ទីផ្សារងងឹតត្រូវបានគេដឹងថាជាទីកន្លែងដែលដាក់លក់ និងជួញដូរផលិតផលដែលខុសនឹងច្បាប់ ដែលទំនិញខ្លះមានតម្លៃថោកជាងទីផ្សារស្របច្បាប់ដោយសារ ការលួច និងការក្លែងបន្លំម៉ាកសញ្ញា ឬរបស់ពិត។ ឯទំនិញខ្លះទៀតមានតម្លៃថ្លៃជាងទីផ្សារធម្មតាដោយសារតែវាមិនត្រូវបានគេដាក់លក់ដោយបើកចំហ ឬមានការហាមប្រាមជួញដូរ និងជារបស់កម្រជាដើម។ ទោះជាយ៉ាងនេះក្តី មិនថាតែវាមានតម្លៃថ្លៃ និងថោកទេ របស់ខុសនឹងច្បាប់វាប្រាកដជាមានផលប៉ះពាល់ផ្សេងៗហើយ។

តែទោះជាយ៉ាងណាសម្រាប់ឧក្រិដ្ឋជន និងអ្នកដែលមានតម្រូវការជាចាំបាច់ នៅតែត្រូវទិញដូរផលិតផលមួយចំនួននៅក្នុងទីផ្សារងងឹតដដែលដោយមិនអាចចៀសផុត ដែលធ្វើឱ្យអ្នកជួញដូររបស់ខុសច្បាប់ទាំងនេះរកប្រាក់បានយ៉ាងច្រើនពីមុខរបរខុសច្បាប់ទាំងនោះ។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកផលិតផលដែលពេញនិយមបំផុតនៅក្នុងទីផ្សារងងឹតខុសច្បាប់មកជម្រាបមិត្តអ្នកអានដូចជា៖

អវយវៈ និងគ្រឿងក្នុងមនុស្ស

មិនថាតែឈាម ឆ្អឹង សក់ និងគ្រឿងក្នុងមនុស្សទេ សុទ្ធសឹងតែជារបស់ដែលពេញនិយមនៅក្នុងទីផ្សារងងឹតទូទាំងពិភពលោកទាំងអស់។ នៅក្នុងនោះដែរ តាមរបាយការណ៍មួយចំនួនបានរកឃើញថា មានមនុស្សមិនតិចនាក់ទេបានផ្លាស់ប្តូរសរីរាង្គកាយខាងក្នុងរបស់ខ្លួនឯង ជាពិសេសក្រលៀនដើម្បីដោះដូរនឹងទឹកប្រាក់មួយចំនួនធំដែលព្រមព្រៀងគ្នានឹងឈ្មួញកណ្តាល។ គួរឱ្យដឹងផងដែរថា អ្នកជំងឺជាច្រើននៅបណ្តាប្រទេសជាច្រើនជាពិសេសប្រទេសចិន ឥណ្ឌា និងប៉ាគីស្ថានដែលត្រូវការប្តូរក្រលៀនថ្មីត្រូវចំណាយវះកាត់ប្តូរដល់ទៅខ្ទង់ ២០ម៉ឺនដុល្លារ ក្នុងពេលដែលអ្នកធ្វើការលក់ក្រលៀន ឬបរិច្ចាគគ្រឿងក្នុងទទួលបានប្រាក់ត្រឹមតែខ្ទង់ជាង ៥ពាន់ដុល្លារតែប៉ុណ្ណោះពីឈ្មួញកណ្តាល។

