួកគេពិតមិនទាន់ដឹងនូវផលប៉ះពាល់ចំពោះសត្វឆ្កែ ដោយវាក៏មានជាតិពុល ឬវីរុសរបស់ឆ្កែដែលអាចសម្លាប់មនុស្សបានដែរ។

ដូច្នោះហើយ ក៏មានវេបសាយបរទេសមួយចំនួន បានលើកឡើងនូវប៉ុន្មានចំនុចធំៗ ដែលបានដាក់តឿន ដល់អ្នកចូលចិត្តយកសត្វចិញ្ចឹមមួយនេះមកធ្វើជាអាហារ ដើម្បីឆ្អែតក្រពះមួយភ្លែត ភ្លេចគិតពីផលប៉ះពាល់ដែលពួកគេមិនបានដឹងពីសុខភាពសត្វ។ 

រូបតំណាង

មិនត្រឹមតែប៉ុណ្ណោះ អត្ថបទនេះក៏ចង់ឲ្យដាស់ត្រឿដល់អ្នកចាប់សត្វប្រភេទនេះ ទៅលក់ ឬធ្វើអំពើមិនល្អផងដែរ។ដោយនៅក្នុងនោះគេបានលើកឡើងយ៉ាងដូច្នោះ នូវចំនុចសំខាន់ៗខ្លះ ដែលទាក់ទងនឹងយើងនឹងអាចកើតជំងឺនៅពេលដែលហូបសាច់សត្វប្រភេទនេះចូលក្នុងខ្លួន ព្រោះថាវាក៏អាចបណ្តាលឲ្យអ្នកស្លាប់បានផងដែរ។

១. សត្វឆ្កែដែលមានរោគ អាចធ្វើឲ្យយើងឆ្លង

ជាការពិតណាស់មនុស្សអាក្រក់ដែលចាប់សត្វឆ្កែយកធ្វើជាអាហារពួកគេពិតមិនដឹងថាសត្វនោះ មានជំងឺ ឬក៏អត់នោះទេព្រោះថាយើងមិនអាចមើលឃើញរោគសញ្ញារបស់វាដោយភ្នែកនោះទេ លុះត្រាតែមានការពិនិត្យឲ្យបានដិតដល់។

យ៉ាងណាមិញ ប្រិយមិត្តខ្លះប្រាកដជាដឹងហើយថា គ្រាន់តែសត្វឆ្កែខាំនោះមនុស្សម្នាក់ក៏អាចកើតរោគដូចជាជំងឺម្យ៉ាងដែលវាអាចធ្វើឲ្យមនុស្សអាចស្លាប់បាន ក្នុងរយៈពេលត្រឹមតែ៧ថ្ងៃ ទៅតាមសុខភាពរបស់មនុស្ស ឬរោគសញ្ញាមេរោគរបស់សត្វឆ្កែ ក៏ប៉ុន្តែបើសិនជាមានការជួយទាន់ពេលវេលា មានការចាក់ថ្នាំវ៉ាក់សាំងការពារនោះ អាចធ្វើឲ្យមនុស្សចៀសពីការស្លាប់បាន។

គ្រាន់តែសត្វឆ្កែខាំអាចដល់ថ្នាក់ស្លាប់ទៅហើយ ចុះទម្រាំនាំគ្នាយកសត្វមួយនេះ​មកហូបទៀត តើវានឹងទៅជាយ៉ាងណា? តាមរយៈវេបសាយបរទេសមួយបានប្រាប់ថាសត្វឆ្កែគឺជាសត្វម្យ៉ាងដែលងាយ នឹងឆ្លងរោគណាស់ នៅពេលដែលយើងហូបចូលពោះទៅវាក៏អាចប្រតិកម្ម និងធ្វើឲ្យមនុស្សអាចឆ្លងរោគបានដែរ ទោះបីជាមានការចម្អិនយ៉ាងដិតដល់ ជាមួយកម្តៅរាប់រយអង្សារយ៉ាងណាក្តី។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកំណត់ត្រាក៏បានថា មនុស្សជាង៣០០នាក់បានស្លាប់ និងកើតជំងឺឆ្កែឆ្កួតបន្ទាប់ពីពួកគេបានបរិភោគសាច់របស់សត្វឆ្កែចូលទៅក្នុងពោះ។តែភាគតិចនៃសត្វឆ្កែ ដែលមិនសូវមានការឆ្លងរោគនោះ គេក៏បានគិតទៅលើឆ្កែព្រៃ ព្រោះវាមិនសូវមានមេរោគ។ 

