ស្បែកជើងកូនក្រមុំ (Bridal Shoes) ត្រូវបានគេចាត់ទុកថា គឺជារបស់សំខាន់មួយ សម្រាប់កូនក្រមុំទាំងអស់គ្នា ហើយអាចមានសារៈសំខាន់ដូចទៅនឹងការជ្រើសរើសរកមើលរ៉ូបរ៉ូបអាពាហ៍ពិពាហ៍ដូច្នោះដែរ។

រូបតំណាង

ប្រសិនបើមិនមានស្បែកជើងផ្គូផ្គងឱ្យបានសាកសមជាមួយនឹងសម្លៀកបំពាក់កូនក្រមុំឱ្យស៊ីគ្នានៅក្នុងថ្ងៃរៀបការនោះទេ ទោះបីជាឈុតរៀបការរបស់អ្នកស្រស់ស្អាតខ្លាំងប៉ុណ្ណាក៏ហាក់ដូចជាមិនស៊ីគ្នាដែរ ព្រោះនៅពេលអ្នកពាក់ស្បែកជើងមិនត្រូវជើង ពេលពាក់ទៅអ្នកច្បាស់ជាឈឺជើង ឬដើរទាក់ជើងមិនខានដោយសារតែស្បែកជើងនោះ អាចថាបានម្យ៉ាងទៀតពិធីរៀបការរបស់អ្នកនឹងមិនចប់ទៅដោយរលូនទេ។

ដូច្នេះបើអ្នកគិតថា ការជ្រើសរើសស្បែកជើងសម្រាប់កូនក្រមុំគឺជារឿងងាយនោះ គួរងាកមកគិតម្តងទៀត ព្រោះរៀបការត្រូវចំណាយពេលយូរល្មមដែរទម្រាំងចប់កម្មវិធីនីមួយៗ។ បើនៅប្រទេសយើង កូនកម្លោះកូនក្រមុំត្រូវឈរទទួលភ្ញៀវរហូតតាំងពីក្បាលល្ងាចដល់យប់ផងក៏មាន។

រូបតំណាង

តទៅនេះយើងមកយល់ដឹងអំពីទិចនិកងាយៗចំនួន ៥ ដែលកូនក្រមុំជិតដល់ថ្ងៃរៀបការគួរគិតគូរជ្រើសរើសស្បែកជើងរបស់ខ្លួនឱ្យបានល្អប្រសើរ៖

១) ជ្រើសរើសពណ៌ និងការរចនាដែលត្រូវនឹងសម្លៀកបំពាក់អាពាហ៍ពិពាហ៍៖ ការជ្រើសរើសស្បែកជើងឱ្យសមគ្នាសម្រាប់រ៉ូបអាពាហ៍ពិពាហ៍គឺមានសារៈសំខាន់ណាស់។ ហើយនេះក៏ជាហេតុមួយដែលធ្វើឱ្យកូនក្រមុំជាច្រើន ត្រូវមានស្បែកជើងយ៉ាងហោចណាស់ ២ គូ ដើម្បីផ្លាស់ប្តូរឱ្យស៊ីគ្នាជាមួយសម្លៀកបំពាក់ និងរ៉ូបអាពាហ៍ពិពាហ៍ដែរ។ ប៉ុន្តែប្រសិនបើអ្នកជាកូនក្រមុំដែលមានប្រាក់តិចតួច ឬមិនចង់ទិញស្បែកជើងកូនក្រមុំច្រើនគូ អាចពាក់ត្រឹមតែមួយគូក៏បានដែរ ដោយជាស្បែកជើងមិនរើសជាមួយនឹងម៉ូតសម្លៀកបំពាក់។  

