រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ៊ីដតខូ គ្រុប ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងក្រុមហ៊ុន Atelier Cole បានចុះកិច្ចព្រមព្រៀងមួយដើម្បីសិក្សាស្រាវជ្រាវពីលទ្ធភាពនៃការប្រើប្រាស់ដើមឫស្សី ដែលមាននៅក្នុងស្រុកយកមកធ្វើជាសម្ភារៈសម្រាប់ការសាងសង់បង្គោលអង់តែនទូរគមនាគមន៍។

ក្រោមកិច្ចព្រមព្រៀងនេះ Atelier Cole នឹងទទួលខុសត្រូវចំពោះការស្ថាបនារចនាសម្ព័ន្ធបង្គោលអង់តែនធ្វើពីដើមឫស្សីនេះ ក្រោយពីការសិក្សារបស់ក្រុមហ៊ុន អ៊ីដតខូ និង ITC ត្រូវបានបញ្ចប់។ ក្រុមហ៊ុន អ៊ីដតខូ មានមហិច្ឆតាចង់បង្កើតឲ្យមានបង្គោលអង់តែនទូរគមនាគមន៍ធ្វើពីឫស្សីដំបូងគេបង្អស់នៅប្រទេសកម្ពុជាឲ្យបានរួចរាល់ជាស្រេចសម្រាប់ការប្រើប្រាស់ ក្នុងគោលដៅពាណិជ្ជកម្មនៅត្រឹមចុងឆ្នាំ ២០១៨នេះ។

លោក Phillip Wong នាយកប្រចាំតំបន់ ផ្នែកពង្រីកទីផ្សារនៃក្រុមហ៊ុន edocto Group បានថ្លែងឲ្យដឹងថា៖

«ក្រុមហ៊ុន អ៊ីដតខូ តែងតែធ្វើពិសោធន៍ជាមួយសមា្ភរៈ និងផ្តល់ដំណោះស្រាយច្នៃប្រឌិតថ្មីដើម្បីដោះស្រាយបញ្ហាប្រឈម នៃឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ បង្គោលអង់តែនទូរស័ព្ទធ្វើពីដើមឫស្សី គឺជាការច្នៃប្រឌិតថ្មីចុងក្រោយបំផុត ដែលយើងផ្តើមគំនិតប្រើប្រាស់សម្បត្តិធម្មជាតិ ធនធានកកើតឡើងវិញក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន។ នៅពេលដែលអង់តែនទាំងនេះត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ធនធានធម្មជាតិ ការបញ្ចេញកាបូនក៏ត្រូវបានកាត់បន្ថយដែរ។ បង្គោលអង់តែនប្រភេទនេះដែលត្រូវបានសង់លើកដំបូងនៅក្នុងប្រទេសបង់ក្លាដែស បានបង្ហាញថា ការបញ្ចេញកាបូនទៅក្នុងបរិយាកាសត្រូវបានកាត់បន្ថយរហូតដល់ទៅជាង ៧០% ឯណោះក្នុងមួយបង្គោលអង់តែន។ បង្គោលអង់តែនទាំងនេះ មានទម្ងន់ស្រាលជាងបង្គោលអង់តែនធ្វើអំពីដែករហូតដល់ទៅ ៨៨% ឯណោះ ហើយមានភាពងាយស្រួលក្នុងការសាងសង់ និងកាត់បន្ថយទម្ងន់ផ្ទុកទៅលើអគារទៀតផង»។
«វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ជឿជាក់យ៉ាងមុតមាំថា ធនធានកកើតឡើងវិញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការច្នៃប្រឌិត និងបង្កើតនូវអ្វីថ្មីៗជាច្រើនទៀត ហើយយើងពិតជាមានសេចក្តីរីករាយឥតឧបមា ក្នុងការបានធ្វើជាដៃគូដ៏ល្អជាមួយក្រុមហ៊ុន អ៊ីដតខូ ចំពោះគម្រោងត្រួសត្រាយផ្លូវមួយនេះ ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ ប្រទេសរបស់យើងសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ហើយការប្រើប្រាស់ធនធានទាំងនេះដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ គឺជាវឌ្ឍនភាពថ្មីមួយទៀតរបស់កម្ពុជា នៃការប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួនប្រកបដោយចីរភាព»។

