ខេត្តសៀមរាប ៖ ក្រុម​ចោរប្លន់​ជនជាតិ​ចិន​ប្រុស​ចំនួន​៣​នាក់ បាន​ជិះឡាន​១​គ្រឿងក្នុង​គោលបំណង​ទៅ​ប្លន់​អ្នក​ដូរ​លុយ និង​វេ​លុយ​វី​ង​នៅ​ស្រុក​ពួក​ទាំង​យប់ ខណៈ​កំពុង​រង់ចាំ​ម្ចាស់ផ្ទះ ដែល​ត្រឡប់​មក​ពី​លក់ដូរ​នៅ​ផ្សា​រលើ​ធំ​ថ្មី ក្នុង​ក្រុង​សៀមរាប ដែល​នាំ​គ្នា​ឈរ​នៅ​ក្រៅរបង ដល់​ពេល​ផ្ទះ​ម្ចាស់ (​ស្ត្រី​)​ត្រូវជា​ម្តាយមីង​មក​ដល់​ក៏​ចុះ​ពីលើ​រថយន្ត​បម្រុង​ចូល​ទៅ​បើកទ្វារផ្ទះ​។

ចំណែក​២​នាក់​ប្តី​ប្រពន្ធ និង​ក្មួយ​ស្រី​រង់ចាំ​នៅ​ក្នុង​រថយន្ត ខណៈ​ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ភ្ជង់​កាំភ្លើងខ្លី និង​ចាប់​ក្របួច​.​ក​អាវ​ម្តាយមីង​ជាប់ ហើយ​នាំ​ចូល​ទៅ​ក្នុងផ្ទះ​វាយ​ក្បាល​១​កាំភ្លើងខ្លី បណ្តាល​ឱ្យ​បែក​ឈាម​ហូរ​ពេញ​ខ្លួន រីឯ​ជនសង្ស័យ​២​នាក់​ទៀត​ក៏​ទៅ​វាយ​កញ្ចក់​រថយន្ត​ជន​រង​គ្រោះ​បំបែក ដើម្បី​យក​លុយ ។ ហេតុការណ៍​ចោរ​ជនជាតិ​ចិន​ទាំង​៣​នាក់ ចេញ​ប្លន់​នៅ​ក្នុង​ខេត្តសៀមរាប ជា​លើក​ទី​១​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា​នេះ​ថា ក្នុង​ប្រតិបត្តិការ​តាម​ប្រ​ម៉ា​ញ់​ករណី​រឿង​អំពើ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​អាវុធ​ខ្លី​) កើតឡើង​នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​អូរ​តា​ប្រាក់ ស្រុក​ពួក ខេត្តសៀមរាប ត្រូវ​បាន​សមត្ថកិច្ច​យើង​តាម​ចាប់​បាន​ទាំង​មនុស្ស និង​រថយន្ត រួច​យក​មក​សួរនាំ​នៅ​អធិការ ។ លោក​បាន​បញ្ជាក់​ថា តាម​ដំណើររឿង​នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ តៅ សុភា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ (​ម្តាយមីង​) ជា​អ្នក​ចុះ​បើក​ទ្វាររបង​បម្រុង​ចូល​ផ្ទះ ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​ចាប់​វាយ​ក្បាល និង​កាំភ្លើងខ្លី បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។

