(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានតាមចាប់ខ្លួនក្រុមចោរឆក់ដែលធ្វើសកម្មភាពយ៉ាងសកម្ម នៅតាមដងមហាវិថីនៅក្នុងខណ្ឌពោធិ៍សែនជ័យ ចំនួន២នាក់ ព្រមទាំងដកហូតម៉ូតូដែលក្រុមជនសង្ស័យទាំងនេះ ជិះធ្វើសកម្មភាពបានចំនួន២គ្រឿង និងនៅសល់បក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ថា ប្រតិបត្តិការតាមបង្ក្រាបក្រុមចោរឆក់ទាំងនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនរួមមាន៖ទី១ឈ្មោះ ឈឹម សុខាវ ហៅអាខាវ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រកដ រស់នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ, ទី២ឈ្មោះ សុខ សារ៉ន ហៅអាជ្រឹង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ដកហូតម៉ូតូ២គ្រឿង១ ម៉ាកហុងដាឌ្រីម២០១៨ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HC-9576 និងម៉ាកស៊ុយសុគីស្មាស់វី ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CF-1295។

លោកអធិការរូបនេះ បានបន្តទៀតថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៨៖៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ សហការជាមួយកម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីលោក កុល បុន ព្រះរាជ្ញារង នៃអយ្យការអម្យសាលាដំបូងរាជធានីភ្នំពេញ កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យពីរនាក់ខាងលើ ដែលក្នុងចំណោមបក្ខពួកជាច្រើនផ្សេងទៀត កំពុងតែរត់គេចខ្លួន។

លោកអធិការរូបនេះ បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំងនេះ ធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេចចំនួន៤លើក នៅក្នុងខណ្ឌពោធិ៍សែនជ័យ នៅតាមដងមហាវិថីសាធារណៈ។

លើកទី១៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៦៖៣០នាទី នៅចំណុចផ្សារតាំងកសាងទៅផ្សារកណ្ដាលភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ឆក់បានទូរស័ព្ទចំនួន១ គ្រឿងម៉ាក អូប៉ូលក់បានចំនួន៦០ដុល្លារ

លើកទី២៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៨ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ឆក់បានទូរស័ព្ទម៉ាកអាយហ្វូនី លក់បានចំនួន១២០ដុល្លា

លើកទី៣៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៩ ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ឆក់ទូរស័ព្ទមិនបានសម្រេច

លើកទី៤៖ នៅថ្ងៃទី១៣ ខែសីហា នៅចំណុចរង្វងើមូលចោមចៅផ្លូវជាតិលេខ៣ ឆក់បានទូរស័ព្ទម៉ាក samsung លក់បាន៦០ដុល្លារ។

ក្រោយសួរនាំជនសង្ស័យទាំងពីរនាក់រួចមក រួមទាំងវត្ថុតាងជំនាញ នគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]