រូបតំណាង

២) ហូប ប៉ះចំឆ្កែអនាថា

ជាការពិតណាស់ សត្វចិញ្ចិមមួយចំនួនសុទ្ធតែទទួលបានការមើលថែពីម្ចាស់យ៉ាងដិតដល់ មិនថាការសំអាតខ្លួនប្រចាំថ្ងៃ ការការដាក់ចំណីទៅឲ្យវាស៊ី សុទ្ធតែមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាអាចនឹងធ្វើឲ្យសត្វនោះធ្លាក់ខ្លួនឈឺផងដែរ។

ជាក់ស្តែងបើក្រឡេកទៅមើលសត្វឆ្កែអនាថា ដែលគ្មានម្ចាស់ ឫក៏វង្វេងម្ចាស់វិញ ឃើញថាពួកវាតែងតែដើរស៊ីកាកសំណល់ ដែលគ្មានអនាម័យជាច្រើននៅតាមផ្លូវ ឯក៏សម្រាមមួយចំនួនដែលគេបានបោះចោល។ មួយវិញទៀត ឆ្កែទាំងនោះ គឺប្រាកដជាឆាប់កើតជំងឺ ព្រោះថាវាមិនសូវបានងូតទឹកដូចសត្វដទៃនោះទេ ដូច្នោះមេរោគផ្សេងៗ ឯក៏វីរុស បានតោងនិងឡើងនៅលើខ្លួនរបស់វា អាចធ្វើឲ្យមេរោគច្រើននៅក្នុងរាងកាយ។

នៅពេលដែលមនុស្សមួយចំនួនដែលខ្វះការពិចារណា មិនបានគិតពីរឿងនេះ ឫគិតឲ្យតែបានសាច់ហូបនោះ ពួកគេក៏អាចឆ្លងជំងឺពីសត្វឆ្កែដែលបានបរិភោគមួយនោះផងដែរ ។ម្យ៉ាងវិញទៀត វាពិតជាគ្រោះថ្នាក់ខ្លាំងចំពោះអ្នកហូបសាច់ប្រភេទនេះណាស់ ដូច្នោះគួរតែចៀសវាងឲ្យឆ្ងាយពីសាច់របស់ សត្វចិញ្ចឹមទាំងនេះ។ 

រូបតំណាង

៣) ងាយនឹងឆ្លងរោគម្យ៉ាង

មិនត្រឹមតែមនុស្សនោះទេ ដែលអាចកើតជំងឺរលាកថ្លើម ឫជំងឺក្រពេញ Leptospirosis សូម្បីតែសត្វនោះក៏មានជំងឺបែបនេះដូចនឹងមនុស្សដែរ ដូច្នោះហើយការដែលញុំាសាច់សត្វប្រភេទនេះពិតជាមានហានិភ័យខ្ពស់ណាស់ ដូច្នោះអាចចៀសបានក៏ចៀស ព្រោះវាមិនមែនដូចជាសាច់ត្រី ដែលជួយពង្រឹងសុខភាពយើងនោះទេ។

ជាក់ស្តែង នៅឯប្រទេសវៀតណាម កាលពីប៉ុន្មានខែមុនក៏បានកើតឡើងនូវហេតុការណ៍មួយនេះដែរ ដោយគេអាចឲ្យឈ្មោះវាថាជាជំងឺអសន្នរោគដែលឆ្លងពីសត្វឆ្កែដែលគ្មានអនាម័យ និងកើតជំងឺ។

