ចិន៖ ក្មេងប្រុសដ៏កំសត់ជនជាតិចិនម្នាក់ ត្រូវបានឪពុកចិត្តអប្រិយឥតធម៌មេត្តា ធ្វើទារុណកម្មដោយចាប់ចងដៃចងជើងជាប់នឹងគ្រែ ប្រៀបបីដូចសត្វធាតុ ទីបំផុតត្រូវបានជួយសង្គ្រោះ ខណៈរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ពិសេសអ្នកលេងបណ្តាញសង្គមនៅចិន។

យោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី១៤ សីហា ឆ្នាំ២០១៨ ម្សិលមិញនេះ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ដ៏គួរឲ្យអាណិតខាងលើនេះ ត្រូវបានឪពុកធ្វើទារុណកម្ម សម្រាតខោអាវអស់ពីខ្លួនទាំងអាក្រាតកាយ រួចថែមទាំងបានចាប់ចងដៃ ចងជើងជាប់នឹងគ្រែ ដោយមិនឲ្យចេញទៅណាបាន ស្ថិតក្នុងរូបភាពរំលោភបំពានលើកុមារយ៉ាងខ្លាំង។

រូបភាព៖ ក្មេងប្រុសរងគ្រោះ

បើទោះបីជាយ៉ាងណាក្តី រឿងរ៉ាវមួយនេះ ក៏ត្រូវបានលេចឮ និងឃើញផ្ទាល់ភ្នែកដោយអ្នកជិតខាង ដែលរស់នៅក្នុងភូមិ Zhaofan ខេត្ត Henan ជាមួយគ្នា ហើយក៏បានរាយការណ៍ដំណឹងនេះ ទៅកាន់ប៉ូលិសក្នុងតំបន់ ដើម្បីចុះមកជួយធ្វើអន្តរាគមន៍តែម្តង។

ប្រភពដដែលបន្តថា ក្រោយចុះទៅដល់ទីតាំងផ្ទះកើតហេតុ ប៉ូលិសពិតជាបានប្រទះឃើញក្មេងប្រុសរងគ្រោះ ជាប់ចំណងក្រោមស្នាដៃឪពុកចិត្តខ្មៅ ខណៈដែលក្មេងតូចៗចំនួន២នាក់ផ្សេងទៀត ដែលត្រូវបានគេស្គាល់ថា ជាបងប្អូនបង្កើតនឹងគ្នានោះ ក៏ស្ថិតក្នុងស្ថានភាពគ្មានសម្លៀកបំពាក់ ហើយអង្គុយនៅលើគ្រែជាប់គ្នានោះផងដែរ។

ក្នុងនោះ យ៉ាងហោចណាស់ខ្សែចំនួន ៧ខ្សែ ត្រូវបានឪពុកចិត្តខ្មៅ យកទៅចងលើកូនប្រុសខ្លួនឯង ត្រង់បរិវេណ ដៃ ក ភ្លៅ និងជង្គង់។ ប៉ុន្តែក្រោយការចុះជួយសង្គ្រោះ ប៉ូលិសក៏បានកាត់ខ្សែចំណងទាំងអស់នោះចេញ ដើម្បីដោះលែងក្មេងប្រុសរងគ្រោះ និងស្លៀកសម្លៀកបំពាក់ឲ្យគេវិញផងដែរ។

រូបភាព៖ ក្មេងប្រុសរងគ្រោះ

ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ត្រកូលថា Liu គឺជាក្មេងប្រុសកំសត់ម្នាក់ ដែលមានបញ្ហាផ្នែកបញ្ញាស្មារតី។

ស្រ្តីជាម្តាយឈ្មោះ Li បានចេញមុខអះអាងថា កូនប្រុសរបស់ខ្លួនកើតមានជំងឺសរសៃប្រសាទ (ឬជំងឺផ្លូវចិត្ត ដែលប៉ះពាល់ដល់ការគិតរបស់ខួរក្បាល) ខណៈដែលគ្រួសារពិតជាគ្មានជម្រើស ឬអស់លទ្ធភាពក្នុងការជួយមើលថែទាំទៅលើរូបគេ ទើបបានជាត្រូវឪពុករបស់គេ សម្រេចចិត្តចាប់ចងបែបនេះតែម្តងទៅ ដើម្បីកុំឲ្យគេអាចដើរចេញពីផ្ទះបាន ព្រោះកន្លងមក កូនប្រុសរបស់អ្នកស្រី ធ្លាប់រត់ចេញបាត់ពីផ្ទះ ៧ ទៅ ៨ថ្ងៃ ទើបត្រលប់មកវិញក៏មាន។

គួរឲ្យដឹងផងដែរថា បើទោះបីជាមានការពន្យល់ប្រាប់បែបនេះក្តី ប៉ូលិសក៏បានធ្វើការព្រមានដល់បុរសជាឪពុក ដែលបានប្រព្រឹត្តសកម្មភាពអាក្រក់បែបនេះ ទៅលើកូនប្រុសខ្លួនឯងផងដែរ។

បច្ចុប្បន្នក្មេងប្រុសរងគ្រោះ ត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្រោមការមើលថែទាំ ពីសំណាក់ជីដូនជីតារបស់គេ ហើយគេក៏ពុំបានរងរបួសអ្វីធ្ងន់ធ្ងរនោះដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

រូបភាព៖ ក្មេងប្រុសរងគ្រោះ
រូបភាព៖ ក្មេងប្រុសរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]