យើងធ្លាប់តែដឹងហើយថា ការពិសាកាហ្វេមុនចូលដេកមិនល្អឡើយ ព្រោះវាធ្វើឲ្យយើងដេកមិនលក់ ជាពិសេសការពិសាកាហ្វេមុនពេលល្ងាច  ឬពេលយប់ដែលអាចឲ្យយើងបញ្ឈរភ្នែកដល់ព្រឹក។ នេះជារឿងមួយត្រឹមត្រូវពិតប្រាកដមែន។

ប៉ុន្តែមានរបៀបពិសាកាហ្វេមួយទៀត ដែលអាចឲ្យយើងបានសម្រាកមួយស្របក់ រួចងើបមកក៏មានអារម្មណ៍ថាស្វាងចេស។

រូបតំណាង

១. អ្វីទៅជាការដេកពិសាកាហេ្វ ឬ ហៅថា Coffee Nap?

ដំបូងយើងត្រូវយល់ថា តើកាហ្វេមានឥទ្ធិពលមកលើរាងកាយយើងយ៉ាងដូចម្តេច?

សារធាតុកាហ្វេអ៊ីន ក្រោយពេលពិសាបាន ១០ ទៅ ២០នាទីរួច វានឹងចាប់ផ្តើមមានឥទ្ធិពលទៅលើខួរក្បាលយើង។  

ទោះបីយ៉ាងណានៅក្នុងខួរក្បាលយើងមានប្រូតេអ៊ីនពិសេសម៉្យាង ដែលកើតមានឡើងនៅពេលភ្ជាប់ជាមួយសារធាតុគីមីមួយហៅថា អាល់ដេនូស៊ីន  ទើបធ្វើឲ្យយើងមានអារម្មណ៍ថាហត់នឿយអស់កម្លាំងទាំងកាយ និងខួរក្បាល។ 

ផ្ទុយមកវិញ សារធាតុកាហ្វេអ៊ីន ក៏អាចមានសមត្ថភាពទៅរាំងស្ទះពុំឲ្យសារធាតុគីមី អាល់ដេនូស៊ីននោះ ធ្វើការភ្ជាប់ជាមួយប្រូតេអ៊ីនពិសេសខាងលើបានដែរ  ជាហេតុធ្វើឲ្យយើងពុំសូវមានអារម្មណ៍ថាហត់ និងពុំមានសតិអារម្មណ៍ភ្លឺស្វាង។

បន្ទាប់មក យើងត្រូវយល់ថា តើការដេកមួយស្របក់ (២០ ទៅ ៣០នាទី) អាចមានឥទ្ធិពលអ្វីខ្លះមកលើរាងកាយយើង?

ការសម្រាកមួយស្របក់ (Nap)  ជាវិធីសាស្ត្រមួយដែលអនុញ្ញាតឲ្យខួរក្បាលយើង ធ្វើការលាងសម្អាតសារធាតុអាល់ដេនូស៊ីនដែលបានរៀបរាប់ខាងលើ ជាហេតុធ្វើឲ្យយើងតែងមានអារម្មណ៍ស្រស់ស្រាយក្រោយពេលងើបពីដេក។  ប៉ុន្តែរយៈពេលដេក ដើម្បីទទួលបានឥទ្ធិពលនេះត្រឹម  ២០ ទៅ៣០នាទីប៉ុណ្ណោះ  ព្រោះបើហ៊ានតែយូរជាងនេះយើងនឹងអាចមានអារម្មណ៍ឈឺក្បាលវិញ។

រូបតំណាង

ជាក់ស្តែងសារធាតុកាហ្វេអ៊ីនពុំអាចទៅរាំងគាំង សារធាតុអាល់ដេនូស៊ីន បានទាំងអស់នោះទេ ដូច្នេះក្រោយពីពិសាកាហ្វេរួច យើងពុំអាចទទួលបានអត្ថប្រយោជន៍ ១០០% នោះឡើយ  យ៉ាងច្រើនត្រឹម ៦០% តែប៉ុណ្ណោះ។

ដូច្នេះហើយបានជាការពិសាកាហ្វេភ្លាមហើយ ធ្វើការសម្រាកមួយស្របក់អាចឲ្យយើងទទួលបានអត្ថប្រយោជន៍មួយនេះ។

ដូចបានរៀបរាប់ខាងលើអីចឹង យើងត្រូវចាំយ៉ាងតិចរយៈពេលពី ១០ ទៅ ២០នាទីទើបសារធាតុកាហ្វេអ៊ីន អាចជ្រាបតាមចរន្តឈាម ពីពោះវៀនមកកាន់ខួរក្បាល ដើម្បីផ្តល់នូវឥទ្ធិពលដែលយើងចង់បាននោះ។  ហើយការដេកជាវីធីសាស្ត្រក្នុងការសម្អាតនូវសារធាតុអាល់ដេនូស៊ីន ដែលជាសារធាតុតែងធ្វើឲ្យយើងមានអារម្មណ៍ហត់នឿយ និងអស់កម្លាំង ក្រោយពេលយើងប្រើប្រាស់កម្លាំងខួរក្បាលរួច។

ដូច្នេះនៅពេលយើងពិសាកាហ្វេរួចហើយ យើងសំងំដេកពី ២០នាទី ទៅ ៣០នាទី នឹងអនុញ្ញាតឲ្យរាងកាយយើងធ្វើការសម្អាតសារធាតុគីមីអាល់ដេនូស៊ីន រួចហើយទុកពេលវេលាឲ្យសារធាតុកាហ្វេអ៊ីនធ្វើការភ្ជាប់ជាមួយប្រូតេអ៊ីនពិសេសម៉្យាងនៅក្នុងខួរក្បាល ដែលជាយន្តការក្នុងការរាំងស្ទះពុំឲ្យអាល់ដេនូស៊ីនធ្វើការភ្ជាប់បាន។ ជាលទ្ធផល គ្មានសារធាតុអាល់ដេនូស៊ីនភ្ជាប់នឹងប្រូតេអ៊ីនរបស់ខួរក្បាល ក៏គ្មានអារម្មណ៍ហត់នឿយ ប៉ុន្តែយើងមាននូវអារម្មណ៍ភ្លឺស្វាង ដូចទើបងើបពីដេកអីចឹង។

ការសិក្សាស្រាវជ្រាវជាច្រើនទាំងនៅប្រទេសអង់គ្លេស និងជប៉ុនជាដើម ក៏បានបង្ហាញឲ្យឃើញនូវផលវិជ្ជមានដូចបានរៀបរាប់ខាងលើអីចឹង ដែលទទួលបានពីការផឹកកាហ្វេភ្លាមរួចសម្រាកមួយស្របក់។

រូបតំណាង

ចំណាំ៖ 

វិធីសាស្ត្រនេះយើងគប្បីអនុវត្តតែនៅពេលព្រឹក ថ្ងៃ ឬ ល្ងាចប៉ុណ្ណោះ ប៉ុន្តែពុំគួរសាកនៅពេលយប់ឡើយ។  ព្រោះវាអាចប៉ះពាល់ទៅដល់ការដេក នៅពេលយើងត្រូវការសម្រាន្តរយៈពេលយូរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]