នៅក្នុងទីក្រុងដ៏អ៊ូអរ ជាមួយនឹងភ្លើងពណ៌ និងការបំផ្លាញបរិយាកាសដោយអំពូលអគ្គិសនីបំភ្លឺរាល់រាត្រី បានធ្វើឱ្យហ្វូងផ្កាយបានបាត់ខ្លួនពីខ្សែភ្នែករបស់យើងគ្រប់គ្នាបន្តិចម្តងៗ។ ជាការពិតណាស់ផ្កាយនៅតែមាននៅលើមេឃដដែល គ្រាន់តែអាស្រ័យថាទីកន្លែងដែលអ្នកកំពុងតែនៅ ស្ថិតក្នុងស្ថានភាពបែបណាតែប៉ុណ្ណោះ ដោយគេបានដឹងថា នៅទីកន្លែងកាន់តែងងឹតអ្នកនឹងអាចគយគន់ហ្វូងផ្កាយកាន់តែច្បាស់ល្អផងដែរ។

ដូច្នេះសម្រាប់អ្នកដែលចូលចិត្តគយគន់ផ្កាយលើមេឃដែលរះចិញ្ចាចលើផ្ទៃមេឃ ឬចូលចិត្តមើលតាមកែវពង្រីក យើងនឹងណែនាំទៅទីកន្លែងអស្ចារ្យទាំង១០ដែលអាចឱ្យអ្នករំភើបនឹងទស្សនីយភាពនៃហ្វូងផ្កាយលើមេឃរាប់រយរាប់ពាន់ដួងដូចជា៖

១០.សួនឧទ្យានជាតិ Cherry Springs រដ្ឋ Pennsylvania សហរដ្ឋអាមេរិក

ទីកន្លែងនៃសួនឧទ្យានមួយនេះចាត់ទុកថាជាទីដ៏ខ្ពស់មួយដែលអាចឱ្យអ្នកគយគន់ទេសភាពហ្វូងផ្កាយបានយ៉ាងច្បាស់ល្អ។ ជាដំបូងដើម្បីទៅដល់កន្លែងដ៏អស្ចារ្យ អ្នកត្រូវធ្វើដំណើរឡើងទៅកាន់កំពូលភ្នំ ដែលមានកម្ពស់ ៧០១ម៉ែត្រជាមុនសិន បន្ទាប់មកអ្នកនឹងភ្ញាក់ផ្អើលនឹងទេសភាពដ៏ស្រស់ត្រកាលដែលនៅជុំវិញ និងហ្វូងផ្កាយដែលជះពន្លឺលើផែនដីដែលនឹកស្មានមិនដល់ជាមិនខាន។

សួនឧទ្យានជាតិ Cherry Springs រដ្ឋ Pennsylvania
សួនឧទ្យានជាតិ Cherry Springs រដ្ឋ Pennsylvania

៩.តំបន់ Connemara ប្រទេសអៀរឡង់

តំបន់ Connemara គឺជាទីកន្លែងដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងអស្ចារ្យមួយនៃភាគខាងលិចទ្វីបអឺរ៉ុប។ ក្រៅពីមានកន្លែងកម្សាន្តសប្បាយជាច្រើន និងភូមិអ្នកស្រុកដ៏គួរឱ្យស្រលាញ់ហើយនោះ ក្នុងពេលរាត្រីវិញតំបន់នេះក៏ជាទីកន្លែងងងឹត និងមានផ្ទៃមេឃស្រលះល្អចាកឆ្ងាយពីភ្លើងអំពូលទីក្រុង ដែលអាចគយគន់ផ្ទៃមេឃ និងហ្វូងផ្កាយបានយ៉ាងច្បាស់ល្អ។ ក្រៅពីមានអ្នកទេសចរណ៍ សូម្បីតែតារាវិទូនានាជុំវិញពិភពលោកក៏ចូលចិត្តមកកម្សាន្ត និងទស្សនាហ្វូងផ្កាយក្នុងតំបន់នេះដែរ។

តំបន់ Connemara ប្រទេសអៀរឡង់
តំបន់ Connemara ប្រទេសអៀរឡង់

៨. Wiruna រដ្ឋ New South Wales ប្រទេសអូស្ត្រាលី

នៅក្នុងតំបន់មួយនេះជារៀងរាល់ឆ្នាំតែងតែមានអ្នកទេសចរណ៍ និងតារាវិទូជាច្រើនមកកម្សាន្តជួបជុំគ្នាទស្សនា Wiruna ដែលជាពេលដែលផ្កាយបញ្ចេញពន្លឺពណ៌ក្រហម (បែកផ្កាឈូក) ដ៏ស្រស់ស្អាតអស្ចារ្យពេញផ្ទៃមេឃ នៅក្នុងព្រឹត្តិការណ៍ South Pacific Star Party។ ទោះជាយ៉ាងនេះក្តីឱកាសដ៏អស្ចារ្យ និងទេសភាពដ៏ល្អកម្ររកបាននេះមិនមែនចេះតែអាចឃើញរាល់ពេលនោះទេ ដោយវាអាចកើតឡើងនៅក្នុងអំឡុងខែឧសភាតែប៉ុណ្ណោះ។

