អេស្ប៉ាញ៖ បន្ទាប់ពីក្លិប Real Madrid អស់តារាពូកែស៊ុត Cristiano Ronaldo ដែលបានចាកចេញទៅកាន់ក្លិប Juventus ធ្វើឲ្យក្លិបយក្សអេស្ប៉ាញបានរបូតពាន UEFA Super Cup មុនបើករដូវកាលក្រោមថ្វីជើងក្រុម Aletico Madrid ធ្វើឲ្យប្រធានក្លិបកំពុងគិតគូរឡើងវិញរឿងរកអ្នកមកជំនួសខ្សែប្រយុទ្ធឆ្នើមរូបនោះ។

ក្លិប Real Madrid

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ Real Madrid ហាក់ដូចជាមិនទាន់ហ៊ានចាយលុយឲ្យច្រើន ដូចកាលពីមួយរយៈមុននោះទេ ពោលគឺក្លិបតែងកោះហៅតែកីឡាករយុវជនក្មេងៗជាច្រើន និងទិញបញ្ចូលតែកីឡាករណាដែលស្ថិតនៅក្នុងវ័យជំទង់តែប៉ុណ្ណោះ ខណៈដែលកីឡាករល្បីៗមួយចំនួននិងមានតម្លៃៗបែរជាពួកគេមិនហ៊ានចំណាយលុយទិញទៅវិញ។

ស្របពេលដែល រដូវកាលនេះក្លិបអធិរាជស Real Madrid បានលក់ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ទៅឲ្យក្លិបសេះបង្កង់ Juventus ហើយគ្រូបង្វឹកក៏ទើបតែនឹងតែងតាំងមិនទាន់បានប៉ុន្មានផងនោះ បានធ្វើឲ្យក្រុមការពារដំណែងជើងឯកក្របខណ្ឌ Champions League រដូវកាល ២០១៧-១៨ របូតពាន UEFA Super Cup ក្រោមថ្វីជើងក្រុម Aletico Madrid ដោយលទ្ធផល ៤-២។

ជាមួយគ្នានេះដែរកីឡាករ Gareth Bale និង Karim Benzema ដែលគ្រូបង្វឹកថ្មីលោក Julen Lopetegui រំពឹងថានឹងអាចជួយក្រុមពេលអវត្តមានរបស់អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United ហាក់មិនទាន់បង្ហាញទម្រង់ឲ្យបានល្អគ្រប់គ្រាន់តាមការចង់បានរបស់លោកនោះឡើយ។

ក្លិប Aletico Madrid

គួរឲ្យដឹងថា ប្រធានក្លិប Real Madrid លោក Florentino Perez មិនទាន់បញ្ជាក់ឲ្យដឹងច្បាស់ថាកីឡាកររូបណាដែលជាមុខព្រួញរបស់លោកក្នុងការមកជំនួសដំណែងរបស់តារាពូកែស៊ុត Ronaldo នៅឡើយទេ ប៉ុន្តែលោកបានបង្ហើបថា Neymar នៅតែជាក្តីសង្ឃឹមរបស់លោកដើម្បីមកជំនួសភារកិច្ចជាខ្សែប្រយុទ្ធឆ្នើមតាមការចង់បានសម្រាប់រដូវកាលថ្មី៕

Florentino Perez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]