ចំណែក​២​នាក់​ប្តី​ប្រពន្ធ​ដែល​ត្រូវ​ចោរ​មាន​គោលបំណង​ប្លន់​យក​លុយ​នោះ​ដែល​ត្រូវជា​ក្មួយ​គឺ​ឈ្មោះ ជូ រចនា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ឌឹ​ម វិជ្ជា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​ប្តី​)​ជា​អ្នក​បើកឡាន រីឯ​កូនស្រី​តូច​ម្នាក់​នៅ​ក្នុង​ឡាន​ដែរ​នោះ​មានឈ្មោះ រក្សា អាយុ​១១​ឆ្នាំ ត្រូវជា​ក្មួយ​តៃកុង​ឡាន ជិះឡាន​ម៉ាក​កា​ម៉ា​រី ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AH- 9660 ។ លុះ​បើក​មក​ដល់​មុខ​របង​ផ្ទះ​ជន​រង​គ្រោះ​ទី​១- ឈ្មោះ តៅ សុភា បាន​អង្គុយ​ផ្នែក​ខាងក្រោយ​ម្នាក់ឯង ដើម្បី​ចុះ​ពី​ឡាន​បើកទ្វារ​របង​ចូល ស្រាប់តែ​ឃើញ​មាន​ក្រុម​ជនសង្ស័យ​មិន​ស្គាល់​មុខ មាន​ពាក់​ម៉ាស់​បិទមុខ​ជិត ភេទ​ប្រុស ចំនួន​៣ អាយុ​ប្រហែល​៣០​ឆ្នាំ​ជាង មាឌធំ​ខ្ពស់ ស្លៀកពាក់​ស៊ី​វិល មិន​ច្បាស់​ភិនភាគ បាន​ដើរ​ចេញពី​ដុប​ព្រៃ​ផ្នែក​ខាងកើត​អែប​ផ្លូវ​នោះ​ស​ម្តៅ​មក​ឡាន​គាត់ ភ្លាម​នោះ​មាន​ម្នាក់​ស្ទុះ​មក​វាយ​លើ​គាត់ ដោយ​វត្ថុ​រឹង​ចំ​ក្បាល បណ្តាល​ឱ្យ​គាត់​រង​របួស តែ​គេ​មិន​បាន​និយាយ​អ្វី​ទេ ហើយ​គាត់​លើកដៃ​ប្រ​វ៉ា​យ​ទៅ​មនុស្ស​នោះ​វិញ និង​បាន​ស្រែក​រក​អ្នក​ជិតខាង​ជួយ ។ ចំណែក​គ្នា​គេ​ម្នាក់​នាក់​ទៀត បាន​វាយ​បំបែក​កញ្ចក់​ឡាន​បែក​ផ្នែក​ខាងស្តាំ បណ្តាល​ឱ្យ​មុត​កូត​ស្បែក​កែងដៃ​ស្តាំ​ទៅ​លើ​ជន​រង​គ្រោះ​ទី​២ ឈ្មោះ ជូ រចនា ភេទ​ស្រី ដែល​អង្គុយ​ក្នុង​ឡាន​ផ្នែក​ខាង​មុខ បំណង​រក​ទ្រព្យសម្បត្តិ​មាន​តម្លៃ ដោយ​ជន​រង​គ្រោះ​បាន​ស្រែក​ខ្លាំង​ៗ ហើយ​ផ្អើល​អ្នក​ជិតខាង​ទើប​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​បាន​រត់គេច​ខ្លួន​ទៅ​ទិស​ខាងកើត​ឆ្លងស្ទឹង​បាត់​អស់​ទៅ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ កម្លាំង​យើង​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ត្រួតពិនិត្យ​ឃើញ​ឡាន​របស់​ជន​រង​គ្រោះ (​ធុន​ខាងលើ​) មាន​បែក​កញ្ចក់​ខាងស្តាំ និង​ឃើញ​មាន​វត្ថុ​តាង​ដូច​ជា គ្រាប់កាំភ្លើង​១​គ្រាប់ , បង់​កាំភ្លើង​១ មាន​៨​គ្រាប់ នៅ​ដី​ជិត​របង​ផ្ទះ​ជន​រង​គ្រោះ និង​ដំបង​ទីប​ដែក​១​មូល​ប្រវែង​៧៩​ស​.​ម នៅ​មាត់​ស្ទឹង​ខាងកើត​កន្លែង​កើតហេតុ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​យើង​រួម​ទាំង​ប្រជា​ការពារ និង​អាវុធហត្ថ​ស្រុក​ក៏​បាន​ធ្វើការ​រុករក​តាម​ក្រុម​ជនសង្ស័យ​ក្នុង​មូលដ្ឋាន​នោះ​បានឃើញ​មាន​គ្រាប់កាំភ្លើង​១​គ្រាប់​ទៀត នៅ​ផ្លូវ​បេតុង​ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក បន្ទាប់​មក​យើង​ឃើញ​មាន​ឡាន​១​គ្រឿង ពណ៌​ទឹកប្រាក់ សេរី​ឆ្នាំ​២០០៤ គ្មាន​ស្លាក​លេខ ក្នុង​ឡាន​នោះ​មាន​ដាក់​ម៉ូតូ​១​គ្រឿង​ទៀត ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ សេរី​ឆ្នាំ​២០១៦ ទុក​ចោល ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ចាក់សោ​ឡាន​ជាប់ ហើយ​កម្លាំង​យើង​ក៏​ស្ទូច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ពួក​សិន ។

លោក​បាន​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ឃើញ​រថយន្ត​របស់​ជនសង្ស័យ​រួច​មក យើង​បន្ត​តាម​រក​ជនសង្ស័យ​បន្ត​ទៀត​ដល់​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​រហូត​ម៉ោង​៤​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ទើប​កម្លាំង​យើង​បាន​ឃាត់​ជនសង្ស័យ​បាន​ម្នាក់ នៅ​ចំណុច​មុខ​សាលា​វិទ្យាល័យ​ពួក (​ឈ្មោះ​Le xiaosi ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន បន្ទាប់​មក​ឃាត់​បាន​ម្នាក់​ទៀត ឈ្មោះ Hu Ming chaa ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន និង​ជនសង្ស័យ​ទី​៣ ឃាត់​បាន​នៅ​ក្បែរ​វត្ត​ធម្ម​យុទ្ធ​ឈ្មោះ Lhang yong sheng ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន​ដែរ រួច​នាំ​យក​មក​សួរ​នៅ​អធិការ​ស្រុក ដើម្បី​រៀបចំ​កសាង​សំនុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ហើយ​រៀបចំ​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​៣​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

ក្រុម​ចោរប្លន់​ជនជាតិ​ចិន​
ករណីប្លន់
ករណីប្លន់
ជនរងគ្រោះ
ករណីប្លន់

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]