Wiruna រដ្ឋ New South Wales ប្រទេសអូស្ត្រាលី
Wiruna រដ្ឋ New South Wales ប្រទេសអូស្ត្រាលី

៧.កោះ Tenerife ប្រទេសអេស្ប៉ាញ

បើទោះបីជាកោះ Tenerife ជាកោះដែលល្បីល្បាញ និងអ៊ូអរក្នុងពេលរាត្រីយ៉ាងណាក៏ដោយ តែមានកន្លែងមួយដែលអាចឱ្យអ្នកទស្សនាហ្វូងផ្កាយបានយ៉ាងត្រជាក់ភ្នែកនោះគឺ ឧទ្យានជាតិ Teide ។ ស្ថិតនៅឆ្ងាយពីទីប្រជុំជន និងអំពូលភ្លើងរាត្រីនានា ឧទ្យានជាតិនេះអាចឱ្យអ្នកគយគន់ទេសភាពពេលរាត្រីដ៏អស្ចារ្យជាមួយនឹងផ្ទៃមេឃដែលសម្បូរទៅដោយហ្វូងផ្កាយរាប់រយរាប់ពាន់គ្រាប់។ ជាពិសេសគឺនៅក្នុងភោជនីយដ្ឋានមួយនៅលើភ្នំឧទ្យានមួយនេះ មិនត្រឹមតែអាចមើលហ្វូងផ្កាយច្បាស់ល្អ ថែមទាំងជាកន្លែងដ៏ពិសេសសម្រាប់គយគន់ថ្ងៃរាបលិចទៀតផង។

កោះ Tenerife ប្រទេសអេស្ប៉ាញ
កោះ Tenerife ប្រទេសអេស្ប៉ាញ

៦.ប្រទេសស្កុតឡែន៍

ប្រទេសស្កុតឡែន៍ត្រូវបានគេដឹងថាជាប្រទេសដែលមានផ្ទៃមេឃងងឹតជាងគេបង្អស់ក្នុងពេលរាត្រី សូម្បីតែពន្លឺ Aurona (ពន្លឺពណ៌ឆ្វាចពេញផ្ទៃមេឃ) ក៏កើតឡើងម្តងម្កាលក្នុងប្រទេសនេះផងដែរ។ អ្នកដែលស្រលាញ់ និងចូលចិត្តទស្សនាហ្វូងផ្កាយប្រាកដជាពេញចិត្តប្រទេសមួយនេះជាមិនខាន ព្រោះគ្រប់សួនឧទ្យាន និងកន្លែងដែលចាកឆ្ងាយពីទីងងឹតបន្តិចនៅពាសពេញប្រទេសស្កុតឡែន៍មួយនេះ អាចទស្សនាហ្វូងផ្កាយបានយ៉ាងច្បាស់ល្អស្ទើរតែគ្រប់កន្លែងតែម្តង។

ប្រទេសស្កុតឡែន៍
ប្រទេសស្កុតឡែន៍
ប្រទេសស្កុតឡែន៍

៥.រមណីយដ្ឋានស្ពានធម្មជាតិ (Natural Bridges National Monument) រដ្ឋ Utah សហរដ្ឋអាមេរិក

រមណីយដ្ឋានបែបធម្មជាតិ ដែលសម្បូរទៅដោយដុំថ្មតូចធំតម្រៀបត្រៀបត្រាដូចជា ស្ពាន និងរូបរាងផ្សេងៗពីគ្នាជាច្រើននោះមិនត្រឹមតែជាទីកន្លែងទេសចរណ៍ពេលថ្ងៃដ៏ស្រស់ត្រកាលនោះទេ តែវាបានផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យដែលសម្បូរទៅដោយហ្វូងផ្កាយផងដែរនៅពេលរាត្រី។ ជាពិសេស Zodiacal Light ដែលជាពន្លឺដុំៗស្រស់ស្អាតនៅលើមេឃ ក៏បានកើតឡើងនៅកន្លែងនេះដែរ ដោយសារតែវាជាកន្លែងដែលមានផ្ទៃមេឃងងឹតជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក។