ដើម្បីជៀសវាសកុំឲ្យកើតឡើងនូវបញ្ហាទាំងនេះ គួរណាតែទុកជីវិតដល់សត្វ មិនត្រូវវាយសម្លាប់ ធ្វើបាប ឫក៏ជួញដូរនោះទេ ព្រោះថាវាក៏មិនបានទទួលនូវផលប្រយោជន៍ច្រើនសម្រាប់អ្នកប្រព្រឹត្តដែរ។ 

រូបតំណាង

៤)សត្វឆ្កែដែលត្រូវថ្នាំពុល

ជាក់ស្តែងនៅក្នុងសង្គមបច្ចុប្បន្ននេះឃើញថា សត្វឆ្កែត្រូវបានចាប់យកទៅលក់ជាច្រើនករណី ដោយក្នុងនោះគេសង្កេតឃើញថា អ្នកទាំងនោះបានប្រើវិធីផ្សេងៗគ្នាដើម្បីចាប់វា នៅក្នុងនោះយើងក៏ឃើញថាពួកគេបានប្រើប្រាស់ថ្នាំពុល ដើម្បីដាក់ជានុយបំពុលឆ្កែ រួចចាប់យកទៅតែម្តង។

នៅពេលដែលមនុស្សបានហូបសាច់ឆ្កែ ដែលត្រូវថ្នាំពុលនោះមនុស្សក៏អាចនឹងពុលស្លាប់ទៅតាមនោះដែរ ដូចកាលឆ្នាំ២០១៥ ក៏មានមនុស្សស្លាប់៥នាក់យ៉ាងអាថ៌កំបាំង បន្ទាប់ពីហូបសត្វប្រភេទនេះដែរ តែគេក៏បានសង្ស័យទៅលើជាតិពុលនៅក្នុងខ្លួនសត្វ ដែលមនុស្សបានហូបចូលក្នុងពោះ។

ការហូបសាច់ឆ្កែ ដែលបានស្លាប់បន្ទាប់ពីមានជំងឺនោះ វាមិនមែនជារឿងចម្លែកនោះទេ ប៉ុន្តែនៅពេលវាត្រូវថ្នាំពុល វាពិតជាបង្កឲ្យ មានផលគ្រោះថ្នាក់ដល់សុខភាពគឺ គ្រោះមហន្តរាយលើខ្លួនយើងតែម្តង។

ដូច្នោះអ្នកត្រូវមានការគិត និងមើលឲ្យបានច្បាស់លាស់នៅក្នុងការបរិភោគដោយមិនបានពិនិត្យជាមុនថាវាមានថ្នាំពុលដែលឫទេ ដើម្បីចៀសវាងទទួលបានលទ្ធផល​សោកស្តាយបំផុត តែបើអាចជៀសបានពីប្រភេទសត្វទាំងនេះគឺជាការល្អបំផុត។ 

៥)សត្វល្អិតនៅក្នុងសាច់ឆ្កែ

ជាការពិតណាស់ មិនថាមនុស្ស ឫក៏សត្វ គឺមានសត្វល្អិត តេញ៉ានៅក្នុងខ្លួនជានិច្ច ក៏ប៉ុន្តែមនុស្សអាចបង្ការបាន តាមរយៈការប្រើប្រាស់ថ្នាក់ដើម្បីកំចាត់។ តែចំពោះសត្វវិញ ក៏អាចមានវិធីសម្រាប់កម្ចាត់ផងដែរ ដោយគេមានការចាក់ថ្នាំផ្សេងៗ ទៅតាមពេទ្យសត្វបានផ្តល់ឲ្យ។

យ៉ាងណាមិញ មិនថាសាច់ជ្រូក សាច់គោ គឺត្រូវការចំអិនឲ្យត្រូវឲ្យចម្អិនក្នុងសីតុណ្ហភាព១០០អង្សាសេ ទើបអាចធ្វើឲ្យពពួកប៉ារ៉ាស៊ីតទាំងនោះងាប់បាន តែបើមិនបានចំអិនឲ្យល្អនោះទេ គឺអាចធ្វើឲ្យមាននៅក្នុងខ្លួនមនុស្សបន្តពីសត្វទាំងនោះជាមិនខាន។

