ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ បាន​រៀបចំ​ធ្វើ​សន្និសីទ​ព័ត៌មាន​បង្ហាញមុខ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៧​នាក់ ដែល​ប្រកប​មុខរបរ​ផ្លូវភេទ​ឆ្លង​ដែន មុន​នឹង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ។

លោក​វរសេនីយ៍ឯក ស៊ុត សំ​អុ​ន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្តន៍​ទៅ​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ក៏​ដូច​ជា​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​លោក យន្ត មីន អភិ​បាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដែល​កន្លង​មក​លោក​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ថា មិន​បណ្តែតបណ្តោយ​ឲ្យ​ជន​ជាតិ​បរទេស​ទាំងឡាយ​ណា​មក​ធ្វើ​ជា​ស្តេចត្រាញ់​ល្មើសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ជា​ដាច់ខាត ។

ជាក់ស្តែង នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ កន្លង​មកនេះ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​ហាង​ម៉ាស្សា​ជនជាតិ​ចិន​ដែល​បង្កប់​បទល្មើស​ប្រព្រឹត្តិ​សច្ចា​រកម្ម (​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​) មួយ​ករណី នៅ​ចំណុច​ហាង​ម៉ាស្សា​មួយ​កន្លែង​យីហោ​«​ប៉ាយ​ជី​ង​ហាន់​កុង​» ស្ថិត​នៅ​ក្រុម​ទី​០៨ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ដោយ​មានការ​ដឹកនាំ និង​សម្របសម្រួល​ពី​លោក កៀង សុន្ទរោ ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​២៩​នាក់ (​ប្រុស​១៥​នាក់​, ស្រី​១៤​នាក់ ) ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ខាងលើ​នគរបាល​ជំនាញ​បាន​ធ្វើការ​សាកសួរ​បំភ្លឺ​ឲ្យ​ដឹង​ថា នារី​ចំនួន​ទាំង​១៤​នាក់​ប្រកប​មុខរបរ​ផ្លូវភេទ រីឯ​ភ្ញៀវ​ដែល​មក​រក​សេវាកម្ម ផ្លូវភេទ​នេះ​មាន​ចំនួន​៨​នាក់ និង​អ្នក​ដែល​ពាក់ព័ន្ធ​ប្រព្រឹត្តិ​បទល្មើស​សច្ចា​រកម្ម (​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់ ) មាន​ចំនួន​៧​នាក់​រួម​មាន ទី​១-​ឈ្មោះ CHEN ZHIMIN ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខ ED៤៧៤៧៩៣១ ស្នាក់​នៅ​ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​ថៅកែ​), ទី​២-​ឈ្មោះ WU XIANGYUN ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខ ED៣៨៥៨៥៣១ ស្នាក់​នៅ​ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នក​គិតលុយ​), ទី​៣-​ឈ្មោះ XU FEI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខ ED៥៨៥៨២៧៣ ស្នាក់​នៅ​ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នកគ្រប់គ្រង​នារី​នៅ​ជាន់​លើ​), ទី​៤-​ឈ្មោះ ZHUANG FEI YUN ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខ ED៨៩១៣២៧១ ស្នាក់​នៅ​ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នក​បើកឡាន​ជូន​ភ្ញៀវ​), ទី​៥-​ឈ្មោះ CHEN GANG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នកទិញ​ឥ​វ៉ា​ន់​), ទី​៦-​ឈ្មោះ ZHANG BING ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខ G៥៩៣៨៧៥១៩ ស្នាក់​នៅ​ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នក​ចែក​ខិតប័ណ្ណ​) និង​ទី​៧-​ឈ្មោះ SHI YOUDAN ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខ ED៦៦៧០០៥៨ ស្នាក់​នៅ​ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នក​ចែក​ខិតប័ណ្ណ​) ។

វត្ថុ​តាង​ចាប់ដក​ហូត​យក​បាន​រួម​មាន​ស្រោមអនាម័យ​ប្រើប្រាស់​រួច និង​ស្រោមអនាម័យ​មិន​ទាន់​ប្រើប្រាស់ មួយ​ចំនួន​ធំ​, នាមប័ណ្ណ​ហាង​ម៉ាស្សា​១០​ប្រអប់​, វិក្កយបត្រ​, ឧបករណ៍​ជំនួយ​ក្នុង​ការ​រួម​ភេទ​, ទូរស័ព្ទ​ដៃ​១៣​គ្រឿង រួម​ទាំង​វត្ថុ​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​អា​ជី​កម្ម​ផ្លូវភេទ​នេះ ។

លោក​វរសេនីយ៍ឯក ស៊ុត សំ​អុ​ន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំពោះ​ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ​នេះ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​បាន​កសាង​សំណុំ​រៀង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​នា​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ ។

ដោយឡែក​ស្ត្រីជន​ជាតិចិន​ដែល​ប្រកប​របរ​ផ្លូវភេទ​ចំនួន​១៤​នាក់​ដែល​បាន​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ និង​អប់រំ​ឱ្យ​ត្រឡប់​ទៅ​វិញ ។ លោកនាយ​ការិយាល័យ​ខាងលើ​បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​ឆ្លង​ដែន​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ ៕

ករណីរកស៊ីផ្លូវភេទ
ករណីរកស៊ីផ្លូវភេទ
ករណីរកស៊ីផ្លូវភេទ

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]