អវយវៈ និងគ្រឿងក្នុងមនុស្ស

ការជួញដូរសត្វ និងសត្វព្រៃខុសច្បាប់

ការជួញដូរសត្វព្រៃ សត្វកម្រ សត្វដែលជិតផុតពូជ ឬផ្នែកដែលមានតម្លៃរបស់ពពួកសត្វផ្សេងៗជាអំពើខុសនឹងច្បាប់ តែនៅតែមានអ្នកលួចលាក់ទិញដូរនៅក្នុងទីផ្សារងងឹត។ ភាគច្រើនការទិញដូរមានដូចជាពពួកសត្វកម្រ សត្វដែលមានតម្លៃ រួមទាំងស្នែងសត្វ ចែកាច់ ខ្នាយ ភ្លុកដំរី រោមសត្វ ឆ្អឹងសត្វ ឈាមសត្វ ឬអវយវសត្វដែលអ្នកទិញយល់ថាមានតម្លៃខាងជំនួយសុខភាព និងសម្រាប់ជំនឿផ្សេងៗជាដើម។ ភាគច្រើនតម្លៃពពួកសត្វទាំងនោះមានតម្លៃថ្លៃណាស់ គឺខ្ទង់ចាប់ពីរយ ដល់ខ្ទង់ពាន់ដុល្លារក៏មានទៅតាមប្រភេទនីមួយៗ។

ការជួញដូរសត្វ និងសត្វព្រៃខុសច្បាប់

ផលិតផលគ្រឿងសម្អាង និងការវះកាត់កែសម្ផស្ស

ពពួកផលិតផលគ្រឿងសម្អាងមួយចំនួនដែលលក់នៅក្នុងទីផ្សារងងឹតខុសច្បាប់ គឺជាផលិតផលដែលមិនបានទទួលស្គាល់ពីមន្ទីរសុខាភិបាល មិនបានចុះបញ្ជីត្រឹមត្រូវ និងមិនមានម៉ាកសញ្ញាជាដើម ដែលមានដូចជា ថ្នាំចាក់ ទឹកសឺរ៉ូមបូថក់ (Botox) ក្រែមថែរក្សាសម្រស់ធ្វើឱ្យមុខក្មេង និងផលិតផលស៊ីលីកូនដទៃទៀត។ ស្ត្រីដែលទិញផលិតផលសម្រស់ក្នុងទីផ្សារងងឹតនេះភាគច្រើន ព្រោះតែឃើញវាមានតម្លៃថោកជាងទីផ្សារ ហើយក៏យកមកអនុវត្តដោយខ្លួនឯងនៅផ្ទះដោយគ្មានអ្នកជំនាញ តែវាធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពជាច្រើនដូចជា៖ បញ្ហាអាល្លែកហ្ស៊ី ប៉ះពាល់ដល់ជាលិកាស្បែក រួមទាំងឆ្លងមេរោគជាដើម ដែលធ្ងន់ធ្ងរអាចនឹងឈានទៅរកសេចក្តីស្លាប់ផងដែរ។

ផលិតផលគ្រឿងសម្អាង និងការវះកាត់កែសម្ផស្ស

ថ្នាំខុសច្បាប់ និងថ្នាំពេទ្យដែលមានសារធាតុញៀន

ការដែលមិនអាចទទួលបានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញទៅតាមតម្រូវការដែលចង់បាន ធ្វើឱ្យមនុស្សមួយចំនួនងាកទៅទៅថ្នាំខុសច្បាប់នៅក្នុងទីផ្សារងងឹត ដែលវាបានក្លាយទៅជាជំនួញដ៏កាក់កបមួយរបស់អ្នកជំនួញខុសច្បាប់។ នៅសហរដ្ឋអាមេរិកមានប្រជាជនប្រមាណជាជាង៥លាននាក់ និងប្រជាជនបណ្តាប្រទេសដទៃទៀតបានលួចលាក់ប្រើថ្នាំបំបាត់ការឈឺចាប់កម្រិតធ្ងន់ដែលមានសារធាតុគ្រឿងញៀន។ ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលថ្នាំបំបាត់ការឈឺចាប់ដូចជា Oxycodone និងថ្នាំបំបាត់ការឈឺចាប់ខ្លាំងៗដទៃទៀតនៅតែមានលក់នៅទីផ្សារងងឹតនោះ។ គួរឱ្យដឹងផងដែរថា ថ្នាំបំបាត់ការឈឺចាប់ទាំងនេះត្រូវបានហាមប្រាមនៅក្នុងបណ្តាប្រទេសជាច្រើនដោយសារតែវាមានផ្ទុកនូវសារធាតុគ្រឿងញៀនធ្វើឱ្យអ្នកប្រើញៀន និងអាចប៉ះបាល់ដល់អាយុជីវិតរបស់អ្នកបាន តែមានមនុស្សជាច្រើននៅតែត្រូវការវាដើម្បីព្យាបាលបញ្ហាឈឺចាប់នៅក្នុងរាងកាយមួយចំនួន។

