ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនជាតិ​ថៃ​ចំនួន​២​នាក់ ទៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​ពី​បទ​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨​នេះ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ដោយ​ទទួល​បាន​នូវ​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​ជំនាញ​ការិយាល័យ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​បាន​ចំនួន​០២​នាក់ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ជួញដូ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ។ លោក​បាន​ធ្វើ​សេចក្តីរាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ត្រី​បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ស្នើ​សុំ​គោល​ការ​អនុវត្តន៍ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោកស្រី ឆេ​ង ហាក់​ងិ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ខាងលើ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​១-​ឈ្មោះ ថៃ សំ​រាន (​ហៅ តា​ឡិ​ក​) ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិ​ថៃ ស្រុក​កំណើត​នៅ​ភូមិ​សា​ថន សង្កាត់​យ៉ា​ណា​វ៉ា ក្រុង​ប៉ា​ង​កក ២-​ឈ្មោះ ភី​ន​យ៉ៃ ធ​ប់​កែវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ថៃ ស្រុក​កំណើត​នៅ​ភូមិ ម​៣ ឃុំ​អារញ្ញ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ និង​រឹបអូស​បាន​វត្ថុ​តាង​រួម​មាន ៖ គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​០៣​ថង់​កិប ស្មើ​៣០៦.៤​ក្រាម ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង លិខិតឆ្លងដែន​ជនជាតិ​ថៃ​ឈ្មោះ ទេព​កា​សេ​ម គេ​ត្រា​ត ចំនួន​០១​ក្បាល កូនកាំបិត​បត់​ចំនួន​០១​ដើម ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន ។

បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន និង​សាកសួរ​ចម្លើយ​ជនសង្ស័យ (​ភី​ន​យ៉ៃ ធ​ប់​កែវ​) បាន​សារភាព​ថា ខ្លួន​បាន​ជួញដូរ​សារធាតុ​ញៀន​នេះ រយៈពេល​០៤​ខែ​មក​ហើយ ដោយ​ទិញ​ពី​ថៅកែ​ម្នាក់​តាម​រយៈ​តា​ឡិ​ក​ម្តង​០២​ទៅ ០៣​ថង់​កិប និង​តា​ឡិ​ក​ក៏​ជា​អ្នក​ជួយ​ចែកចាយ​បន្ត​ដែរ ។ ផ្អែក​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ហើយ​ដែរ ៕

ជនជាតិថៃ ជួយដូរគ្រឿងញៀន

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]