រាជធានីភ្នំពេញ ៖ បុរសម្នាក់ និងស្ត្រីម្នាក់ត្រូវជាសង្សារនឹងគ្នាបានជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ផ្កាឈូក កំពុងតែបើកបរសុខៗក៏ជ្រុះកាបូបដៃ ហើយត្រូវជនសង្ស័យឆ្លៀតឱកាសលួចយកទៅសំណាងល្អបានសមត្ថកិច្ចខណ្ឌដូនពេញដេញចាប់រហូតទៅដល់ផ្លូវ២១៧ទើបឃាត់ខ្លួនបាន ហើយត្រូវប្រជាពលរដ្ឋព្រួតវាយទ្រោមខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៥៤ កែងផ្លូវ៦៣ នៅចំណុចក្បែរនឹងផ្សារទំនើបសូរិយាម៉ល ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
ជនសង្ស័យខាងលើឈ្មោះ ថន ចាន់ឡាយ ភេទប្រុស ស្នាក់នៅផ្ទះជួលម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិក្លាវ ឃុំពោធិ៍ចិន្តា ស្រុកស្វាយអន្ទ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះដែលត្រូវជាម្ចាស់កាបូបឈ្មោះ តាំង វិវឌ្ឍន៍ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះ៤អឺ១ ផ្លូវ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានស្រុកកំណើតនៅសង្កាត់លេខ២ ក្រុងភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ និងស្ត្រីម្នាក់ត្រូវជាសង្សារនឹងគ្នាជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១DD-៦០៣២ ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើនេះក៏ស្រាប់តែកាបូបយួរដៃរបស់បុរសជាជនរងគ្រោះជ្រុះ ពេលនោះមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១BG-១៥៣២ បើកបរស្របទិសដៅគ្នា ហើយជនសង្ស័យនោះឃើញកាបូបជ្រុះ ក៏ឆ្លៀតឱកាសរើសបានហើយមិនព្រមយកទៅឱ្យម្ចាស់គេនោះទេ ក៏ជិះគេចខ្លួន ។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរ ម្ចាស់កាបូបក៏បានស្រែកថា ចោរៗ សំណាងល្អក៏មានសមត្ថកិច្ចខណ្ឌដូនពេញល្បាតប្រទះឃើញក៏ដេញប្រផាប់ចាប់ពភីងរហូតទៅដល់ផ្លូវ២៧១ នៅចំណុចក្បែរនឹងមន្ទីរពេទ្យរុស្សី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ទើបចាប់បាន ហើយក៏ត្រូវប្រជាពលរដ្ឋនាំគ្នាព្រួតវាយមួយដៃវាយមួយជើងបណ្តាលឱ្យរងរបួសបែកមុខ បែកមាត់យ៉ាងដំណំ ហើយក៏ត្រូវសមត្ថកិច្ចនាំជនសង្ស័យត្រឡប់មកកន្លែងកើតហេតុវិញ បន្ទាប់មកសមត្ថកិច្ចក៏បានរកឃើញថា កាបូបនោះត្រូវជនសង្ស័យបោះចោលនៅផ្លូវ១៧៨កែងផ្លូវ៦៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ នៅក្នុងកាបូបរបស់ជនរងគ្រោះមានលុយ១ដុល្លារ និងកាបូបដាក់កាតATM ចំនួន២ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះជាម្ចាស់កាបូបបានទៅដាក់ពាក្យបណ្តឹងនៅអធិការនគរបាលខណ្ឌដូនពេញដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី ៕
ប្រភព៖ kohsantepheapdaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]