ថ្នាំខុសច្បាប់ និងថ្នាំពេទ្យដែលមានសារធាតុញៀន

គ្រឿងសព្វាវុធ និងគ្រាប់បែក

ការជួញដូរពពួកគ្រឿងសព្វាវុធ ដូចជាកាំភ្លើង គ្រាប់បែក និងគ្រឿងគ្រោះថ្នាក់ដទៃទៀតគឺជាអំពើខុសនឹងច្បាប់ ឬនៅក្នុងប្រទេសដទៃទៀតប្រសិនជាចង់ប្រើទាល់តែមានលិខិតអនុញ្ញាតិ ដោយសារតែគេខ្លាចរបស់គ្រោះថ្នាក់ទាំងនោះធ្លាក់នៅក្នុងដៃឧក្រិដ្ឋជន ជនចាប់ជំរិត និងជនដែលបង្កភាពវឹកវរដល់ប្រទេសជាតិ ឬក្រុមប្រឆាំងនឹងរដ្ឋាភិបាលជាដើម។ ទោះជាយ៉ាងនេះក្តីរបស់ទាំងនេះនៅតែមានលួចលាក់ជួញដូរនៅក្នុងទីផ្សារងងឹតខុសច្បាប់ និងប្រទេសមួយចំនួនទៀតថែមទាំងអាចរកទិញនៅក្នុងគេហទំព័រអ៊ីនធេណេតដោយមានដឹកជញ្ជូនដល់ផ្ទះទៀតផង។

គ្រឿងសព្វាវុធ និងគ្រាប់បែក

មេជីវិតឈ្មោល

ការទិញដូរស៊ុត ឬមេជីវិតឈ្មោលបុរសត្រូវបានហាមឃាត់នៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសកាណាដាជាដើម ដោយសារតែបង្ការការខ្វះខាតមេជីវិតឈ្មោលបង្កបង្កើតនៅក្នុងប្រទេសមួយនេះ។ ទោះជាយ៉ាងនេះក្តី មេជីវិតឈ្មោលបានក្លាយទៅជាតម្រូវការគ្រប់ទីកន្លែង ហើយវាក៏មានតម្លៃថ្លៃផងដែរ ដោយមួយកូនដបតូចមានតម្លៃដល់ទៅជាង ២ពាន់ដុល្លារឯណោះ ដូច្នេះហើយវាបានប្រែក្លាយទៅជាអាជីកម្មនៅក្នុងទីផ្សារងងឹត។ តែការដែលទិញនៅក្នុងទីផ្សារខុសច្បាប់ដោយមិនមានអ្នកជំនាញច្បាស់លាស់ អាចប្រឈមនឹងជំងឺ ឬមេរោគមួយចំនួនបាន ជាពិសេសគ្មានការធានាចំពោះគុណភាព និងសុវត្ថិភាពទៀតផង តែវានៅតែជាតម្រូវការដ៏ពេញនិយមមួយដដែលនៅក្នុងទីផ្សារងងឹត។

