អ៊ុយក្រែន៖ នេះជាគ្រាដ៏គួរឱ្យតក់ស្លុតមួយ នៅពេលប៉ូលិសជាច្រើននាក់កំពុងឈរព័ទ្ធជុំវិញបុរសជនជាតិអ៊ុយក្រែនម្នាក់ ដែលកំពុងកាន់គ្រាប់បែកមិនទាន់ផ្ទុះនៅជាប់នឹងដៃ បន្ទាប់ពីផ្ទុះជម្លោះរហូតដល់មានការវាយតប់គ្នាជាមួយមិត្តភក្តិរបស់ខ្លួន។
ក្រោយផ្ទុះហិង្សារួច មិត្តភក្តិរបស់បុរសម្នាក់នេះ ដែលជាទាហានក្នុងកងទ័ពអ៊ុយក្រែន បានទាញគន្លឹះគ្រាប់បែកចេញ រួចហុចឱ្យគាត់កាន់ មុននឹងរត់ទៅបាត់។
ហេតុការណ៍នេះបានកើតឡើងក្នុងក្រុង Dnipro នៅប៉ែកនិរតីនៃតំបន់ Dnipropetrovsk Oblast ដែលស្ថិតក្រោមការត្រួតត្រារបស់អ៊ុយក្រែន។ អ្វីដែលគួរឱ្យហួសចិត្តនោះគឺ មិត្តភក្តិរបស់គាត់បានប្រាប់ថា “កាន់អានេះទៅ” ទើបគាត់លូកដៃទទួលដោយនឹកស្មានថាជាទូរសព្ទ។ ក្រោយយកមកកាន់ ទើបដឹងភ្លាមៗថាជាគ្រាប់បែក ដែលធ្វើឱ្យបះសក់ទាំងក្បាលត្រង៉ោលតែម្តង។
ទោះយ៉ាងណា គាត់បានចុចគន្លឹះជាប់កុំឱ្យផ្ទុះ ប៉ុន្តែរកកន្លែងសុវត្ថិភាពដើម្បីចោលមិនបាន ទើបស្រែកឱ្យគេជួយ។ ពេលនោះ អ្នកដើរកាត់តាមផ្លូវខំស្រូតមកជួយដែរ តែពេលឃើញគ្រាប់បែកក៏ភ័យក្រញ៉ាង រួចទូរសព្ទហៅប៉ូលិសមកអន្តរាគមន៍។
ប៉ូលិសដ៏ក្លាហានម្នាក់ក្នុងចំណោមប៉ូលិសច្រើននាក់ទៀត បានមកជួយរុំដៃនឹងស្កុតទាំងព្រលឹងចុងសក់ ខ្លាចក្រែងគាត់របូតដៃធ្វើឱ្យផ្ទុះស្លាប់ទាំងអស់គ្នា។ លុះដល់ប៉ូលិសជំនាញមកដល់កន្លែងកើតហេតុ ទើបដឹងភ្លាមៗថាវាជាគ្រាប់បែកក្លែងក្លាយដែលគ្មានជាតិផ្ទុះខាងក្នុងឡើយ។
ក្រោយមក បុរសទាហានដែលជាមិត្តភក្តិនោះ ត្រូវបានចាប់ខ្លួនក្នុងផ្ទះរបស់ខ្លួន និងអាចប្រឈមនឹងការជាប់គុករហូតដល់ ៧ ឆ្នាំ៕
សូមទស្សនាវីដេអូខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]