អង្គុយរៀន ឬ ធ្វើការពុំទាន់បាន១ម៉ោងផង លោកអ្នក ស្រាប់តែមានអារម្មណ៍ថា ងងុយដេក អស់កម្លាំងកាយ និង ខួរក្បាល។ ជាការពិតណាស់ ការហត់នើយអស់កម្លាំង អាចជាបញ្ហារំខានទៅដល់ការរស់នៅប្រកបរបរ និង ការសិក្សាយ៉ាងខ្លាំង ពីព្រោះ របៀបនៃការរស់នៅក្នុងសតវត្សទី២១នេះ មានសន្ទុះលឿន និង ជាបែបបទមួយដ៏ថ្មីស្រលះ ដែលទាមទារឲ្យមនុស្សគ្រប់រូបស្វះស្វែង បំពេញតួនាទីរបស់គេរាល់នាទី ដើម្បីផលប្រយោជន៍ខ្លួនឯង និង អ្នកដទៃផងដែរ។

ដូច្នេះខាងក្រោមជាមូលហេតុទាំង ៤ យ៉ាង ដើម្បីបំបាត់ចោលនូវពាក្យថា “ហត់អស់កម្លាំង” ៖ 

១. កង្វះនៃការដេក

ជាការពិតមិនអាចប្រកែកបាន ការដេករបស់មនុស្សភាគច្រើន ជាពិសេសយុវវ័យ ដែលជាវ័យត្រូវការកម្លាំងកាយនិងខួរក្បាលខ្លាំងមែនទែន កាន់តែតិចៗទៅ បើទោះបីជារាងកាយត្រូវការដេកយ៉ាងតិចណាស់ ៧ ទៅ ៨ម៉ោងក៏ដោយ។

កត្តានៃការដេកមិនគ្រប់គ្រាន់នេះឯង ជាមូលហេតុមួយដែលធ្វើឲ្យទាំងកម្លាំងកាយ និងជាពិសេសកម្លាំងខួរក្បាលមានការធ្លាក់ចុះ។  ជាលទ្ធផលការគិតពិចារណា និង ភាពងងុយដេកនឹងក្លាយជាឧបសគ្គក្នុងការសម្រេចកាតព្វកិច្ចប្រចាំថ្ងៃ។

ដេកមិនគ្រប់គ្រាន់

២. កង្វះរបបអាហារ

របបអាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹមគ្រប់ប្រភេទ រាប់តាំងពីសារធាតុសរសៃ វីតាមីន សារធាតុរ៉ែ និងជាតិទឹកឲ្យបានគ្រប់គ្រាន់ សុទ្ធតែជាតម្រូវការពុំអាចខ្វះបានឡើយនៃរាងកាយដើម្បីមានកម្លាំងពេញមួយថ្ងៃ។

ដូច្នេះវាជាការចាំបាច់ណាស់ដែលក្នុងមួយថ្ងៃ យើងត្រូវរួមបញ្ចូលនូវរបបអាហារទាំង៤ប្រភេទ៖ ផ្លែឈើ បន្លែ ប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ

ក. ផ្លែឈើ ល្អសម្រាប់បំពេញនូវកម្លាំងមានដូចជា ផ្លែក្រូច ផ្លែម្នាស់ ផ្លែល្ហុង ផ្លែចេក ផ្លែផាស៊ិន និងផ្លែប៉ោមជាដើម។

ខ. បន្លែ ល្អសម្រាប់បំពេញនូវកម្លាំងមានដូចជា ស្ពៃខាត់ណា ដំឡូង សណ្តែកសៀង ស្ពៃខ្មៅ ជាដើម។

គ. ប្រូតេរអ៊ីន មិនត្រឹមតែជាអាហារសាងសង់នោះទេ វាថែមទាំងជាអាហារថាមពលទៀតផងមានដូចជា ស៊ុត សាច់ជ្រូក គោ ត្រី ជាដើម។

ឃ. គ្រាប់ធញ្ញជាតិ មានដូចជា សណ្តែកដី ពោត គ្រាប់ស្វាយចន្ទី គ្រាប់អាល់ម៉ន់ និង គ្រាប់ធញ្ញជាតិវ៉ល់ណាត់ជាដើម។ 

របបអាហារខ្វះជិវជាតិ

៣. កង្វះនៃការហាត់ប្រាណ

អ្នកដឹងទេថា បើទោះបីជាការហាត់ប្រាណចំណាយនូវកម្លាំងថាមពលពិតមែន ប៉ុន្តែ ជាលទ្ធផល វាជួយកំចាត់ចោលនូវជាតិពុលពីខួរក្បាលនិងរាងកាយ ដែលនាំមកវិញនូវអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងពេញមួយថ្ងៃ។

ទម្រង់នៃការហាត់ប្រាណមានដូចជា ការដើរ ការរត់ ឬ ការហែលទឹក និង កីឡា សុទ្ធតែល្អសម្រាប់អារម្មណ៍ ស្មារតី និងកម្លាំង។ ហើយពេលវេលាដែលល្អសម្រាប់ការហាត់ប្រាណគឺពេលព្រឹកព្រលឹម និងពេលល្ងាចក្រោយពីបញ្ចប់កិច្ចការប្រចាំថ្ងៃរួច។ 

ការហាត់ប្រាណ

៤. បញ្ហាស្ត្រេស

ការប្រកបរបរប្រចាំថ្ងៃ ការសិក្សារៀនសូត្រ វិបត្តិសេដ្ឋកិច្ច ទំនាស់ ការងារ សុទ្ធតែជាកត្តាជំរុញឲ្យមាននូវបញ្ហាស្ត្រេសយ៉ាងខ្លាំង។ បន្តិចម្តងៗ ស្ត្រេសមិនត្រឹមតែអាចប៉ះពាល់ទៅដល់សរីរាង្គរបស់យើងនោះទេ  វាថែមទាំងអាចធ្វើឲ្យឆាប់ឈឺក្បាល វិលមុខ អស់កម្លាំង ល្ហិតល្ហៃ និងជាពិសេសវាជាឧបសគ្គក្នុងការសម្រេចគោលដៅប្រចាំថ្ងៃឲ្យបានជោគជ័យទៀតផង។

ដូច្នេះការសម្រាកពីការងារនិងការសិក្សា ដើម្បីលំហែកាយ និងខួរក្បាលពីបញ្ហាដ៏ស្មុគស្មាញក្នុងជីវីត ជាកត្តាមួយដ៏សំខាន់ខ្លាំង ដើម្បីរក្សាកម្លាំងកាយ និងខួរក្បាលឲ្យនៅតែខ្លាំង៕

ស្ត្រេស គិតច្រើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]