ហ្វ៊ីលីពីន៖ អ្នកស្រលាញ់ងប់ងល់នឹងម៉ូតូដែលមិនប៉ះពាល់ដល់បរិស្ថានមួយក្រុមក្នុងប្រទេសហ្វ៊ីលីពីន បានច្នៃបង្កើតម៉ូតូអេឡិចត្រូនិកថ្មីសន្លាងមួយគ្រឿង ដើម្បីបង្ហាញថាគេអាចយកឬស្សីមកច្នៃចេញជាអ្វីខ្លះ។ 

ម៉ូតូ Green Falcon មើលពីស្តាំ

ម៉ូតូដែលស្ថិតក្នុងប្រភេទធុនធំនេះត្រូវបានដាក់ឈ្មោះថា Green Falcon (ស្ទាំងបៃតង)។ ថ្វីបើវាមិនអាចបំបែកកំណត់ត្រាល្បឿនអ្វីបាន ប៉ុន្តែតួខ្លួនបំពាក់ឬស្សីស្រោបដោយម្រក្សណ៍ខ្មុកដែលមិនជ្រាបទឹករបស់វា ពិតជាមានភាពរឹងមាំបានយូរអង្វែង និងមើលទៅប្លែកភ្នែកខ្លាំងតែម្តង។ 

ម៉ូតូ Green Falcon មើលពីខាងលើបញ្ឆិតខាងឆ្វេង

វាជាស្នាដៃរបស់អ្នកច្នៃម៉ូត Christopher Paris Lacson ជាមួយក្រុមតូចមួយ ដែលប្រើម៉ាស៊ីនអគ្គិសនីកម្លាំង ៣.៣ គីឡូវ៉ាត់ និងអាគុយលីចូមតូចមួយដែលមានកម្លាំងភ្លើង ៤៨ វ៉ុល។ 

ម៉ូតូ Green Falcon មើលពីខាងមុខបញ្ឆិតខាងឆ្វេង

សមត្ថភាពម៉ាស៊ីនរបស់ម៉ូតូនេះអាចបើកក្នុងល្បឿនប្រមាណ ១១០ គីឡូម៉ែត្រ/ម៉ោង ប៉ុន្តែក្រុមដែលមានឈ្មោះថា Banatti នេះបានកែប្រដាងកង់ក្រោយ ដើម្បីទម្លាក់ល្បឿនហ៊្គែរមកត្រឹម ៦០ គីឡូម៉ែត្រ/ម៉ោងវិញដែលតម្រូវតាមច្បាប់នៅក្រុងម៉ានីល។ 

ម៉ូតូ Green Falcon មើលពីខាងមុខបញ្ឆិតខាងស្តាំ

គួរឱ្យដឹងថា មន្ទីរបរិស្ថាន និងធនធានធម្មជាតិហ្វ៊ីលីពីន កំពុងដាំឬស្សីចន្លោះពីឆ្នាំនេះរហូតដល់ ២០២០ លើផ្ទៃដីទំហំ ១៥,០០០ ហិចតា ដើម្បីគ្រប់គ្រងការបញ្ចេញឧស្ម័នកាបូនិក និងការពារការសឹករេចរិលនៃដី។ ដោយឃើញការផ្គត់ផ្គង់ឬស្សីដែលលើសពីតម្រូវការបានធ្លាក់ចុះ លោក Lacson ក៏សម្រេចចិត្តថាវាដល់ពេលអភិវឌ្ឍន៍ផលិតផល និងបច្ចេកទេសផលិតជាមួយឈើប្រភេទនេះហើយ។ 

ក្បាលរបស់ម៉ូតូ Green Falcon

លោកបានបន្តទៀតថា ការជិះម៉ូតូរាងប្លែកស្រដៀងទៅនឹងកណ្តូបនេះ ពិតជាមានអារម្មណ៍បែបធម្មជាតិ ដែលហាក់ដូចជាយើងកំពុងអោបវាដូច្នោះដែរ។ អ្វីដែលរឹតតែពិសេសទៀតនោះគឺ វាមានបំពាក់ឧបករណ៍បំពងសំឡេងម៉ាក JBL តូចមួយ ដែលអាចឱ្យអ្នកកម្សាន្តអារម្មណ៍នៅតាមផ្លូវយ៉ាងរំភើយ។ 

ម៉ូតូ Green Falcon បំពាក់ឧបករណ៍បំពងសំឡេង JBL

គួរបញ្ជាក់ថា ក្រុម Banatti សង្ឃឹមអាចផលិតបាន ១១១ គ្រឿងដើម្បីដាក់លក់លើទីផ្សារ នៅពេលទទួលការអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវថ្នល់។ ទោះយ៉ាងណា ម៉ូតូដែលមានរាងដូចម៉ូតូស្រមោចខ្មៅនេះ (ក្មេងៗជំនាន់ ១០-២០ ឆ្នាំមុនទើបស្គាល់) អាចនឹងត្រូវដាក់តម្លៃពិសេសដល់ទៅ ២១,០០០ ដុល្លារអាមេរិក ដែលជនជាតិហ្វ៊ីលីពីនផ្ទាល់ញញើតនឹងទិញ ដូច្នេះវានឹងត្រូវដាក់លក់លើទីផ្សារអន្តរជាតិប្រសិនបើវាក្លាយជាផលិតផលសម្រេច៕

តែម Banatti របស់ម៉ូតូ Green Falcon

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]