ជប៉ុន៖ ក្មេងប្រុសជនជាតិជប៉ុនម្នាក់ឈ្មោះ យ៉ូស៊ីគិ ហ៊្វូជីម៉ូតុ ដែលមានអាយុទើបតែ ២ ឆ្នាំ និងទើបចេះដើរតេះតះនោះ បានបាត់ខ្លួនពីផ្ទះអស់រយៈពេល ៣ ថ្ងៃ តាំងពីថ្ងៃអាទិត្យសប្តាហ៍មុនម្ល៉េះ។

រូបថតមុនបាត់ខ្លួន របស់ក្មេងប្រុសដែលវង្វេងក្នុងព្រៃ ៣ ថ្ងៃ

អ្វីដែលមិនគួរឱ្យជឿនោះគឺ ប៉ូលិសដល់ទៅ ៣៨០ នាក់ ដែលប្រើទាំងដ្រូនបំពាក់ម៉ាស៊ីនចាប់កម្តៅក្នុងខ្លួនមនុស្ស តាមរកនៅតំបន់ទន្លេផង វាលស្រែផង និងតាមផ្លូវថ្នល់ផង ក៏នៅតែមិនឃើញ ប៉ុន្តែចុងក្រោយបែរជារកឃើញដោយលោកតាវ័យ ៧៨ ឆ្នាំម្នាក់ឈ្មោះ អូបាតា មកពីខេត្តអូអ៊ីតា ដែលស្ម័គ្រចិត្តជួយដើររកនៅលើភ្នំមួយកន្លែងក្នុងរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ។

ទីតាំងដែលបាត់ក្មេងប្រុស និងប៉ូលិសខំដើររក

គួរបញ្ជាក់ថា ក្មេងប្រុសម្នាក់នេះត្រូវបានរកឃើញនៅថ្ងៃពុធម្សិលមិញ ក្នុងសភាពគ្មានស្បែកជើងពាក់ និងកំពុងអង្គុយលើថ្មដុះស្លែមួយដុំ កណ្តាលស្ទឹងដែលហូរចុះពីភ្នំនោះ ក្រោយបាត់ខ្លួនអស់ជាង ៦៨ ម៉ោង ក្នុងក្រុងស៊ុអុ-អុស៊ីម៉ា ដែលស្ថិតនៅលើកោះយ៉ាស៊ីរ៉ូ ក្នុងខេត្តយ៉ាម៉ាហ៊្គុឈិ។

លោកតា អូបាតា ដែលរកឃើញក្មេងប្រុសនេះ

រឿងនេះត្រូវបានចាត់ទុកជាអព្ភូតហេតុហើយ ដែលសូម្បីតែពេទ្យកុមារក៏ភ្ញាក់ផ្អើលហើយ ដែលក្មេងកម្សត់ម្នាក់នេះអាចនៅរស់ ទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុមានលក្ខណៈក្តៅហែងខ្លាំង និងអត់អាហារឡើងក្រៀមក្រពះបែបនេះក្តី។ 

ក្មេងប្រុសដែលវង្វេងក្នុងព្រៃ ៣ ថ្ងៃ

ទោះយ៉ាងណា លោកយាយ ម៉ាសាណូរិ ដែលជាជីដូនរបស់ក្មេងនេះបានអរគុណដល់មន្ត្រីប៉ូលិស អ្នកសង្គ្រោះ និងអ្នកស្រុកអ្នកភូមិ ជាពិសេសលោកតាដែលជាអ្នករកឃើញផ្ទាល់តែម្តង ព្រមទាំងបានសុំទោសផងដែរ ព្រោះគាត់ថាវាជាកំហុសរបស់គាត់ដែលប្រហែសឱ្យចៅបាត់ពីភ្នែក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]