ដូច្នោះនៅពេលដែល មនុស្សដែលបានបរិភោគសាច់សត្វឆ្កែ ពិតមិនជ្រាបច្បាស់នូវហានិភ័យមួយនេះនោះទេ ព្រោះថាសត្វល្អិតទាំងនោះនឹងទៅរស់នៅក្នុងខ្លួនមនុស្ស ធ្វើឲ្យអ្នកហូចសាច់សត្វមួយនេះ ត្រូវប្រឈមមុខនឹងការមានជំងឺផ្សេងៗបាន។

៦)ឆ្កែជាសត្វម្យ៉ាងដែលមានញាណពិសេស

យ៉ាងណាមិញ អ្នកដែលចិញ្ចឹមសត្វប្រភេទនេះប្រាកដជាដឹងហើយថា រាល់ដែលសត្វដែលយើងចិញ្ចឹម មានការថ្នាក់ថ្នមថែគ្រប់ពេល ពេលខ្លះសត្វទាំងនោះក៏អាចចងចាំនូវរឿងរបស់យើង ចេះជួយម្ចាស់ ចេះគិត ប្រៀបបានដូចជាមនុស្សយ៉ាងដូច្នោះ គ្រាន់តែវាមិនអាចនិយាយមកកាន់យើងវិញ បានប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានមនុស្សជាច្រើនបានចាត់ទុកសត្វប្រភេទនេះ ជាសត្វចិញ្ចឹមដែលល្អបំផុត ដែលពួកគេសឹងតែទុកវាជាមនុស្សម្នាក់នៅក្នុងគ្រួសារទៅហើយ ក៏ប៉ុន្តែពិតជាអកុសលសត្វភាគច្រើន អាចរស់នៅជាមួយមនុស្ស មិនច្រើនជាង១០ឆ្នាំនោះទេ ពួកវានឹងត្រូវស្លាប់ និងកើតជំងឺចាស់រីងរ៉ៃជាមិនខាន។

ស្របពេលជាមួយគ្នានេះ បើងាកនិយាយពីអ្នកចូលចិត្តសម្លាប់ក៏ដូចជា ហូបសត្វមួយនេះវិញ គឺប្រៀបបានដូចជាសម្លាប់មនុស្សម្នាក់យ៉ាងដូច្នោះ ព្រោះថាអារម្មណ៍របស់ម្ចាស់អាចនឹងសោកស្តាយខ្លាំងបំផុតពេលឃើញសត្វចិញ្ចឹមសើ្មនឹងជីវិត ត្រូវបានស្លាប់ដោយសារតែ អ្នករកស៊ីរបរនេះ។

***គួរបញ្ជាក់ផងដែរថា អត្ថបទមួយនេះគឺចង់លុបបំបាត់ និងចង់ឲ្យមនុស្សមួយចំនួនឈប់ ចាប់សត្វយកទៅលក់តាមទីផ្សារ ដើម្បីជីវភាពប្រចាំថ្ងៃ ថែមទាំងចង់ឲ្យពួកគេដឹងពីផលលំបាក នៃការទទួលលទ្ធផលមកវិញបន្ទាប់ពីធ្វើរឿងទាំងនេះ។

ជាពិសេស បង្កើនគំនិតដើម្បីកុំឲ្យអ្នកចូលចិត្តយកសាច់សត្វមួយនេះ ធ្វើជាអាហារ ព្រោះវាមិនត្រឹមតែមានជំងឺផ្តល់ផលប៉ះពាល់នោះទេ ថែមទាំងធ្វើឲ្យអ្នកដទៃកើតទុក្ខចំពោះការបាត់បងរបស់ដែល គួរឲ្យស្រលាញ់មួយនេះទៀត៕ 

ប្រភព៖healthcare &mirror & epicanimalquest

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]