រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលទំពូង២ ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យរូបនោះបានផ្លោះរបស់ចូលផ្ទះលក់រថយន្ត បំណងលួចទ្រព្យសម្បត្តិ ព្រមទាំងវាយបំផ្លាញកញ្ចក់រថយន្តអស់ចំនួន៤គ្រឿងថែមទៀតផង ហេតុការណ៍នេះកើតឡើងនៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅឃ្លាំងលក់រថយន្ត យីហោ លឹម ស៊ុយអៀង ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។
ជនសង្ស័យខាងលើឈ្មោះ នឿន ណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិស្តៅ ឃុំព្រៃកណ្តៀង ស្រុកពាមរ៍ ខេត្តព្រៃវែង ដោយដកហូតបានញញួរ១ ដែលជនសង្ស័យយកទៅវាយបំផ្លាញកញ្ចក់រថយន្ត ចំណែករថយន្តខូចខាតមានចំនួន៤គ្រឿង ម៉ាក ឡិចស៊ិស៣គ្រឿង និងម៉ាកតូយូតាព្រុស មួយគ្រឿង ។
តាមសម្តីសមត្ថកិច្ចប៉ុស្តិ៍នគរបាលឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ គឺម្ចាស់ផ្ទះបានតេទូរស័ព្ទទៅប្តឹងសមត្ថកិច្ចថា មានជនសង្ស័យម្នាក់ផ្លោះរបងចូលក្នុងផ្ទះ ដោយទទួលបានដំណឹងបែបនេះ ពួកគាត់ក៏ដឹកនាំកម្លាំងចុះទៅដល់ផ្ទះកើតហេតុ និងស្រែកឱ្យជនសង្ស័យចេញមកក្រៅ ស្រាប់តែជនសង្ស័យរូបនោះភ័យពេក ឬមួយក៏ធ្វើជាបែកថ្នាក់នោះទេ ដោយបានយកញញួរ និងសោរទីប វាយបំផ្លាញកញ្ចក់រថយន្តស៊េរីទំនើបអស់៤គ្រឿង ទើបសមត្ថកិច្ចអន្តរាគមន៍ឃាត់ខ្លួនយកទៅសាកសួរតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនោះ សារភាពថា រូបគេពិតផ្លោះចូលផ្ទះលក់រថយន្តខាងលើ បំណងលួចទ្រព្យសម្បត្តិពិតប្រាកដ ហើយមុននឹងមកគឺបានប្រើគ្រឿងញៀនរួចហើយដែរ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ គឺបានឱ្យសមត្ថកិច្ចអប់រំណែនាំ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជួនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្ត ៕
ប្រភព៖ /kohsantepheapdaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]