ជប៉ុន៖ ការដែលបានស្លៀកសម្លៀកបំពាក់កូនកម្លោះ កូនក្រមុំ ហើយបានកាន់ដៃមនុស្សដែលខ្លួនស្រលាញ់ ចូលពិធីរៀបការជាមួយគ្នា គឺជាក្តីសុខដ៏ធំធេងមួយក្នុងជីវិតឯកជនរបស់មនុស្សម្នាក់ៗ។ 

រូបតំណាង

ប៉ុន្តែក៏មានមនុស្សប្រុសស្រី នៅក្នុងពិភពលោកនេះមិនតិចនាក់ដែរ ដែលបានសម្រេចចិត្តរួមរស់នៅជាមួយគ្នា ដោយចុះអេតាស៊ីវិលយកតែម្តង មិនបានរៀបចំចាត់ចែងធ្វើពិធីរៀបមង្គលការអ្វីនោះទេ។

ជាក់ស្តែងបុរសស្រី្តជាច្រើននាក់នៅក្នុងប្រទេសជប៉ុន បានសម្រេចចិត្តថារស់នៅជាមួយគ្នាជាប្តីប្រពន្ធ ដោយគ្មានពិធីមង្គលការឡើយនៅក្នុងជីវិតរបស់ពួកគេ។ ក្នុងនោះគេសង្កេតឃើញមនុស្សដែលមានអាយុចន្លោះប្រហែលពី ២០-៣០ ឆ្នាំ ដែលបានចុះអេតាស៊ីវិលរួចរាល់ហើយ ដោយមិនបានរៀបការ ហើយក៏គ្មានគម្រោងគិតថាចង់រៀបការដែរ។

តទៅនេះយើងមកមើលហេតុផលទាំងអស់គ្នាដូចខាងក្រោមនេះ៖

ដោយហេតុផលធំសំខាន់បំផុតទី ១ របស់ជនជាតិជប៉ុនភាគច្រើន ដែលមិនរៀបការជាមួយគ្នានោះគឺ៖ «លុយ» មានដល់ទៅ (២១.៨%) ដែលជនជាតិជប៉ុនគិតថា ការរៀបការគឺត្រូវចំណាយប្រាក់ច្រើន សុខចិត្តយកលុយនេះទៅប្រើការជាប្រយោជន៍អ្វីផ្សេងច្រើនជាង។ ម្យ៉ាងទៀតពួកគេក៏គិតថា ការរៀបការគឺត្រូវប្រើពេលវេលាយូរនៅក្នុងការរៀបចំ និងត្រូវជួបរឿងឈឺក្បាលនានារាប់មិនអស់។

ហេតុផលទី ២ បន្ទាប់មកទៀតគឺពួកគេ «មិនចូលចិត្តពិធីធំដុំ» មាន (១៩.៦%) ពួកគេគិតថាពិធីរៀបការជាពិធីមួយ ដែលពោរពេញទៅដោយភាពស្មុគស្មាញ និងមានច្រើនដំណាក់កាល ហើយអ្នកខ្លះទៀតក៏មិនចូលចិត្តការដែលមានមនុស្សច្រើនអ៊ូអរ និងការតាមសម្លឹងមើលដោយខ្សែភ្នែកមនុស្សជាច្រើននាក់មកលើខ្លួនជាដើម។

បន្តមកហេតុផលទី ៣ គឺ «មានផ្ទៃពោះមុនរៀបការ» (១៩%) ហេតុផលរបស់មនុស្សក្រុមនេះគឺ កំពុងមានកូនក្នុងផ្ទៃ គ្មានពេលទំនេរទេ ដោយចង់យកលុយដែលត្រូវចំណាយពេលរៀបការទៅទុកប្រើប្រាស់លើការចំណាយពេលសម្រាលកូនវិញល្អប្រសើរជាង។  

រូបតំណាង

បន្ថែមពីលើនេះដែរ នៅពេលសួរបន្តទៀតថា បើមិនបានរៀបការហើយ តើចង់ធ្វើរឿងអ្វីដើម្បីជំនួសឱ្យការរៀបការ? ចម្លើយដែលបានទទួលច្រើនបំផុតនោះគឺ៖

- ទិញចិញ្ចៀនរៀបការ (៦៥.៥%)

- រៀបចំពិធីជប់លៀងញ៉ាំអាហារជាមួយនឹងមនុស្សជិតស្និទ្ធ (៦១.៧%)

- ផ្សព្វផ្សាយរឿងរៀបការតាមបណ្តាញសង្គមដូចជាលើ ហ្វេសប៊ុក Line ជាដើម (៥២.៨%)

- ជូនដំណឹងរៀបការតាមអ៊ីម៉ែល (៥០.៩%)

- ជូនដំណឹងរៀបការតាម Post Card ឬ ប័ណ្ឌជូនពរពេលឆ្នាំថ្មីជាដើម (២៦.៣%) ។

រូបតំណាង

ចំណែកឯរឿងដែលចង់យកលុយរៀបការ ទៅចំណាយធ្វើអ្វីផ្សេងទៀតនោះគឺចម្លើយចេះមកមានដូចជា៖

១) យកទៅ «ក្រេបទឹកឃ្មុំ» (២០.៨%)

២) យកទៅ «សន្សំ» (១៨.៨%)

៣) យកទៅ «ទុកសម្រាប់ចិញ្ចឹមកូន» (១៥.៦%)

៤) យកទៅ «ទុកសម្រាប់ទិញផ្ទះថ្មី (១១.៥%)

៥) យកទៅ «ទុកកសាងខ្លួនពេលមានគ្រួសារ» (១១.៥%)

៦) យកទៅ «ចំណាយចាយវាយក្នុងជីវិតប្រចាំថ្ងៃ» (១០.៤%) ។

គួរបញ្ជាក់ផងដែរថា ទាំងនេះគឺជាការគិតសម្រាប់ជនជាតិជប៉ុនប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកមកមើលពីបរិបទនៅក្នុងប្រទេសកម្ពុជាយើងវិញ ការអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ចាំបាច់បំផុតក្នុងស្រទាប់យុវជនខ្មែរ ព្រោះដើម្បីរក្សាកិត្តិយសនៅក្នុងសង្គម ក៏ដូចជាថែរក្សាប្រពៃណីរបស់ប្រទេសជាតិខ្លួនឯងផងដែរ។

ជាក់ស្តែងណាស់ ប្រទេសនីមួយៗសុទ្ធតែមានប្រពៃណីទំនៀមទម្លាប់របស់ខ្លួនដាច់ដោយឡែកពីគ្នា និងមិនអាចយកទៅប្រៀបផ្ទឹមជាមួយគ្នាបានទេ ដោយប្រពៃណី និងទំនៀមទម្លាប់ទាំងនោះ គឺសុទ្ធតែមានគុណវិបត្តិ និងគុណសម្បត្តិរៀងៗខ្លួន៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]