នេះជាការបញ្ជាក់របស់លោកសាស្ត្រាចារ្យ ជ្រា រ៉ាដា ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ការសិក្សាសង់បង្គោលអង់តែនពីដើមឫស្សី

យោងតាមការសិក្សាបានបង្ហាញថា ដើមឫស្សី ដែលមិនទាន់កែច្នៃមានសមត្ថភាពទ្រទម្ងន់បេតុងពេលធ្វើរន្ទា និងចាក់គ្រឹះ ដែលធ្វើឱ្យវាក្លាយជាសម្ភារៈចាំបាច់មួយសម្រាប់វិស័យសំណង់ទូរគមនាគមន៍។ 

វាអាចទប់ទល់នឹងកម្លាំងសន្ទុះខ្យល់បានដល់ទៅ ២១០គម/ម៉ និងមានអាយុកាលប្រមាណ ១០ ឆ្នាំ ប្រសិនជាមានការថែទាំបានត្រឹមត្រូវ។បង្គោលអង់តែនឫស្សីត្រូវចំណាយពេលប្រហែល ១២ ថ្ងៃដើម្បីសាងសង់ និងប្រើប្រាស់ថាមពលតិចដើម្បីផលិតបើប្រៀបធៀបទៅនឹងបង្គោលអង់តែនធ្វើពីដែក។ សំណង់នេះមានសមត្ថភាពអាចដាក់អង់តែនបានរហូតដល់ទៅ ៨ ក្នុងពេលតែមួយដោយអនុញ្ញាតិឱ្យបំពាក់នៅលើទីតាំងតែមួយបាន។

ក្រុមហ៊ុន អ៊ីដតខូ បានផ្គត់ផ្គង់បង្គោលអង់តែនទូរស័ព្ទច្នៃពីដើមឫស្សីដំបូងគេនៅលើពិភពលោកក្នុងទីក្រុងដាក្កាប្រទេសបង់ក្លាដែសកាលពីឆ្នាំ ២០១៧ ហើយចាប់តាំងពីពេលនោះមកក្រុមហ៊ុនបានដាក់ពង្រាយអង់តែនប្រភេទនេះបានចំនួនប្រាំបួនបន្ថែមទៀតខណៈដែលបង្គោលអង់តែនឫស្សីចំនួនប្រាំមួយផ្សេងទៀតកំពុងសាងសង់។

ក្រុមហ៊ុន អ៊ីដតខូ នៅតែបន្តជំរុញការប្តេជ្ញាចិត្តរបស់ខ្លួនឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងការកាត់បន្ថយផលប៉ះពាល់លើបរិស្ថានតាមរយៈការធ្វើភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដែលកំពុងមានការរីកចម្រើនខ្លាំងក្នុងគោលបំណងនាំយកបង្គោលអង់តែនទូរស័ព្ទ ច្នៃពីដើមឫស្សីនេះទៅកាន់ទីផ្សារជាច្រើនទៀតដែលក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការ៕

អំពីក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)

ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ជាក្រុមហ៊ុនឯករាជ្យមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ និងជាផ្នែកមួយនៃក្រុមហ៊ុន Axiata Group ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីដែលរួមមាន៖ ទូរស័ព្ទចល័ត ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ បណ្តាញ និង ក្រុមហ៊ុនអ៊ីនធឺណែតឌីជីថលជាច្រើនទៀត ដែលបាននឹងកំពុងបម្រើអតិថិជនប្រមាណ ២៩០ លាននាក់ នៅតាមបណ្តាប្រទេសចំនួន ១០ ក្នុងតំបន់។ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួន ហើយរហូតមកដល់ពេលបច្ចុប្បន្នក្រុមហ៊ុននេះគ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់លើបង្គោលអង់តែនជាង ២២០០ បង្គោលនៅទូទាំងប្រទេសកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]