រូបតំណាង

២) ជ្រើសរើសស្បែកជើងកូនក្រមុំដែលមិនខ្ពស់ពេក៖ កែងជើងខ្ពស់អាចធ្វើឱ្យកូនក្រមុំមើលទៅស្រស់ស្អាត ប៉ុន្តែវាប្តូរមកវិញជាមួយនឹងការអស់កម្លាំង និងការឈឺជើងយ៉ាងខ្លាំង ដូច្នេះកម្ពស់នៃកែងរបស់ស្បែកជើងនេះ គឺមានសារៈសំខាន់សម្រាប់កូនក្រមុំដើម្បីថែទាំ។ អ្នកមិនអាចមើលតែទៅលើការរចនាសម្បកខាងក្រៅបានទេ តែត្រូវប្រាកដថាស្បែកជើងនេះក៏ស្រួលពាក់ផងដែរ ដោយអ្នកមិនចាំបាច់ត្រូវឈឺជើងពេលត្រូវឈរថតរូបជាមួយភ្ញៀវរហូតដល់ចុងបញ្ចប់នៃកម្មវិធី។ យកល្អអ្នកគួរកុំពាក់ស្បែកជើងកែងចោទដែលមានជើងខ្ពស់ពេល តែគួរ ផ្លាស់ប្តូរទៅជាស្បែកជើងដែលមានកែងជើងក្រាស់វិញទើបល្អ។

៣) ជ្រើសរើសកម្ពស់ឱ្យសមនឹងកូនកម្លោះ៖ នេះអាចជារឿងតូចតាចមែន តែកូនក្រមុំមិនអាចមើលរំលងបានទេ ប្រសិនបើកូនកម្លោះមានកម្ពស់ទាបជាងអ្នក ប្រហែលជាត្រូវជ្រើសរើសពាក់ស្បែកជើងកែងទាបល្មម ឬពាក់ស្បែកជើងដោយគ្មានកែង ដើម្បីឱ្យសមគ្នាជាមួយនឹងកូនកម្លោះរបស់អ្នក។ 

រូបតំណាង

៤) មើលផ្ទៃបាតរបស់ស្បែក ដើម្បីធានាថាពាក់ទៅស្រួល៖ ស្បែកជើងដ៏ល្អនឹងជួយដល់ការទ្រទម្ងន់ខ្លួន និងទប់ការរអិលជាដើម។ ដូច្នេះសូម្បីតែពេលទទួលភ្ញៀវតែមួយព្រឹក ឬទៅដល់ល្ងាច គួររកស្បែកជើងឱ្យសមសួន និងមានភាពទន់ល្មើយផងដែរ។ ឬអ្នកក៏អាចទៅកុម៉ង់កាត់ស្បែកជើងតាមចំណង់ចំណូលចិត្តរបស់អ្នកក៏បានដែរ បើសិនជាមានលទ្ធភាព។

៥) កុំទាន់ទិញ បើមិនទាន់ឃើញរូបរាងពិតរបស់ស្បែកជើង៖ ឥឡូវនេះការទិញតាមអ៊ីនធឺណេតគឺមានភាពងាយស្រួល ប៉ុន្តែមិនមែនជាមួយនឹងការទិញស្បែកជើងដែលអ្នកត្រូវពាក់វាពេញមួយថ្ងៃដូច្នេះនោះទេ មុនពេលធ្វើការទិញសូមចូលមើលគេហទំព័រដើម្បីពិនិត្យ ឬមើលស្បែកជើងដែលយើងចាប់អារម្មណ៍លើវេបសាយនោះជាមុនសិន។ បន្ទាប់មកជ្រើសរើសទៅកាន់ហាងពិតប្រាកដមុនពេលទិញវា។  

រូបតំណាង

សរុបមកវិញទាំងនេះ គឺជាគន្លឹះខ្លះៗនៅក្នុងការណែនាំកូនក្រមុំ ដើម្បីត្រៀមរៀបចំស្បែកជើងក្នុងថ្ងៃរៀបការទុកជាស្រេច ដូច្នេះអ្នកនឹងធ្វើឱ្យខ្លួនឯងមានទំនុកចិត្តខ្លាំងឡើង ហើយអាចឈរនៅក្បែរកូនកំលោះបានយ៉ាងងាយស្រួលពេញមួយចប់កម្មវិធីដោយគ្មានបញ្ហាឡើយក្នុងថ្ងៃពិសេសរបស់អ្នក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]