មេជីវិតឈ្មោល

កម្មវិធីកំព្យូរទ័រខុសច្បាប់

កម្មវិធីកំព្យូរទ័រ និងកម្មវិធីកម្ចាត់មេរោគល្បីៗ រួមទាំងផលិតផលកំព្យូរទ័រដទៃដែលជាប់កម្មសិទ្ធិបញ្ញា និងមានតម្លៃថ្លៃ មានតម្រូវការច្រើនណាស់នៅក្នុងទីផ្សារងងឹតខុសច្បាប់។ ជាពិសេសនៅក្នុងប្រទេសចិនត្រូវបានគេដឹងថាមានទីផ្សារលួចចម្លងខុសច្បាប់ជាច្រើន មិនថាតែផលិតផលក្រុមហ៊ុនធំៗ ស៊ីឌី ឬកម្មវិធីកំព្យូរទ័រផ្សេងនោះទេ។ តាមរបាយការណ៍របស់ Business Software Alliances បានរាយការណ៍ថា ការលួចចម្លង និងលួចលាក់ផលិតផលកំព្យូរទ័រខុសច្បាប់ទាំងនោះបានធ្វើឱ្យមនុស្សប្រមាណជាង ២លាននាក់បាត់បង់ការងារធ្វើ និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិទូទាំងពិភពលោកប្រមាណជា ៤០០ពាន់លានដុល្លារឯណោះ។

កម្មវិធីកំព្យូរទ័រខុសច្បាប់

ការជួញដូរមនុស្ស

ការទិញដូរកូនក្រមុំដើម្បីយកមករៀបការ ស្ត្រីពេស្យា និងពលកម្មកុមារ ត្រូវបានគេដឹងថាមានការជួញដូរស្ទើរតែជារៀងរាល់ថ្ងៃនៅក្នុងទីផ្សារងងឹតសព្វថ្ងៃ។ ហើយការជួញដូរក្រុមមនុស្សអស់ទាំងនោះ ទទួលកម្រៃច្រើនណាស់ពីពួកក្រុមឧក្រិដ្ឋជន និងពួកជួញដូរទាំងនោះ ដែលក្នុងមួយឆ្នាំៗអាចរកបានដល់ទៅជាង ៣២ពាន់លានដុល្លាឯណោះ។ តាមរបាយការន៍រកឃើញថាមានមនុស្សជាង ២.៤លាននាក់ត្រូវបានគេទិញដូរ និងដឹកជញ្ជូនជារៀងរាល់ថ្ងៃ ហើយអ្នកដែលជួញដូរទាំងនោះទទួលបានកម្រៃយ៉ាងក្រាស់ក្រែលផងដែរ។

ការជួញដូរមនុស្ស

ប្រេងឆៅ

ការលួចលាក់ និងជួញដូរប្រេងឆៅជាអំពើខុសនឹងច្បាប់ តែនៅតែមានអ្នកដាក់លក់នៅក្នុងទីផ្សារងងឹតដដែលដោយសារតែបញ្ហាច្បាប់ដ៏តឹងរឹង និងការកាត់ពន្ធច្រើនពេកពីរដ្ឋាភិបាល។ នៅក្នុងនោះផងដែរ ក៏មានចោរពីទីផ្សារងងឹតលួចប្រេងពីបំពង់ផ្គត់ផ្គង់ប្រេងក្នុងប្រទេសមួយចំនួនផងដែរ ដើម្បីយកមកដាក់លក់នៅក្នុងតម្លៃមិនជាក់លាក់មួយធ្វើឱ្យខូចតម្លៃហាងឆេងប្រេងឆៅស្របច្បាប់ទៀតផង។ ការដាក់លក់ប្រេងឆៅនៅក្នុងទីផ្សារងងឹត ត្រូវបានគេដឹងថាមានតម្លៃថោកដល់ទៅជាងពាក់កណ្តាល នៅពេលដែលតម្លៃទីផ្សារប្រេងស្របច្បាប់កំពុងតែឡើងខ្ពស់៕

ប្រេងឆៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]