រមណីយដ្ឋានស្ពានធម្មជាតិ រដ្ឋ Utah
រមណីយដ្ឋានស្ពានធម្មជាតិ រដ្ឋ Utah

៤.ទីក្រុង Cape អាហ្វ្រិកខាងត្បូង

កន្លែងនេះ គឺជាកន្លែងដែលល្បីល្បាញបំផុតដើម្បីទស្សនាបណ្តុំហ្វូងផ្កាយ Crux constellation ជាពិសេសគឺនៅលើអគារចំណាស់មួយដែលជាទីប្រជុំអ្នកតារាសាស្រ្តដើម្បីសិក្សា និងសង្កេតមើលផ្កាយក្នុងតំបន់អាហ្វ្រិកខាងត្បូងហៅកាត់ថា SAAO (South African Astronomical Observatory) នៅក្នុងទីក្រុង Cape។ មិនថាតែអ្នកវិទ្យាសាស្រ្ត និងអ្នកទេសចរណ៍ទេសុទ្ធតែអាចមកទស្សនាហ្វូងផ្កាយដ៏អស្ចារ្យដោយភ្នែកទទេរក៏បាន ឬប្រើកែវពង្រីកក៏រឹតតែអស្ចារ្យនៅលើអគារ SAAO នេះដែលបើករាល់ថ្ងៃសៅរិ៍សប្តាហ៍ទី២ និងសប្តាហ៍ទី៤ ជារៀងរាល់ខែម៉ោង៨យប់។

ទីក្រុង Cape អាហ្វ្រិកខាងត្បូង
ទីក្រុង Cape អាហ្វ្រិកខាងត្បូង

៣.តំបន់ Tuscany ប្រទេសអ៊ីតាលី

Tuscany គឺជាតំបន់ដីវាល ជ្រោះជ្រងជ្រលងភ្នំ និងដីខ្ពង់រាបខ្ពស់ទាបនានា ដែលមានទេសភាពធម្មជាតិជុំវិញស្រស់ស្អាតអស្ចារ្យចម្លែកភ្នែកជាងគេប្រចាំប្រទេសអ៊ីតាលី ដែលបានទទួលអ្នកទេសចរណ៍មកទស្សនាកម្សាន្តរាប់លាននាក់ពាសពេញពិភពលោក។ មិនតែប៉ុណ្ណោះ តំបន់នេះក៏ជាកន្លែងដ៏អស្ចារ្យមួយដើម្បីទស្សនាទេសភាពហ្វូងផ្កាយនាពេលរាត្រីផងដែរ ជាពិសេសគេដឹងថា កន្លែងនេះជាកន្លែងដែលអ្នកវិទ្យាសាស្រ្តលោក Galileo Galilei ចាប់ផ្តើមអភិវឌ្ឍកែវពង្រីករបស់លោកក្នុងសត្សវត្សរ៍ទី ១៧ទៀតផង។

តំបន់ Tuscany ប្រទេសអ៊ីតាលី នៅពេលថ្ងៃ
តំបន់ Tuscany ប្រទេសអ៊ីតាលី
តំបន់ Tuscany ប្រទេសអ៊ីតាលី

២.តំបន់វាលខ្សាច់ Atacama ប្រទេសឈីលី

មានឈ្មោះជាទីកន្លែងដែលក្តៅ និងរាំងស្ងួតជាងគេបង្អស់មួយលើផែនដី ថែមទាំងទទួលបានទឹកភ្លៀងតិចជាងគេផងដែរនោះ តំបន់វាលខ្សាច់ Atacma បែរជាអំណោយផលបំផុតសម្រាប់អ្នកដែលចង់ទស្សនាហ្វូងផ្កាយទៅវិញ។ នោះក៏ដោយសារតែវាស្ថិតនៅឆ្ងាយពីទីប្រជុំវិញ និងការបំពុលបរិយាកាសពីពន្លឺភ្លើងអគ្គិសនីក្នុងទីក្រុង បានជាវាប្រែក្លាយជាកន្លែងដែលមានទេសភាពពេលរាត្រី ដែលសម្បូរទៅដោយហ្វូងផ្កាយស្រស់ស្អាតជាងគេ។

តំបន់វាលខ្សាច់ Atacama ប្រទេសឈីលី
តំបន់វាលខ្សាច់ Atacama ប្រទេសឈីលី

១.កោះហាវ៉ៃ សហរដ្ឋអាមេរិក

កោះហាវ៉ៃមិនត្រឹមតែជាកន្លែងដែលសម្បូរទៅដោយឆ្នេរខ្សាច់ស្រស់ស្អាតប៉ុណ្ណោះទេ តែវាក៏ជាកន្លែងដែលអាចគយគន់ហ្វូងផ្កាយលើមេឃដ៏ល្អត្រកាលជាងគេបំផុតផងដែរ។ តំបន់ដែលអាចមើលផ្កាយបានពេញភ្នែក ជាមួយនឹងទេសភាពចម្លែកអស្ចារ្យនោះ គឺស្ថិតនៅលើភ្នំ The Mauna Kea ដែលមានរយៈកម្ពស់ប្រមាណជា ៤២០៥ម៉ែត្រ ជាកន្លែងដែលល្បីល្បាញបំផុតមួយនៅលើពិភពលោក៕

កោះហាវ៉ៃ សហរដ្ឋអាមេរិក
កោះហាវ៉ៃ សហរដ្ឋអាមេរិក

តើលោកអ្នកចង់ទស្សនាហ្វូងផ្កាយនៅទីកន្លែងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]